អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក​អូ​បា​ម៉ា​ទទួល​ជួប​អគ្គលេខា​បក្សកុម្មុយនិស្ត​វៀតណាម​សប្តាហ៍​ក្រោយ
04, Jul 2015 , 11:25 am        
រូបភាព
ដោយ:

នៅ​ថ្ងៃ​អង្គារ ដើម​សប្តាហ៍​ក្រោយនេះ សេត​វិមាន​នឹង​រៀបចំ​ជំនួប​រវាង​ប្រធានាធិបតី​អូ​បា​ម៉ា ជាមួយ​លោក Nguyen Phu Trong ជា​អគ្គលេខាធិការ​បក្ស​ក​ម្មុយ​និ​ស្ត​វៀតណាម។ នេះ​ជា​ជំនួប​ធំ​លើក​ទី១ គិត​ក្នុង២០ឆ្នាំ​មកនេះ ក្រោយពេល​អាមេរិក​និង​វៀតណាម​បានរៀបចំ​ទំនាក់ទំនង​ការទូត​នឹង​គ្នា​ឡើងវិញ។ បុរស​ខ្លាំង​ទាំង២នឹង​ជជែក​គ្នា​ពី​ប្រធានបទ​ស្តីពី​កិច្ចព្រមព្រៀង​ផ្តោះ​ប្តូរ​ពាណិជ្ជកម្ម​សេរី​នៅ​អាស៊ី​ប៉ាស៊ីហ្វិក បញ្ហា​សិទ្ធិមនុស្ស និង​កិច្ចសហប្រតិបត្តិការ​យោធា។



ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយនេះ លោក​អូ​បា​ម៉ា និង​លោក​Nguyen Phu Trong នឹង​ពិភាក្សាគ្នា​ពី​ទណ្ឌកម្ម​ទាក់ទង​នឹង​អាវុធយុទ្ធភណ្ឌ។ កាលពី​ខែតុលា​ឆ្នាំមុន អាមេរិក​បាន​លើកលែង​ទណ្ឌកម្ម​អាវុធ​អោយ​វៀតណាម​មួយចំណែក ដោយបាន​លក់​ចេញ​នូវ​អាវុធ​មួយចំនួន ដូចជា​កប៉ាល់​ល្បាត​កងទ័ព ទៅអោយ​រដ្ឋាភិបាល​ក្រុង​ហាណូយ។

ការសហការ​គ្នា​លើ​វិស័យ​យោធា​នេះ ស​បង្ហាញថា វៀតណាម​ត្រូវការ​អាមេរិក​ជាខ្លាំង ប្រឈម​នឹង​ចិន ប្រឈម​នឹង​ជម្លោះ​ដែនទឹក​នៅ​សមុទ្រ​ចិន។ អាមេរិក​វិញ​ក៏ត្រូវ​ការ​វៀតណាម សម្រាប់​យុទ្ធសាស្ត្រ​នយោបាយ​ខ្លួន​នៅ​អាស៊ី ប្រឈម​នឹង​ចិន​ផងដែរ។

ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយនេះ លោក​អូ​បា​ម៉ា​ក៏​នឹង​លើក​ជជែក​ពី​បញ្ហា​សិទ្ធិមនុស្ស​វៀតណាម​ជាមួយ​លោក​Nguyen Phu Trongអគ្គលេខាធិការ​បក្សកុម្មុយនិស្ត​ដែរ។  ចំនួន​អ្នកទោសនយោបាយ​នៅ​វៀតណាម​មានការ​ធ្លាក់ចុះ តែ​អាមេរិក​នឹង​នៅតែ​បន្ត​លើកយក​បញ្ហា​នេះ​មក​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​វៀតណាម​ដដែល។ យោងតាម​មន្ត្រីជាន់ខ្ពស់​អាមេរិក នេះ​ជា​ប្រធានបទ​អចិន្ត្រៃយ៍​ដែល​អាមេរិក​យកចិត្តទុកដាក់៕




© រក្សាសិទ្ធិដោយ thmeythmey.com