អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អូទ្រីស​និង​អ៊ីតាលី​ជ្រួលច្រាល​ចង់​ចេញពី​សហភាព​អឺរ៉ុប​និង​តំបន់​ចាយលុយ​អឺរ៉ូ
04, Jul 2015 , 10:00 am        
រូបភាព
ប្រជាជន​អូទ្រីស​ជាង២សែន​នាក់ បាន​ចុះហត្ថលេខា​លើ​ញត្តិ​ស្នើសុំ​ឲ្យ​មានការ​រៀបចំ​ប្រជាមតិ​មួយ​ដើម្បី​កំណត់​ពី​ជោគវាសនា​ប្រទេស​នេះ ថា​គួរ​បន្ត​ស្ថិតនៅ​ជា​រដ្ឋ​សហភាព​អឺរ៉ុប​ទៀត ឬ អត់។ ញត្តិ​ប្រជាជន​អូទ្រីស​នេះ បង្ខំ​ឲ្យ​សមាជិកសភា​យកមក​ជ​ជែក​ដេញដោល​គ្នា។ គេ​រំពឹងថា​ប្រជាជន​អូទ្រីស​ច្រើន​ទៀត នឹង​គាំទ្រ​ញត្តិ​នេះ​ដោយសារ​វិបត្តិ​បំណុល​ក្រិ​ក​បច្ចុប្បន្ន។ ក្រៅពី​អូទ្រីស ដែល​ចង់​ចេញពី​សហភាព​អឺរ៉ុប អ៊ីតាលី​ក៏​កំពុង​ចង់​ដើរ​ចេញពី​ក្រុម​រដ្ឋ​ចាយលុយ​អឺរ៉ូ​ដូចគ្នា។



ប្រជាជន​អូទ្រីស​ស្រាប់តែ​ជ្រួលច្រាល​ចង់​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ខ្លួន ចាក​ចេញពី​សហភាព​អឺរ៉ុប​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ។ ប្រជាជន​ប្រហែល២៦ម៉ឺន​នាក់ បាននាំគ្នា​បំពេញ និង​ចុះហត្ថលេខា​លើ​ញ្ញ​តិ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ខ្លួន ចាក​ចេញពី​សហភាព​អឺរ៉ុប ដោយ​រៀបចំ​ប្រជាមតិ​មួយពេល​ខាង​មុខ​ផង។ ចំនួន​អ្នកចូលរួម​គាំទ្រ​ញត្តិ​នេះ ស្មើនឹង ៤.១២នៃ​ចំនួន​ប្រជាជន​គ្រប់​អាយុ​បោះឆ្នោត។ សភា​អូទ្រីស ប្រហែល​ត្រូវ​បើក​កិច្ចប្រជុំ​ដើម្បី​ជជែក​ពិភាក្សាគ្នា​លើ​បញ្ហា​នេះ ព្រោះ​តាមច្បាប់ ញត្តិ​ដែលមាន​ការគាំទ្រ​ដោយ​ប្រជាជន១សែន​នាក់ ល្មម​អាច​តម្រូវ​ឲ្យ​សភា​បើក​កិច្ច​ពិភាក្សាបាន​ហើយ។

មេដឹកនាំ​ចលនា​នេះ គឺ​អ្នកបកប្រែ​ចូលនិវត្តន៍​មាន​វ័យ៦៦ឆ្នាំ លោកស្រី Inge Rauscher។ លោកស្រី​បាន​ដឹកនាំ​ប្រជាជន​អូទ្រីស ដោយ​ទាមទារ​ឲ្យ​មានការ​ពិភាក្សា​លើ​គម្រោង​ចាក​ចេញពី​សហភាព​អឺរ៉ុប​ម្តង​ហើយ កាលពី​ឆ្នាំ ២០០០ ប៉ុន្តែ​បរាជ័យ។ លោកស្រី​បាន​បញ្ជាក់ថា ចំនួន​អ្នកគាំទ្រ​ចលនា​របស់​លោកស្រី នឹង​កើនឡើង​ថែមទៀត​នៅពេល​ខាងមុខ ព្រោះ​វិបត្តិ​បំណុល​នៅ​ក្រិ​ក បានធ្វើ​ឲ្យ​ប្រជាជន​គ្រប់គ្នា​បា​ម្ភ​ពី​ជោគវាសនា​ប្រទេសជាតិ។

ក្រៅពី​បញ្ហា​ញត្តិ​នៅ​អូទ្រីស មេដឹកនាំ​អ៊ីតាលី​ឯណោះ​វិញ​ក៏បាន​ប្រឹងប្រែង​ឃោសនា​ឲ្យ​ប្រជាជន​អ៊ីតាលី ចូលរួម​ចលនា​ទាមទារ​ចាកចេញ​ពី​តំបន់​ចាយលុយ​អឺរ៉ូ​ ដែរ។ ចលនា​នេះ​ដឹកនាំ​ដោយ​លោក Beppe Grillo ដែលជា​សកម្មជន​នយោបាយ ហើយ​លោក​រកបាន​អ្នកគាំទ្រ​ជាង២សែន​នាក់​រួចទៅហើយ។ ញត្តិ​ទាំងនោះ​ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​ព្រឹទ្ធសភា កាលពីដើម​ខែមិថុនា​ដើម្បី​ពិភាក្សា។ បើតាម​ការទាមទារ​រ​បស់​ចលនា​នេះ ប្រជាមតិ​ត្រូវតែ​ធ្វើឡើង​នៅ​ចុងឆ្នាំ ២០១៥ ឬ​ត្រឹម​ដើមឆ្នាំ២០១៦ ហើយ​ប្រជាជន​អ៊ីតាលី​អាចមាន​លទ្ធភាព​បោះឆ្នោត ថា​តើ​បន្ត​គួរ​នៅក្នុង​តំបន់​ចាយលុយ​អឺរ៉ូ​ទៀត​ឬក៏​អត់។

អ៊ីតាលី​ចង់​ចាក​ចេញពី​តំបន់​ចាយលុយ​អឺរ៉ូ​នេះ មិន​ខុសពី​រដ្ឋ​អឺរ៉ុប​ផ្សេងទៀត​ទេ គឺ​ដោយសារតែ​វិបត្តិ​បំណុល​ដែល​កើតឡើង​នៅក្នុង​ប្រទេស​ក្រិ​ក​កន្លងមក​ដែរ។ យ៉ាងណាក៏ដោយ ប្រជាជន​អ៊ីតាលី​គ្មាន​បំណង​ចាក​ចេញពី​សហភាព​អឺរ៉ុប​ឡើយ តែត្រឹម​ចង់​ចាក​ចេញពី​តំបន់​ចាយលុយ​អឺរ៉ូ​ប៉ុណ្ណោះ។

យ៉ាងណាមិញ គេឃើញ​រឿងរ៉ាវស្មុគស្មាញផ្សេងទៀត។ នោះគឺ​ចេតនា​ចង់​ចាក​ពី​សហភាព​អឺរ៉ុប​របស់​ចក្រភព​អង់គ្លេស។ ការត្រៀមធ្វើ​ប្រជាមតិ​នៅ​អង់គ្លេស​ឃើញ​កាន់តែច្បាស់​ក្រោយពេល​នាយករដ្ឋមន្ត្រី ដេវីដ ខេ​មេ​រ៉ូ​ន ឡើងកាន់តំណែង​ជាថ្មីទៀត ក្រោយ​ការបោះឆ្នោត​កាលពី​ខែឧសភា​កន្លងមក។ អង់គ្លេស​មាន​ចេតនា​ចង់​ដើរ​ចេញពី​ប្លុក​សហភាព​អឺរ៉ុប ដោយសារ​បញ្ហា​ប្រឈម​មួយចំនួន ហើយ​នាយករដ្ឋមន្ត្រី​អង់គ្លេស​ខាងលើ​បាន​សន្យាថា លោក​នឹង​រៀបចំ​ប្រជាមតិ​នៅ​ដើមឆ្នាំ២០១៦ បើ​លោក​ជាប់ឆ្នោត​ជាថ្មីទៀត៕


© រក្សាសិទ្ធិដោយ thmeythmey.com