ជាតិ
កាណាដា នឹង​បង្កើត​ស្ថានទូត​ប្រចាំ​ប្រទេស​កម្ពុជា​នៅក្នុង​ឆ្នាំ២០១៥នេះ
04, Jul 2015 , 10:05 am        
រូបភាព
ដោយ: ថ្មីៗ

ភ្នំពេញ៖ រដ្ឋាភិបាល​កាណាដា គ្រោង​នឹង​បើក​ស្ថានទូត​ជា​លើកដំបូង​របស់ខ្លួន​ប្រចាំ​នៅ​កម្ពុជា ក្នុង​ឆ្នាំ ២០១៥នេះ ដើម្បី​បង្កើន​ភាពងាយស្រួល​ក្នុង​កិច្ចការ​ទំនាក់ទំនង​ការទូត និង​សហប្រតិបត្តិការ​រវាង​កម្ពុជា កាណាដា បន្ថែមទៀត។ នេះ​បើតាម​ការផ្សាយ​លើ​គេហទំព័រ​ប៉ូលីស ក្នុងជំនួប រវាង​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក Philip Calvert ឯកអគ្គរាជទូត​កាណាដា​ប្រចាំ​កម្ពុជា។



ក្នុងជំនួប​ពិភាក្សា​ជាមួយ​លោក ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី លោក Philip Calvert បាន​ថ្លែងថា រដ្ឋាភិបាល​កាណាដា នឹង​បង្កើត​អគ្គ​កុងស៊ុល​កាណាដា ប្រចាំ​នៅ​ប្រទេស​កម្ពុជា នៅក្នុង​ឆ្នាំ២០១៥នេះ។ នេះ​បើតាម​ការផ្សាយ​របស់​ប៉ូលីស។ លោក Philip Calvert ឯកអគ្គរាជទូត​កាណាដា​ប្រចាំ​កម្ពុជា​ដែលមាន​ទីតាំង​អចិន្ត្រៃយ៍​បំពេញការងារ​ខ្លួន​នៅក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ។

អគ្គ​កុងស៊ុល​កាណាដា​រូបនេះ បន្តថា នេះ​ដំណើរការ​កិច្ចសហប្រតិបត្តិការ​ថ្មី​មួយទៀត បន្ទាប់ពី​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ទៅនេះ ស្ថានទូត​កាណាដា​តែមួយ​ប្រចាំ​នៅ​ប្រទេស​ថៃ បានធ្វើការ​គ្រប់គ្រង​សកម្មភាព​ការងារ​កិច្ចសហប្រតិបត្តិការ​ពីរ​ប្រទេស ពោលគឺ ទាំង​ប្រទេស​ថៃ និង​កម្ពុជា។

គួរបញ្ជាក់​ផងដែរ​ថា នៅក្នុង​ឆ្នាំ ២០១៥នេះ រដ្ឋាភិបាល​កាណាដា នឹង​ផ្តល់​ថវិកា​ចំនួន៧សែន ៥ម៉ឺន​ដុល្លារ​អាមេរិក តាមរយៈ​អង្គការក្រៅរដ្ឋាភិបាល​មួយ ដើម្បី​ជួយ​ដោះ​សម្អាត​ចំការ មីន​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ។ ដោយឡែក​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​កាលពី​ឆ្នាំ ២០១៤ កន្លងមក​វិ​ញា កម្ពុជា​បាន​នាំ​ទំនិញ​ចេញ ទៅ​កាណាដា​សរុប​ជា​ទឹកប្រាក់​ជាង ៤០០លាន​ដុល្លារ​អាមេរិក និង​នាំចូល​មកវិញ​ជាង ៦លាន​ដុល្លារ​អាមេរិក៕



© រក្សាសិទ្ធិដោយ thmeythmey.com