ជាតិ
​​​ន​យោ​បាយ​ជាតិ​
មនុស្ស​ជិត១ពាន់​នាក់​ត្រៀម​ចូលរួម​ចុះ​ត្រួតពិនិត្យ​ព្រំដែន​ជាមួយ​លោក រៀល ខេ​ម​រិ​ន្ទ្រ
08, Jul 2015 , 4:42 pm        
រូបភាព
គិត​ត្រឹម​ថ្ងៃទី៨ កក្កដា​នេះ មាន​ប្រជាពលរដ្ឋ យុវជន និង​ព្រះសង្ឃ ជិត១ពាន់​នាក់​ហើយ ដែល​បាន​ត្រៀមខ្លួន​ចុះទៅ​ត្រួតពិនិត្យ​ព្រំដែន នៅ​ថ្ងៃទី១៩ កក្កដា ជាមួយ​លោក រៀល ខេ​ម​រិ​ន្ទ្រ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ។



លោក រៀល ខេ​ម​រិ​ន្ទ្រ ដែលជា​ដឹកនាំ​ប្រជាពលរដ្ឋ​ចុះ​ត្រួតពិនិត្យ​ព្រំដែន បាន​បញ្ជាក់ថា លោក​បានទទួល​ចំនួន​អ្នកចូលរួម ពី​តំណាង​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​ជាបណ្ដើរៗហើយ ដែលមាន​អ្នកចូលរួម​ជិត១ពាន់​នាក់។ លោក រៀល ខេ​ម​រិ​ន្ទ្រ បន្ថែមថា ចំនួន​អ្នកចូលរួម​ចុះ​ត្រួតពិនិត្យ​ព្រំដែន នឹង​កើនឡើង​លើសពីនេះ ខណៈដែល​រូបលោក​កំពុង​រៀបចំ​មធ្យោបាយ​ធ្វើដំណើរ។ ថ្លែងប្រាប់​សារព័ត៌មានថ្មីៗ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ស្វាយរៀង​រូបនេះ បាន​អះអាង​យ៉ាង​ដូច្នេះ​ថា៖«នៅពេលនេះ​ក្នុងនាម​ខ្ញុំ​ជា​តំណាងរាស្ត្រ​ដែល​ដឹកនាំ​ពលរដ្ឋ យុវជន ព្រះសង្ឃ កំពុង​រក​មធ្យោបាយ​រៀបចំ​ការធ្វើដំណើរ ដើម្បី​ធានា​សុវត្ថិភាព​ជូន​ពួកគេ។ហើយ​ខ្ញុំ​ជឿថា​ចំនួន​អ្នកចូលរួម​នឹង​កើនឡើង​ជាង១ពាន់​នាក់​នៅ​ថ្ងៃទី១៩កក្កដា»។

កាលពី​ថ្ងៃទី០៧ កក្កដា លោក រៀល ខេ​ម​រិ​ន្ទ្រ បាន​សរសេរ​លិខិត​ជូនដំណឹង​ទៅកាន់ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ដើម្បី​ស្នើសុំ​ចុះ​ត្រួតពិនិត្យ​ព្រំដែន​កម្ពុជា-វៀតណាម​លេខ ២០២ និង២០៣ ស្ថិតនៅ​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង។

ទន្ទឹមនឹង​ការដឹកនាំ​ប្រជាពលរដ្ឋ​ចុះ​ត្រួតពិនិត្យ​ព្រំដែន នៅ​ថ្ងៃទី១៩ កក្កដា ខាងមុខនេះ លោក រៀល ខេ​ម​រិ​ន្ទ្រ ក៏បាន​បបួល​លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន និង​ជា​ប្រធាន​កិច្ចការ​ចម្រុះ​ព្រំដែន ទៅ​ត្រួតពិនិត្យ​ព្រំដែន​ជាមួយគ្នា​ដែរ តែ​ត្រូវបាន​លោក វ៉ា គឹមហុង បដិសេធ៕


© រក្សាសិទ្ធិដោយ thmeythmey.com