ជាតិ
សង្គមជាតិ
នាយករដ្ឋមន្ត្រី​បង្ហាញ​វត្តមាន​ក្នុង​ពិធី​អាហារ​ស្រាយ​បួសស្ងាត់ៗបង្ក​ភាព​ភ្ញាក់ផ្អើល
09, Jul 2015 , 12:50 pm        
រូបភាព
រូបភាព៖ ហ្វេសប៊ុក
រូបភាព៖ ហ្វេសប៊ុក
ភ្នំពេញ៖ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម្សិលមិញ នៅពេល​លោក​បង្ហាញ​វត្តមាន​ដ៏​កម្រ​មួយ​នៅក្នុង​វិហារ​ឥស្លាម​មួយកន្លែង​ក្នុង​រាជធានី​ភ្នំពេញ។ លោកនាយក​រដ្ឋមន្ត្រី បាន​ចូលរួម​ពិធី​អាហារ​ស្រាយ​បួស​ជាមួយ​សាសនិក​ឥស្លាម​នៅ​ទីនោះ​ដោយស្ងាត់ៗ គឺ​មិនបាន​រៀបចំ​ពិធី​ធំដុំ​ដូចមុនៗទេ ដែល​ការណ៍​នេះ​ធ្វើ​ឲ្យ​សាសនិក​ឥស្លាម សិស្ស​និស្សិត​នៅ​ទីនោះ មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​នឹង​វត្តមាន​របស់លោក។



សាសនិក​ឥស្លាម​នៅ​តំបន់​បឹងកក់ បង្ហាញ​ភាព​ភ្ញាក់ផ្អើល​នៅពេល​ឃើញ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ពី​រថយន្តស្ងាត់ៗ ពុំមាន​ការ​ហែហម​ពី​មន្ត្រីធំៗ ឫ​មាន​អ្នកយាម​នោះ។ គេ​ឃើញ​មានតែ​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន ដែល​អមដំណើរ​លោកនាយ​ក​រដ្ឋមន្ត្រី នៅពេល​លោក​មកដល់​វិហារ​ឥស្លាម​បឹងកក់ ឫ​វិហារ​អាល់​សារ​កាល់ ក្រៅពី​ថ្នាក់ដឹកនាំ​ខ្មែរឥស្លាម​មួយចំនួន ដែល​រួមមាន​លោក អូស្មាន ហាស្សាន់ លោក សុះ កំ​រី លោក សុះ មុះ​សិន និង​លោក ហ្សាការីយ៉ា អាដាម។ល។

អាច​ថា​គ្មាន​ការគ្រោងទុក​ក៏​ថា​បាន ឫ​ថា​លោកនាយក​រដ្ឋមន្ត្រី ចង់​ប្តូរ​រូបភាព​ថ្មី បង្កើន​ភាពស្និទ្ធស្នាល​ជាមួយ​សាសនិក​ឥស្លាម​ក៏​ថា​បាន។ យ៉ាងណា អ្នក​ដែល​បានឃើញ​វត្តមាន​លោកនាយក​រដ្ឋមន្ត្រី​ក្នុង​វិហារ​បឹងកក់​កាលពី​ថ្ងៃទី៨ កក្កដា​ម្សិលមិញ សុទ្ធសឹង​មានការ​ភ្ញាក់ផ្អើល។ ព្រោះថា លោក​បានបង្ហាញ​ពី​ភាព​រាក់ទាក់ និង​សិ្ន​ទ្ធ​ស្នាល​ជាមួយ​ខ្មែរឥស្លាម ដោយ​អនុញ្ញាត​ឲ្យ​មានការ​ថតរូប​ជាក្រុមៗជាដើម។


យុវជន ស្រ៊ី​ប ឡា​នី ដែល​បាន​ថតរូប​ជាមួយ​នាយករដ្ឋមន្ត្រី​កាលពី​ម្សិលមិញ​ដែរនោះ បាន​និយាយថា លោក​មានការ​ភ្ញាក់ផ្អើល​មែនទែន។ លោក​បន្ថែមថា កាយវិការ​របស់លោក​នាយករដ្ឋមន្ត្រី គីសាមញ្ញ ​​បង្ហាញ​ពី​គំរូ​ល្អ ដែល​ថ្នាក់ដឹកនាំ​មាន​ចំពោះ​ប្រជាពលរដ្ឋ​ទូទៅ ជាពិសេស​មកលើ​សហគម​ន៍​ខ្មែរឥស្លាម។ លោក  ឡា​នី បន្តថា៖« ខ្ញុំ​យល់ថា គាត់​ចង់បង្ហាញ​ពី​ទំនាក់ទំនង​ល្អ​នឹង​សហគមន៍​ឥស្លាម​នៅ​កម្ពុជា ក៏ដូចជា​ការយកចិត្ត​ទុកដាក់ ចង់ដឹង​ចំពោះ​ខែ​បុណ្យ​រ៉ា​ម៉ា​ឌន ដែល​សាសនិក​ឥស្លាម​នៅ​កម្ពុជា​កំពុង​ប្រតិបត្តិ»។

ដោយឡែក​លោក ហ៊ីម ខ​ទៀត វិញ ក៏បាន​កោតសរសើរ​ចំពោះ​ការចុះ​សួរសុខទុក្ខ និង​ចូលរួម​អាហារ​ស្រាយ​បួស​របស់​លោកនាយករ​ដ្ឋ​មន្ត្រី​ដែរ។ បើទោះជា​មិនបាន​ចូលរួម​ក៏ពិតមែន តែ​លោក ខ​ទៀត បាន​ហៅ​ទង្វើ​នេះ​ថា បានបង្ហាញ​នូវ​ការយកចិត្តទុកដាក់ ពី​សំណាក់​ថ្នាក់ដឹកនាំ មកលើ​សាសនិក​ឥស្លាម ពិសេស​ក្នុង​ពិធីបុណ្យ​រ៉ា​ម៉ា​ឌន​នេះ។ យ៉ាងណា​លោក ខ​ទៀត បាន​សំណូមពរ​ឲ្យ​ថ្នាក់ដឹកនាំ​បន្ត​ជួយ និង​ដោះស្រាយ​រាល់​បញ្ហា​ដែល​សហគមន៍​ខ្មែរឥស្លាម​ចង់បាន​បន្ថែមទៀត ក្នុងនោះ​ដូចជា​ការស្នើសុំ​ឲ្យ​ស្ត្រី​ខ្មែរឥស្លាម​មាន​សិទ្ធិ​ទ​ទួ​រ​ក្រមា​ពេល​ថតរូប​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជាដើម។ លោក ខ​ទៀត បាន​ហៅ​បញ្ហា​នេះ​ថា ជា​រឿង​សំខាន់ ដែល​សហគមន៍​ឥស្លាម​កម្ពុជា​ចង់បាន។


គួររម្លឹកថា នេះ​ជា​លើក​ទី២ហើយ ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចូលរួម​ក្នុង​ពិធី​អាហារ​ស្រាយ​បួស​ក្នុង​បុណ្យ​ខែ​រ៉ា​ម៉ា​ឌន​ជាមួយ​សាសនិក​ឥស្លាម​នៅ​ឆ្នាំនេះ។ កាលពី​ថ្ងៃទី ២៦ មិថុនា ពិធី​អាហារ​ស្រាយ​បួស​ជា​ថ្នាក់ជាតិ ត្រូវបាន​រៀបចំ​នៅ​សាលសន្និសីទ​កោះ​ពេជ្រ ដែល​ពេលនោះ​មាន​អ្នកចូលរួម​ប្រមាណ​ជាង៤ពាន់​នាក់។ កាលពី​ថ្ងៃទី ១៨ កក្កដា ឆ្នាំ២០១៤ ជា​ឆ្នាំ​ទី១ នៃ​ពិធី​អាហារ​ស្រាយ​បួស​ដែល​រដ្ឋាភិបាល​រៀបចំ​សម្រាប់​សហគមន៍​ឥស្លាម លោកនាយក​រដ្ឋមន្ត្រី​បានប្រកាសថា លោក​នឹងចូលរួម​ជាមួយ​សាសនិក​ឥស្លាម​រៀងរាល់ឆ្នាំ ក្នុង​គោលបំណង​បង្កើន​ភាព​សិ្ន​ទ្ធ​ស្នាល និង​ដឹង​សុខទុក្ខ​គ្នា រវាង​មេដឹកនាំ និង​ពលរដ្ឋ​ខ្មែរឥស្លាម៕








© រក្សាសិទ្ធិដោយ thmeythmey.com