ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ស ខេង និង William E.Todd អះអាង​ដូចគ្នា​ថា សហប្រតិបត្តិការ​កម្ពុ​ជា-អាមេរិក​កាន់តែ​ប្រសើរឡើង
04, Jul 2015 , 11:55 am        
រូបភាព

ភ្នំពេញ៖ ស្ថានទូត​អាមេរិក​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​បាន​ប្រារព្ធ​ពិធី​ខួប​បុណ្យ​ឯករាជ្យ​របស់ខ្លួន​នៅ​ថ្ងៃទី៤ ខែកក្កដា២០១៥ ។ មន្ត្រី​រាជរដ្ឋាភិបាល តំណាងរាស្ត្រ មួយចំនួន​ត្រូវបាន​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​អញ្ជើញ​អោយចូល​រួម ក្នុងនោះ គេ​សង្កេតឃើញ​មាន​វត្តមាន​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ផងដែរ។



លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង លោក William E.Todd ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក បាន​អះអាង​ដូចគ្នា​ថា ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា-អាមេរិក​កាន់​តែមាន​ភាពប្រសើរឡើង។

ការអត្ថាធិប្បាយ​របស់​លោក​ទាំងពីរ​នាក់​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី៤ខែកក្កដា​នៅក្នុង​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​នៅក្នុង​ពិធី​ផ្លូវការ​នៃ​ទិវា​បុណ្យ​ឯករាជ្យ​សហរដ្ឋអាមេរិក​នៅថ្ងៃនេះ។ ក្រៅពី​បង្ហាញ​ការកត់សម្គាល់​នៃ​ការរីកចម្រើន​ផ្នែក​ទំនាក់ទំនង​ការទូត លោក ស ខេង បាន​សរសើរ​លោក  William E.Todd ថា បាន​ប្រើប្រាស់​បញ្ញា ស្មារតី​ចួ​ល​រួមចំណែក​ដោះស្រាយ​វិបត្តិ​នយោបាយ​កម្ពុជា​ក្រោយ​ការបោះឆ្នោត។ លោក ស ខេង បាន​អត្ថាធិប្បាយ​បន្តទៀតថា រូបលោក​បាន​ជួប​លោក William E.Todd ច្រើនជាងគេ​ក្នុងចំណោម​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា។

ងាក​មក​លោក William E.Todd វិញ លោក​បាន​សរសើរ និង​លើកទឹកចិត្ត​លោក ស ខេង ដែល​ទើប​ទទួល​ងារ​ថ្មី គឺ«សម្តេច ក្រឡាហោម ស ខេង»។ តែ​លោក ស ខេង ឆ្លើយតប​វិញ​ថា ងារ​ថ្មី​បន្ថែម ក៏ត្រូវ​បន្ថែម​ការទទួលខុសត្រូវ​ដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com