ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន សែន ខ្ចី​ផែនទី​កម្ពុជា​នៅ UN ពី​លោក បាន គី​មូ​ន ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ
06, Jul 2015 , 1:35 pm        
រូបភាព
ដោយ: ថ្មីៗ
ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោក ហ៊ុន សែន បាន​សរសេរ​លិខិត​ទៅ​លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន គី​មូ​ន ដើម្បី​ខ្ចី​ផែនទី​ទាំងអស់​របស់​កម្ពុជា ដែល​បាន​តម្កល់​នៅ​អង្គការសហប្រជាជាតិ យកមក​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​របស់​រដ្ឋាភិបាល​ដែល​កំពុង​ប្រើប្រាស់​បច្ចុប្បន្ន ដើម្បី​បញ្ជាក់​ពី​ភាពត្រឹមត្រូវ​របស់ខ្លួន។ សំណើ​របស់លោក ហ៊ុន សែន ទៅ​លោក បាន គី​មូ​ន នេះ ធ្វើឡើង បន្ទាប់ពី​គណបក្សប្រឆាំង​ចោទ​រដ្ឋាភិបាល​ថា ប្រើប្រាស់​ផែនទី​ក្លែងក្លាយ។


ទំនងជា​ទ្រាំ​មិនបាន​នឹង​ការចោទប្រកាន់​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម្តង​ហើយ​ម្តងទៀត  ដែលថា រដ្ឋាភិបាល​ប្រើ​ផែនទី​ក្លែងក្លាយ​នោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន  បានស្នើ​សុំ​ខ្ចី​ផែនទី​ពី​លោក​អគ្គលេខាធិការ​អង្គការ​សហ​ប្រជា​តិ ។ លិខិត​លោក ហ៊ុន សែន ផ្ញើជូន​លោក បាន គី​មូ​ន បញ្ជាក់​យ៉ាងនេះ​ថា៖  « ខ្ញុំ​សរសេរ​លិខិត​នេះ ជូន​ឯកឧត្តម ដើម្បី​ស្នើសុំ​កិច្ចសហការ​ពី​សំណាក់​អង្គការសហប្រជាជាតិ​លើ​កិច្ចការ​មួយ​ដ៏​មាន​សារៈសំខាន់​ជាទីបំផុត សម្រាប់​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​សមាជិក​អង្គការសហប្រជាជាតិ។
 
 លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​បន្ថែមថា ការស្នើសុំ​ខ្ចី​ផែនទី​ទាំងនោះ គឺ​ក្នុង​គោលបំណង​បញ្ជាក់​ពី​ភាពត្រឹមត្រូវ​របស់​រដ្ឋា​ភិ​បាល​កម្ពុជា នៅក្នុង​ការរៀបចំ​និង​អនុវត្ត​ការងារ​របស់ខ្លួន​ក្នុងការ​កំណត់ និង​ការបោះបង្គោល​​ព្រំដែនរ​វាង​ប្រទេស​កម្ពុជា និង​ប្រទេសជិតខាង ដើម្បី​បញ្ចៀស​និង​បញ្ចប់​នូវ​ការ​ញុះញង់​បង្កើត​ស្មារតី​ជាតិនិយម​ជ្រុល ជាពិសេស​ធ្វើ​ឲ្យ​មានការ​ភាន់ច្រឡំ​នៅក្នុង​សាធារណៈមតិ​ជាតិ និង​អន្តរជាតិ ដើម្បី​កេងចំណេញ​ខាង​នយោបាយ ដោយ​មជ្ឈដ្ឋាន​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា ដែល​អាច​បង្កើតជា​គ្រោះមហន្តរាយ​ដ៏​ធំធេង​ដល់​ជាតិ​កម្ពុជា​ទាំងមូល ។ 
 
លិខិត​ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​សរសេរ​ទៅកាន់​លោក បាន គី​មូ​ន អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ ចុះថ្ងៃ​ទី ០៦ ខែ​កក្កដា​ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖«ខ្ញុំ​សូម​ស្នើ​ឯកឧត្តម​អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ​មេត្តា​អនុញ្ញាត​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ខ្ចី​ផែនទី​ទាំងអស់​ដែល​កម្ពុជា​បាន​តម្កល់ទុក​នៅ​អង្គការសហប្រជាជាតិ មកប្រើប្រាស់​ដើម្បី​ផ្ទៀងផ្ទាត់​បញ្ជាក់​ពី​ភាពត្រឹមត្រូវ​ពិតប្រាកដ​ជាមួយនឹង​ផែនទី​ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​ប្រើប្រាស់​សម្រាប់​កំណត់ព្រំដែន​គោគ និង​ព្រំ​ដែនទឹក​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ជាមួយ​ប្រទេសជិតខាង»។
 
លោក ហ៊ុន សែន ក៏បាន​រម្លឹក​ផងដែរ​ពី​សកម្មភាព​របស់​ព្រះ​បរម​រតន​កោដ្ឋ​ថា ៖« នៅ​ឆ្នាំ ១៩៦៤ សម្តេចព្រះ នរោត្តម សីហនុ អតីត​ព្រះប្រមុខរដ្ឋ​កម្ពុជា បាន​យក​ផែនទី បោ​ន ខ្នាត ១/១០០.០០០ បោះពុម្ព​ដោយ​ក្រុម​ប្រវត្តិសាស្ត្រ​ឥណ្ឌូចិន ទៅ​តម្កល់​នៅ​អង្គការសហប្រជាជាតិ  ហើយ​តាមរយៈ​នេះ ព្រះអង្គ​បាន​អំពាវនាវ​ឲ្យ​មានការ​ធានារ៉ាប់រង​ពី​សំណាក់​មហាអំណាច​នានា ក្នុង​ការគោរព​បូរណភាព​ទឹកដី​កម្ពុជា តាមផ្លូវ​ច្បាប់​អន្តរជាតិ និង​ឲ្យ​ទទួលស្គាល់ ព្រមទាំង​គោរព​ឯករាជ្យ អ​ព្យា​ក្រឹត្យ បូរណភាព​ទឹកដី​កម្ពុជា ក្នុង​រង្វង់​ព្រំដែន​បច្ចុប្បន្ន​ពេលនោះ ដោយបាន​ប្រកាស​ដាចខាត​ថា ខ្សែ​ព្រំដែន​នេះ មិនអាច​សើរើ និង​កែប្រែ​បានឡើយ» ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com