អន្តរជាតិ
កងទ័ព​អាមេរិក​នឹង​កាត់បន្ថយ​ចំនួន ៤ ម៉ឺន​នាក់​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ខាងមុខ
08, Jul 2015 , 8:39 pm        
រូបភាព
ដោយ: ធីតា
សហរដ្ឋអាមេរិក​គ្រោង​នឹង​កាត់បន្ថយ​កងទ័ពជើងគោក​របស់ខ្លួន​ចំនួន ៤ ម៉ឺន​នាក់​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ខាងមុខ។ វិធានការ​នេះ​នឹងមាន​ផលវិបាក​ទាំង​ក្នុងប្រទេស​របស់ខ្លួន និង​ក្នុងការ​ឈរជើង​របស់​កងទ័ព​នៅ​បរទេស​ផងដែរ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន USA Today កាលពី​ថ្ងៃ​អង្គារ​កន្លងទៅនេះ។



កាសែត​នេះ​បាន​បន្ថែមទៀតថា ផែនការ​កាត់បន្ថយ​នេះ​នឹង​ពាក់ព័ន្ធ​ជន​ស៊ីវិល​ចំនួន ១៧ ០០០ នាក់។ ដូច្នេះ កងទ័ព​ដែល​កំពុង​បម្រើការ​បច្ចុប្បន្ន​ក្នុង​ជួរ​ទ័ព​អាមេរិក​នឹង​ធ្លាក់ចុះ​ពី ៤៩០ ០០០ នាក់មក​ត្រឹម ៤៥០ ០០០ នាក់ ដែល​តួលេខ​នេះ​នឹង​ក្លាយជា​តួលេខ​កម្រិត​ទាប​បំផុត ចាប់តាំងពី​ការសន្យា​របស់​សហរដ្ឋ​អាមេរិក​នៅក្នុង​សម័យ​ស​ង្គ្រា​ម​លោក​លើក​ទី​ពីរ ក្រោយ​ការវាយប្រហារ​លើ​មូលដ្ឋាន Pearl Harbour នៅ​ខែធ្នូ ឆ្នាំ១៩៤១ ។

ផែនការ​កាត់បន្ថយ​ក​ង​ទ័ព​នេះ​ត្រូវ​បានប្រកាស​ឲ្យ​ដឹង​កាលពី​ខែកុម្ភៈ ឆ្នាំ២០១៤ ខណៈដែល​លោក Chuck Hagel នៅ​ធ្វើជា​លេខា​ក្រសួងការពារជាតិ​នៅឡើយ ហើយ​លោក​បានបង្ហាញ​ពី​ផែនការ​នេះ​នៅក្នុង​គម្រោង​ថវិកា​របស់​បន្ទាយ Pentagone ប្រចាំឆ្នាំ២០១៥ ។

អ្នកទទួលខុសត្រូវ​មួយរូប​នៃ​ក្រសួងការពារជាតិ​អាមេរិក​បាន​បញ្ជាក់ថា ស្ថាប័ន​កងទ័ព​នឹង​ផ្សព្វផ្សាយ​ព័ត៌មាន​លម្អិត​ជា​សាធារណៈ​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ស្អែក​ទាក់ទិន​នឹង​ផែនការ​នេះ។ គួរ​បញ្ជាក់ថា វិធានការ​នេះ​គឺជា​ផែនការ​កាត់បន្ថយ​ខ្ទង់ចំណាយ​ចំនួន ១ ០០០ ០០០ លាន​ដុល្លារ​ក្នុង​វិស័យ​ការពារជាតិ​ក្នុង​រយៈពេល ១០ ឆ្នាំ៕


© រក្សាសិទ្ធិដោយ thmeythmey.com