ជាតិ
សង្គមជាតិ
សហជីព​អល់អែក​ទាមទារ​ប្រាក់ខែ ១៧៧ដុល្លារ​សម្រាប់​ឆ្នាំ២០១៦ ក្រោយ​បទ​បង្ហាញ ILO
04, Jul 2015 , 3:46 pm        
រូបភាព
ដោយ:

ភ្នំពេញ៖ ប្រធាន​សហព័ន្ធ​សហជីព​ខ្មែរ និង​ជា​អនុប្រធាន​គណៈកម្មការ​ប្រឹក្សា​ការងារ​ភាគី​កម្មករ និយោជិត លោក ជួន មុំ​ថុល បាន​និយាយថា ភាគី​សហជីព​នឹង​ពិចារណា​ទាមទារ​ប្រាក់ ខែ ១៧៧ដុល្លារ​អាមេរិក បន្ទាប់ពី​ពិនិត្យមើល​បទ​បង្ហាញ​ពី​របៀប គណនា វាយតម្លៃ​ចំណូល និង​ចំណាយ​ក្នុង​រោងចក្រ​នៅ​កម្ពុជា។ បទ​បង្ហាញ​នេះ ត្រូវបាន​រៀបចំឡើង​ដោយ​អង្គការ ពលកម្ម​អន្តរជាតិ (ILO) ក្នុង​កិច្ចពិភាក្សា កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ ២០១៦ ។



អង្គការ​ពលកម្ម​អន្តរជាតិ (ILO) បាន​បើក​កិច្ចពិភាក្សា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ ២០១៦ ជាមួយ​ភាគី​សហជីព កាលពី​ថ្ងៃទី២ កក្កដា ដើម្បី​ឲ្យ​ក្រុម​សហជីព​ទៅ​ចរចា​ដំឡើង ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ​ប្រចាំ ជាមួយ​ភាគី​និយោជក និង​ក្រសួង​ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ។

លោក ជួន មុំ​ថុល បាន​និយាយថា ភាគី​សហជីព​នៅ​ពុំទាន់​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់ ឆ្នាំ២០១៦ ដើម្បី​ដាក់​ទៅ​គណៈកម្មាធិការ​ការងារ (LAC) នៅឡើយ ដោយ​លោក អះអាងថា ភាគី​សហជីព​នឹង​ពិចារណា​ពិនិត្យ​បន្ថែមទៀត ទៅតាម​លទ្ធភាព​ភាគី​និយោជក។

«ILO បានបង្ហាញ​ប្រៀបធៀប​តួលេខ​តាម​ពី​បណ្តា​រោងចក្រ​ប្រទេស​មួយចំនួន ដូចជា កូរ៉េ វៀតណាម និង​បង់​ក្លា​ដែ​ស ដើម្បី​ជា​មូលដ្ឋាន​សម្រាប់​ឲ្យ​សហព័ន្ធ សហជីព​យើង​ពិចារណា មុន​ដាក់​ទៅ​ចរចា​ជាមួយ LAC»។ នេះ​ជាការ​ពន្យល់​របស់ លោក ជួន មុំ​ថុល។

ចំពោះ​ការទាមទារ​ប្រាក់​ឈ្នួល​គោល ១៧៧ដុល្លារ​កន្លងមក ប្រធាន​សហជីព​រូប នេះ យល់ឃើញថា ភាគី​និយោជក នឹង​មិនអាច​ទទួលយក​បានទេ។ «បើ​ប្រៀបធៀប​រវាង ចំណូល ចំណាយ និង​ផលិតភាព​ក្នុង​រោងចក្រ យើង​មិនអាច ប្រាក់​ឈ្នួល ១៧៧ដុល្លារ​បានទេ ដូចនេះ​យើង​នឹង​ពិភាក្សា​កំណត់​ជាថ្មី»។ នេះ​ជា​ប្រសាសន៍​របស់​ប្រធាន​សហព័ន្ធ​សហជីព​ខ្មែរ។

បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួង​ការងារ កាលពី​ខែមិថុនា​កន្លងទៅ ការដំឡើង ប្រាក់​ឈ្នួល​ដល់ក​ម្មករ រោងចក្រ​កាត់ដេរ និង​ផលិត​ស្បែកជើង​សម្រាប់ ឆ្នាំ២០១៦ នឹងត្រូវ ចាប់ផ្តើម​នៅ​អំឡុង​ខែកក្កដា ឆ្នាំ២០១៥នេះ។ គួរ​បញ្ជាក់ថា រដ្ឋាភិបាល​បានសម្រេច ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់ក​ម្មក​រ​វាយ​ន​ភណ្ឌ​កាត់ដេរ និង ផលិត​ស្បែកជើង ជា​បន្តបន្ទាប់ ចាប់តាំងពី​ឆ្នាំ២០១៤ មាន​ចំនួន១០០ដុល្លារ ហើយ​នៅ​ឆ្នាំ២០១៥ ចំនួន ១២៨ ដុល្លារ​អាមេរិក៕



© រក្សាសិទ្ធិដោយ thmeythmey.com