ជាតិ
សង្គមជាតិ
មន្ត្រី​ក្រសួងមហាផ្ទៃនិង​មន្ត្រី​ព្រំដែន​នឹង​ជជែក​គ្នាជំរុញ​ឲ្យ​អាជ្ញាធរ​ការពារ​សុវត្ថិភាព​ពលរដ្ឋ​តាម​ព្រំដែន
08, Jul 2015 , 12:41 pm        
រូបភាព
រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បានប្រកាសថា នៅ​សប្តាហ៍​ក្រោយនេះ មន្ត្រី​ក្រសួងមហាផ្ទៃ​របស់លោក និង​ជួបប្រជុំគ្នា ជាមួយ​មន្ត្រី​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដើម្បី​ស្វែងរក​វិធី និង​ជំរុញ​ឲ្យ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ក្តាប់​សភាពការណ៍​តាម​ព្រំដែន​ឲ្យ​បាន ក្នុងទិសដៅ​ថែរក្សា​សុវត្ថិភាព​របស់​ពលរ​ដ្ឋ​ដែល​រស់​នៅតាម​ព្រំដែន។



នៅ​ថ្ងៃទី ១៤ ខែកក្កដា សប្តាហ៍​ក្រោយនេះ ក្រសួងមហាផ្ទៃ នឹង​បើក​កិច្ចប្រជុំ​រួមគ្នា​ជាមួយ​គណៈ​កម្ម​ធិ​ការ​ព្រំដែន ក្នុង​គោលដៅ​ឲ្យ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ បន្ថែម​ការយកចិត្តទុកដាក់ ការពារ​ប្រជាពលរដ្ឋ​នៅតាម​ព្រំដែន ដែល​កំពុងមាន​ជម្លោះ​ជាមួយ​ប្រទេសជិតខាង។ នេះ​ជា​ប្រសាសន៍​របស់លោក រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅក្នុង​ពិធី​ប្រកាស​មុខតំណែង​អនុរដ្ឋលេខាធិការ​ថ្មី​ចំនួន ៧ រូប​របស់​ក្រសួងមហាផ្ទៃ និង​បំពាក់​ឋា​ន្ត​រ​សក្តិ​ដល់​នគរបាលជាតិ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃ​ពុធ​នេះ។

លោក ស ខេង បានបញ្ជាក់​យ៉ាងនេះ​ថា៖« កិច្ចប្រជុំ​នេះ ដើម្បី​ជំរុញ​ឲ្យ​អភិបាលខេត្ត អភិបាលស្រុក ទាំង​ប៉ូលិស នគរបាល ត្រូវ​ចុះទៅ​មើល​ព្រំដែន ដើម្បី​ក្តាប់​ស្ថានការណ៍​នៅតាម​ព្រំដែន​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ហើយ​ដើម្បី​ងាយស្រួល​ក្នុងការ​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ​នៅតាម​ព្រំដែន ដែល​កំពុងមាន​ជម្លោះ​ជាមួយ​ប្រទេសជិតខាង» ។

សូមបញ្ជាក់ថា ក្នុង​រយៈពេល​ចុងក្រោយ​នេះ បញ្ហា​ព្រំដែន​កម្ពុជា និង​វៀតណាម បាន​ផ្ទុះ​ឡើងវិញ ក្រោយពី​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​សិស្ស និស្សិត ព្រះសង្ឃ មួយចំនួន បានធ្វើ​ដំណើរ​ទៅពិនិត្យ​មើល​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម។  កាលពី​ថ្ងៃទី ២៨ ខែមិថុនា កន្លងទៅ សកម្មជន​មួយចំនួន​និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​លោក រៀល ខេ​ម​រិ​ន្ទ្រ និង​លោក អ៊ុំ សំអាន ជាដើម បាន​ប៉ះទង្គិច​គ្នា​ជាមួយ​អាជ្ញាធរ និង​ប្រជាជន​វៀតណាម នៅត្រង់ចំណុច ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ខែត្រ ស្វាយរៀង។ ក្រោយ​អំពើហិង្សា ក្រសួងការបរទេស​វៀ​ត​ណា​ម បានចេញ​លិខិត​ថ្កោលទោស​សកម្មជន និង​តំណាងរាស្ត្រ​បក្សប្រឆាំង​ទាំងនោះ​ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com