កីឡាអន្តរជាតិ
អន្តរជាតិ
ក្នុង​បី​ប្រកួត U-23 ម៉ា​យ​ក្រូ​នេ​ស៊ី ត្រូវគេ​ទាត់​ចូល​ទី១១៤គ្រាប់​ដោយ​គ្មាន​ការតបត
07, Jul 2015 , 4:15 pm        
រូបភាព
ដោយ: រួបរួម
ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម២៣ឆ្នាំ ម៉ា​យ​ក្រូ​នេ​ស៊ី (Micronesia) បានទទួល​បរាជ័យ​ដ៏​អាក្រក់​បំផុត​ក្នុង​ព្រឹត្តិការណ៍ Pacific Games និង​ការប្រកួត​ជម្រុះ​អូឡាំពិក នៅ​កីឡដ្ឋាន Bisini Sports Complex ក្នុង​ទីក្រុង Port Moresby ប្រទេស​បា​ពួ​ញូ​វ​ហ្គី​ណេ។ ក្រោម​ការរៀបចំ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអូសេអានី (OFC) ក្រុម​មកពី​ប្រទេស​ដែន​កោះ​នៃ​អនុតំបន់​អូ​សេ​អា​នី នៅ​ភាគ​ខាងលិច​មហាសមុទ្រ​ប៉ាស៊ីហ្វិក មួយ​នេះ បាន​រង​បរាជ័យ​ទាំងបី​ប្រកួត​នៅក្នុង​ពូ​ល​របស់ខ្លួន ជាមួយនឹង​ការ​ធ្លាយ​សំណាញ់​ទី​សរុប១១៤គ្រាប់ និង​គ្មាន​ការតបត​ទៅលើ​គូប្រកួត។



ក្រុម U-23 ម៉ា​យ​ក្រូ​នេ​ស៊ី ដែល​ស្ថិតក្រោម​ការដឹកនាំ​បង្វឹក​របស់លោក Stanley Foster ជនជាតិ​អូស្ត្រាលី បាន​ប្រកួត​បើកឆាក​ក្នុង​ពូ​ល A ដោយ​ចាញ់ តា​ហ៊ី​ទី ៣០-០ កាលពី​ថ្ងៃទី៣ ខែកក្កដា ហើយពីរ​ថ្ងៃ​បន្ទាប់មកទៀត បាន​ចាញ់ ហ្វី​ជី ៣៨-០ ។ សម្រាប់​ការប្រកួត​ចុងក្រោយ​នៅ​ថ្ងៃទី៧ ខែកក្កដា នេះ ក្រុម​ដែល​មិនមែនជា​សមាជិក​របស់ FIFA មួយ​នេះ បាន​ចាញ់ ជម្រើសជាតិ Vanuatu ៤៦-០ បន្ថែមទៀត។

សម្រាប់​ព្រឹត្តិការណ៍​ប្រកួត Pacific Games នេះ ក្រៅពី​ជំនួប​ជាមួយ​ម៉ា​យ​ក្រូ​នេ​ស៊ី ការប្រកួត​ផ្សេងទៀត​សុទ្ធ​តែមាន​ភាព​តឹងតែង ដោយ​គូ​ខ្លះ​បញ្ចប់​ការប្រកួត​ដោយ​គ្មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី ហើយ​លទ្ធផល​ដែល​ខ្ពស់បំផុត​នោះ គឺ​ជ័យជម្នះ ៥-០ របស់​នូ​វែ​ល សេ​ឡង់ លើ​នូ​វេ​ល កាឡេ​ដូ​នី៕


© រក្សាសិទ្ធិដោយ thmeythmey.com