​​​ន​យោ​បាយ​ជាតិ​
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូ​វ៉ែត​ចេញ​ច្បាប់​ថ្មី​ពិនិត្យ​DNAប្រជាជន​ទាំងអស់​ដើម្បី​ការពារ​ភេ​វរ​កម្ម
04, Jul 2015 , 3:39 pm        
រូបភាព
ដោយ:

កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ សភា​កូ​វ៉ែត បានអនុម័ត​ច្បាប់​ថ្មី​មួយ ដើម្បី​ចងក្រង​ទិន្នន័យ DNA របស់​ប្រជាជន​ទាំងអស់​ជាង៤លាន​នាក់ ដើម្បី​ជា​យុទ្ធសាស្ត្រ​ថ្មី​ទប់ស្កាត់​អំពើ​ភេ​វរ​កម្ម និង ងាយស្រួល​កំណត់​មុខសញ្ញា​នៅពេល​ដែលមាន​បទល្មើស​កើតឡើង។ ច្បាប់​ថ្មី​នេះ ត្រូវបាន​ធ្វើឡើង ក្រោយពី​មានការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត សម្លាប់​ប្រជាជន​រហូតដល់២៦នាក់ និង របួស​ជាច្រើន​រយ​នាក់ កាលពី​សប្តាហ៍​មុននេះ។



លោក ជាវ សំណាង លម្អិត​ព័ត៌មាន​នេះ



ច្បាប់​ថ្មី ដែល​ទើបតែ​ត្រូវ​បានអនុម័ត​ជាបន្ទាន់​នេះ បានកំណត់​ឲ្យ​ក្រសួងមហាផ្ទៃ​ប្រមូល​ទិន្នន័យ​នៃ​ការពិនិត្យ​DNA ប្រជាជន​កូ​វ៉ែត​រហូតដល់ ១.៣លាន​នាក់ និង​ជនបរទេស​ស្នាក់នៅ​កូ​វ៉ែត​រហូតដល់២.៩លាន​នាក់។ ជុំវិញ​នីតិវិធី​ប្រមូល​របាយការណ៍ DNAនេះ ប្រសិន​មាន​ប្រជា​ជនណាម្នាក់​បដិសេធ​ផ្តល់​ទិន្នន័យ ពួកគេ​ត្រូវ​ប្រឈមមុខ​ការដាក់​ពន្ធនាគា​រ​រយៈពេល​មួយឆ្នាំ ព្រមទាំង​រង​ការដាក់ពិន័យ​ចាប់ពី ៣៣០០០ ដុល្លារ​អាមេរិក​ឡើងទៅ។ ដោយឡែក​សម្រាប់​អ្នក​ដែល​ផ្តល់​ទិន្នន័យ​ខុស​វិញ​នោះ នឹងត្រូវ​ប្រឈម​ការកាត់ទោស​ដាក់ពន្ធនាគារ​រយៈពេល​ប្រាំពីរ​ឆ្នាំ​ផងដែរ។

បើតាម​ការប៉ាន់ស្មាន ការចំណាយ​នានា​ដើម្បី​អនុវត្ត​ច្បាប់​នេះ​អាច​កើន​ដល់ ៤០០លាន​ដុល្លារ​រដ្ឋ​អាមេរិក។ ទាក់ទិន​នឹង​បញ្ហា​នេះ លោក Jamal al-Omar សមាជិកសភា​កូ​វ៉ែត បាន​បញ្ជាក់ថា សភា​បាន​អនុវត្ត​ច្បាប់ DNA និង កំណត់​ថវិកា​រួចរាល់​ហើយ។ ហើយ​សភា ក៏បាន​ត្រៀមខ្លួន​រួចជាស្រេច​ដែរ ក្នុង​ការអនុម័ត​លិខិតបទដ្ឋាន​នានា​ដែលជា​តម្រូវការផ្សេងៗទៀត ក្នុងការ​ធានា​ឲ្យ​បាន​ស្ថិរភាព​និង សន្តិសុខ​នៅក្នុង​ប្រទេស។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អះអាងថា អាជ្ញាធរ​បាន​ព្យាយាម​ប្រើប្រាស់ គ្រប់​វិធីសាស្ត្រ​ដើម្បី​លើ​កម្ពស់​ការការពារ​ស​ន្តិ​សុខ ជាពិសេស​នៅ​ជុំវិញ​បរិវេណ​វិហារ​ឥស្លាម ព្រោះ​វា​ជា​មុខសញ្ញា​ដ៏​សំខាន់​របស់​ក្រុម​ភេរវជន។

គួរ​រំលឹក​បន្តិច​ដែរ​ថា នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ អំពើ​ភេ​វ​កម្ម​បង្កដោយ​ក្រុម​រដ្ឋ​ឥស្លាម​ជ្រុលនិយម ចាប់ផ្តើម​ផ្ទុះឡើង​សារ​ថ្មីព្រមៗគ្នា​តែម្តង។ ជាក់ស្តែង​កាលពី​សបា្តហ៍​មុន មាន​ករណី​សម្លាប់​ជនស្លូតត្រង់ នៅក្នុង​ប្រទេស​កូ​វ៉ែត បារាំង និង​ទុយ​នេ​ស៊ី ដែល​ក្នុងនោះ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ក៏បាន​ប្រកាសថា​ខ្លួន​ថា​បាន​បង្ក​ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com