ជាតិ
សង្គមជាតិ
បុរស​ចិន២នាក់​ដែល​បង្ហោះ​យន្តហោះ​កាមេរ៉ា​លើ​ព្រះរាជវាំង​ត្រូវបាន​ដោះលែង
06, Jul 2015 , 5:14 pm        
រូបភាព

ប៉ូលីស​បានសម្រេច​ដោះលែង​បុរស​ទេសចរ​ជនជាតិ​ចិន២នាក់​ឲ្យ​មាន​សេរីភាព​វិញ​កាលពី​ថ្ងៃអាទិត្យ បន្ទាប់ពី​ពួកគេ​ត្រូវបាន​ឃាត់ខ្លួន​នៅ​ព្រលប់​ថ្ងៃ​សៅរ៍ ខណៈដែល​ពួកគេ​កំពុង​បង្ហោះ​យន្តហោះ​បំពាក់​កាមេរ៉ា (Drone) ពីលើ​ព្រះបរមរាជវាំង។



ទីភ្នាក់ងារ​ចិន​ស៊ីន​ហួរ បាន​ស្រង់​ប្រសាសន៍​លោក​ឧ​ត្ត​ម​សេនីយ៍ ឆាយ ស៊ីណា​រិ​ទ្ធ ដែលជា​ប្រធាន​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​នៃ​ក្រសួងមហាផ្ទៃ ហើយ​ដែល​បាន​ថ្លែងប្រាប់​ស៊ីន​ហួរ​ថា ប៉ូលីស​បានសម្រេច​ដោះលែង​បុរស​ជនជាតិ​ចិន​ទាំងពីរ​កាលពី​រសៀល​ថ្ងៃអាទិត្យ ក្រោយពី​បាន​សួរចម្លើយ និង​បាន​សន្និដ្ឋានថា​ពួកគេ​ពិតជា​មិន​មានបំណង​អាក្រក់​មួយ​នោះឡើយ។

ទី​ភ្នា​ក់​ព័ត៌មាន​ស៊ីន​ហួរ​បាន​សរសេរ​បន្ថែម​ថា ទេសចរ​ជនជាតិ​ចិន​ទាំងពីរ​ដែល​បាន​មកដល់​កម្ពុជា​កាល​ពី​ចុងខែ​មិថុនា ហើយក៏​បាន​ចាក​ចេញពី​កម្ពុជា​វិញ​កាលពី​យប់​ថ្ងៃអាទិត្យ​ក្រោយ​ការដោះលែង​នោះ​ទៅ។

ដោយសារ​បញ្ហា​សន្តិសុខ និង​ការគោរព​ជីវិត​ឯកជន អាជ្ញាធរ​កម្ពុជា​បានចេញ​សារាចរ​ប្រាម​ការ​បង្ហោះ​យន្តហោះ​បំពាក់​កាមេរ៉ា​ដោយ​គ្មាន​ការអនុញាត​នៅក្នុង​រាជធានី។
កាលពី​ថ្ងៃទី២៣មិថុនា បុរស​ជនជាតិ​បារាំង និង​អាមេរិក២នាក់ ដែលជា​អ្នក​ថត​ភាពយន្ត​ឯកសារ​ក៍​ត្រូវបាន​ឃាត់ខ្លួន​ដូចគ្នា​ដែរ នៅពេលដែល​ពួកគេ​កំពុង​បង្ហោះ​យន្តហោះ​Drone នៅក្បែរ​វិមានឯករាជ្យ ជិត​គេហដ្ឋាន​របស់លោក​នាយ​ក​រដ្ឋមន្ត្រី៕



© រក្សាសិទ្ធិដោយ thmeythmey.com