ជាតិ
សង្គមជាតិ
ខ្មែរឥស្លាម​គាំទ្រ​គោលនយោបាយ​CNRPដែល​ឲ្យ​ស្ត្រី​ពាក់​ក្រមា​ពេល​ថត​ធ្វើ​អត្តសញ្ញាណប័ណ្ណ
08, Jul 2015 , 12:12 pm        
រូបភាព
លោក សម រង្ស៊ី និងសាសនិកឥស្លាម ក្នុងពិធីពិសារអាហារស្រាយបួស ដែលរៀបចំនៅគេហដ្ឋានរបស់លោក កាលពីថ្ងៃទី ៥ កក្កដា កន្លងទៅ។ រូបភាព៖ Sam Rainsy
លោក សម រង្ស៊ី និងសាសនិកឥស្លាម ក្នុងពិធីពិសារអាហារស្រាយបួស ដែលរៀបចំនៅគេហដ្ឋានរបស់លោក កាលពីថ្ងៃទី ៥ កក្កដា កន្លងទៅ។ រូបភាព៖ Sam Rainsy
ភ្នំពេញ៖ គោលនយោបាយ​ចំនួន៧ចំណុច ត្រូវបាន​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់ចេញ​សម្រាប់​សហគមន៍​ខ្មែរឥស្លាម​នៅ​កម្ពុជា ប្រសិនបើ​ខ្លួន​ឈ្នះឆ្នោត។ ក្នុងចំណោម​គោលនយោបាយ​ទាំងនោះ ឃើញថា​ការអនុញ្ញាត​ឲ្យ​ស្ត្រី​ឥស្លាម​អាច​ពាក់​ក្រមា​នៅពេល​ថតរូប​ធ្វើ​អត្តសញ្ញាណប័ណ្ណ ឫ​លិខិតឆ្លងដែន គឺមាន​ការគាំទ្រ​ច្រើន ហើយ​ដែល​ចំណុច​មួយ​នេះ ជា​ចំណុចរសើប ដែល​សហគមន៍​ឥស្លាម​ធ្លាប់​ទាមទារ​នាពេល​កន្លងមក។



យុវជន​ខ្មែរឥស្លាម​មួយក្រុម បាន​សម្តែង​ការគាំទ្រ​ចំពោះ​គោលនយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​នឹង​អនុញ្ញាត​ឲ្យ​ស្ត្រី​ខ្មែរឥស្លាម​អាច​ពាក់​កន្សែង​ក្រមា នៅពេល​ពួកគេ​ធ្វើ​អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ឫ​លិខិតស្នាមផ្សេងៗជាដើម ។ ពួកគេ​បាន​ហៅ​គោលការណ៍​នេះ​ថា ជា​អ្វីដែល​ពួកគេ​ចង់​បានជា​យូរ​មកហើយ។

កាលពី​ថ្ងៃទី៥ កក្កដា ឆ្នាំ២០១៥ លោក សម រង្ស៊ី បានប្រកាស​គោលនយោបាយ​ចំនួន៧ចំណុច របស់​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយ​ខ្មែរឥស្លាម  ក្នុង​ពិធី​ជួបជុំ​ពិសារ​អាហារ​ស្រាយ​បួស​ជាមួយ​តំណាង​ខ្មែរឥស្លាម​ជាង ១០០នាក់ នៅ​គេហដ្ឋាន​របស់លោក ក្នុង​រាជធានី​ភ្នំពេញ។ គោលនយោបាយ​ទាំងនោះ​រួមមាន បន្តធ្វើ​អ្វីដែល​រដ្ឋាភិបាល​បច្ចុប្បន្ន​កំពុង​អនុវត្តន៍​ជាមួយ​សហគមន៍​ឥស្លាម ដូចជា​ការកសាង​វិហារ សាលារៀន និង​បន្ត​ការបញ្ជូន​និស្សិត​ខ្មែរឥស្លាម​ទៅ​សិក្សា​នៅ​ប្រទេសក្រៅ​ជាដើម។ ផ្តល់​ប្រាក់ខែ​ដល់​គ្រូបង្រៀន​សាសនា​ប្រចាំខែ​ពី​រដ្ឋាភិបាល ជំរុញ​ឲ្យ​មានការ​រៀបចំ​កន្លែង​ថ្វាយបង្គំ​នៅតាម​ទីសាធារណៈ តាម​មន្ទីរពេទ្យ សាកលវិទ្យាល័យ សណ្ឋាគារ និង​តាម​ផ្សារ​ទំនើប​ជាដើម។

ផ្តល់​ពេលវេលា​ផ្សាយ​នៅក្នុង​ទូរទស្សន៍​ព្រះអាទិត្យ សម្រាប់​រៀបចំ​ឲ្យ​មានកម្ម​វិធី​បែប​សាសនា និង​សង្គម យ៉ាងហោចណាស់១ម៉ោង​ក្នុង​មួយថ្ងៃ  អនុញ្ញាត​ឲ្យ​ខ្មែរឥស្លាម​ទាំងអស់​អាច​ឈប់សម្រាក​រយៈពេល៣ថ្ងៃ នៅ​ថ្ងៃបុណ្យ​រ៉​យ៉ា​ស្រាយ​បួស (ចូលឆ្នាំ) និង​បី​ថ្ងៃ​សម្រាប់​បុណ្យ​រ៉​យ៉ា​ហា​ជ្ជី។ ធ្វើការ​ពង្រីក​ស្ថាន​ទូក​កម្ពុជា​នៅតាម​ប្រទេស​ឥស្លាម​ជា​មិត្ត និង​ផ្តល់​ឳ​កាស​ការងារ​ដល់​ខ្មែរឥស្លាម​នៅតាម​ស្ថានទូត​ទាំងនោះ។ ចុងក្រោយ គឺ​អនុញ្ញាត​ឲ្យ​ស្ត្រី​ខ្មែរឥស្លាម អាច​គ្រប​ក្បាល នៅពេល​ថតរូប​ធ្វើ​អត្តសញ្ញាណប័ណ្ណ ឫ​ធ្វើឯកសារ​ផ្លូវការផ្សេង។ល។
លោក ហ៊ីម ខ​ទៀត សាសនិក​ឥស្លាម​និង​ជា​សមាជិក​គណៈកម្មការ​ដឹកនាំ​ក្រុមនិស្សិត​មូ​ស្លឹ​ម​កម្ពុជា បាន​ហៅ​ការដាក់​គោលនយោបាយ​របស់​បក្ស​សង្គ្រោះ​ជាតិ ថា​មាន​ភាព​ទាក់ទាញ​ខ្លាំង។ ព្រោះថា បើតាម​ការពន្យល់​រប​ស់លោក ខ​ទៀត វា​បានបង្ហាញ​ពី​ការយកចិត្តទុកដាក់ និង​សិទ្ធិសេរីភាព​សាសនា  របស់​ថ្នាក់ដឹកនាំ ក៏ដូចជា​បក្សនយោបាយ​មកលើ​សហគមន៍​ឥស្លាម។ លោក ខ​ទៀត បញ្ជាក់ថា៖« សម្រាប់​យើង​ជា​សហគមន៍​ឥស្លាម អត់​មាន​និន្នាការ​ទៅ​បក្សណាៗខ្លាំង​ទេ ប៉ុន្តែ​អ្វីដែល​យើង​ចង់បាន គឺ​គណបក្សនយោបាយ​ណាក៏ដោយ ឲ្យ​តែមាន​ការគោរព និង​ផ្តល់​តម្លៃ​ការប្រតិបត្តិ តាម​ទំនៀម​ទំលាប់​របស់​សាសនា​ឥស្លាម  គឺ​យើង​ផ្តល់​ការគាំទ្រ​ទៅវិញ​ដូចគ្នា។ ឃើញថា​កន្លងមក គណបក្ស​ប្រជាជន​កម្ពុជា​បាន​ជួយ​យើង​ច្រើន ដូចជា​អនុញ្ញាត​ឲ្យ​ស្ត្រី​ឥស្លាម​អាច​ស្លៀក​សំលៀកបំពាក់​តាម​ប្រពៃណី​នៅក្នុង​គ្រឹះស្ថាន​អប់រំ​នោះ ឃើញថា​គាត់​ទទួលបាន​ការចាប់អារម្មណ៍ និង​គាំទ្រ​ខ្ពស់...»។

ក្រៅពី​ចាប់អារម្មណ៍​លើ​ការផ្តល់​សិទ្ធិ​ឲ្យ​ស្ត្រី​អាច​ពាក់​ក្រមា​នៅពេល​ថតរូប​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ហើយ​នោះ លោក ខ​ទៀត ក៏បាន​កោតសរសើរ​ចំណុច​ការផ្តល់​ប្រាក់បៀវត្ស​រ៍​ដល់​គ្រូបង្រៀន​សាសនា​ផងដែរ។ សម្រាប់​លោក ខ​ទៀត វា​បានរួម​ចំណែក​ទ្រទ្រង់​មិន​ត្រឹមតែ​ជីវភាព តួនៗ (គ្រូបង្រៀន) នៅតាម​ភូមិ​ឃុំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​រួមចំណែក​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា​ផងដែរ។

ចំណែក​លោក ទត សុល​ហី ជា​សមាជិក​ចលនា​និស្សិត​ខ្មែរឥស្លាម​វិញ ក៏​បង្ហាញ​ការចាប់អារម្មណ៍​ទៅលើ​គោលនយោបាយ​ខាងដើម​ដែរ។ សម្រាប់​លោក សុល​ហី អ្វីដែល​លោក​ចាប់អារម្មណ៍​ខ្លាំង រួមមាន​ការផ្តល់​ម៉ោង​ផ្សាយ​របស់​ទូរទស្សន៍​ស​ង្គ្រោះ​ជាតិ ការរៀបចំ​ឲ្យ​មាន​កន្លែង​ថ្វាយបង្គំ​នៅ​កន្លែង​សាធារណៈ និង​ជាពិសេស ការបើក​សិទ្ធិ​ឲ្យ​ស្ត្រី​ពាក់​ក្រមា​ពេល​ថតរូប​ធ្វើ​អត្តសញ្ញាណប័ណ្ណ។ ត្រង់ចំណុច​នេះ លោក សុល​ហី ពន្យល់ថា វា​ពិត​ជាមាន​សារសំខាន់​ណាស់ ពេល​អត្តសញ្ញាណ​របស់​បុគ្គលមួយៗត្រូវបាន​បង្ហាញ​ជា​សាធារណៈ និង​អន្តរជាតិ។ លោក​ពន្យល់ថា៖« ឧទាហរណ៍ ប្រសិនបើ​យើង​មាន​គ្រោះថ្នាក់ ឫ​ស្លាប់ នៅ​កន្លែង​ណាមួយ​ចឹ​ង ពេល​គេ​ឃើញ​អត្តសញ្ញាណប័ណ្ណ ឫ​លិខិតឆ្លងដែន​យើង នោះគេ​នឹង​ដឹងថា​យើង​ជា​ឥស្លាម ឫ​មិនមែន។ បើសិន​គេ​ឃើញ​យើង​ពាក់​ក្រមា គេ​នឹង​ដឹង​ភ្លាម​ថា​យើង​ជា​ឥស្លាម ដូច្នេះ​គេ​អាច​បញ្ជូន​យើង​ទៅ​កន្លែង​ឥស្លាម ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី។ ចុះបើ​គេ​មិនដឹង​វិញ»។


ដោយឡែក​លោក ស្លេះ ណា​ស៊ី ប្រធាន​មជ្ឈមណ្ឌល​ព័ត៌មាន​មូ​ស្លឹ​ម​កម្ពុជា​នោះ​វិញ បាន​សាទរ​ចំពោះ​គោលនយោបាយ​ទាំង៧ចំណុច​របស់​គណបក្ស​សង្គ្រោះ​ជាតិ ព្រោះថា វា​សុទ្ធសឹង​បាន​បម្រើ​ផលប្រយោជន៍​ដល់​សហគមន៍​ខ្មែរឥស្លាម។ បើទោះជា​មិនទាន់មាន​ក្តី​រំពឹង​ខ្លាំង​ចំពោះ​គោលនយោបាយ​ទាំងនោះ​យ៉ាងណាក្តី តែ​លោក ណា​ស៊ី ហាក់​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ ការរៀបចំ​ឲ្យ​មាន​ប្រាក់ខែ​គ្រូបង្រៀន​សាសនា​នៅតាម​ភូមិ​ឃុំ​នានា ក្នុងប្រទេស​កម្ពុជា ដូច​ទៅនឹង​គ្រូបង្រៀន​ក្នុង​ស្ថាប័នរដ្ឋ​ដូច្នោះ​ដែរ។ លោក ណា​ស៊ី ពន្យល់ថា៖« ទាក់ទង​នឹង​ប្រាក់ខែ​គ្រូបង្រៀន គឺ​វា​ទាក់ទង​នឹង​ការវិវត្តន៍​ធនធានមនុស្ស​នៅតាម​សហគមន៍​ខ្មែរឥស្លាម។ ឃើញថា បច្ចុប្បន្ន​នៅតាម​សាលារៀន​សាសនា​ឥស្លាម គ្រូបង្រៀន​ខ្លួនឯង​បង្រៀន​ដោយ​មិនមាន​ប្រាក់ខែ​ច្បាស់លាស់។ ប្រសិន​ណា​គ្មាន​ប្រាក់ខែ​ច្បាស់លាស់​ហើយ​នោះ គុណភាព​នៃ​ការអប់រំ​ក៏​ទៅតាម​ហ្នឹង​ដែរ។ ដូច្នេះ​បើសិន​មាន​ប្រាក់ខែ​ត្រឹមត្រូវ ឫ​ក៏​អាច​បញ្ចូល​ពួកគាត់​ឲ្យ​ចូលក្នុង​ក្របខណ្ឌ​មន្ត្រីរាជការ​តែម្តង គឺ​រិត​តែ​ប្រសើរ»។

ក្រៅពី​ចាប់អារម្មណ៍​ទៅលើ​គោលនយោបាយ​ខាងដើម​ហើយ​នោះ យុវជន​ខ្មែរឥស្លាម​ក៏បាន​មើលឃើញ​នូវ​ចំណុច​មួយចំនួនទៀត​ដែរ ដែល​ថ្នាក់ដឹកនាំ​គួរ​ធ្វើ ក៏ដូចជា​បំណង​របស់​សហគមន៍​ខ្មែរឥស្លាម​ផង​នោះ។ លោក ទត សុល​ហី៖« នៅពេលដែល​គណបក្ស​ស​ង្គ្រោះ​ជាតិ​ឈ្នះឆ្នោត​តែម្តង ខ្ញុំ​ចង់​សុំ​ប្រេកង់​វិទ្យុ និង​ទូរទស្សន៍ ដាច់ដោយឡែក​តែម្តង ឲ្យ​ដូច​ទៅនឹង​ប្រទេស​ថៃ ដែល​គេ​មាន​ប៉ុស្តិ៍​ទូរទស្សន៍​ឥស្លាម​ដាច់​ពី​រដ្ឋាភិបាល»។ លោក ហ៊ីម ខ​ទៀត និង​លោក ស្លេះ ណា​ស៊ី វិញ ចង់​ឲ្យ​មានការ​រៀបចំ​កម្មវិធី​អប់រំ​តាម​ស្តង់ដា និង​ជា​លក្ខណៈ​ថ្នាក់ជាតិ​មួយ​សម្រាប់​សហគមន៍​ខ្មែរឥស្លាម ដែល​សព្វថ្ងៃ​ការបង្រៀន​ពុំមាន​រចនាសម្ព័ន្ធ​ត្រឹមត្រូវ។ ស្នើ​ឲ្យ​រៀបចំ​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា​ឡើងវិញ គឺ​រៀបចំ​ឲ្យ​មាន​អាណត្តិ​ត្រឹមត្រូវ ឲ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត ដើម្បី​ឲ្យ​មាន​តម្លាភាព ជៀសវាង​ការរៀបចំ និង​គ្រប់គ្រង​ដោយ​គណបក្សនយោបាយ​ណាមួយ។ល។

បើទោះជា​គោលនយោបាយ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ មានការ​សាទរ​ច្រើន​ពី​សាសនិក​ខ្មែរឥស្លាម​នៅ​កម្ពុជា​យ៉ាងណាក្តី តែ​មិន​ប្រាកដថា វា​នឹង​ផ្តល់​ការគាំទ្រ​ច្រើន​នោះដែរ។ ក្រុមយុវជន​ខ្មែរឥស្លាម​បញ្ជាក់ថា ពួកគេ​នឹង​រង់​ចាំមើល​ចំពោះ​ការអនុវត្ត​ជាក់ស្តែង។ មានតែ​ការអនុវត្ត​ទេ ដែល​អាច​ឲ្យ​គេ​ដឹងថា តើ​មេដឹកនាំ​ណា​ដែល​ប្រជាពលរដ្ឋ​ត្រូវការ​ពិតប្រាកដ៕







© រក្សាសិទ្ធិដោយ thmeythmey.com