ជាតិ
សង្គមជាតិ
លោក នេ​ត សាវឿន បញ្ជា​ឲ្យ​កម្លាំង​ព្រំដែន​ទប់​ស្តា​ត់​ជនអន្តោប្រវេសន៍​ខុសច្បាប់​ចូលមក​កម្ពុជា
09, Jul 2015 , 1:41 pm        
រូបភាព
អគ្គស្នងការ​នគរបាល​ជាតិ លោក នេ​ត សាវឿន បញ្ជា​ឲ្យ កងកម្លាំង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​ទាំងអស់ ត្រូវតែ​ពង្រឹងសមត្ថភាព​ក្នុង​កិច្ចការ​ការពារ​ខ្សែបន្ទាត់​ព្រំដែន ទប់ស្កាត់​នូវ​ការហូរចូល​ជនអន្តោប្រវេសន៍​ខុសច្បាប់​មក​កម្ពុជា ក្នុងការ​អនុវត្ត​ឲ្យ​បាន​តឹងរឹង​នូវ​ច្បាប់​អន្ត​ប្រវេសន៍។ ការបញ្ជា​របស់លោក នេ​ត សាវឿន បែបនេះ ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ពង្រឹង​វិធានការ​អនុវត្ត​ច្បាប់​ស្តីពី​អន្តោប្រវេសន៍ ព្រឹក​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១។



លោក នេ​ត សាវឿន បាន​បញ្ជា​ឲ្យ នគរបាល​ការពារ​ព្រំដែន​ទាំងអស់ ត្រូវ​ពង្រឹងសមត្ថភាព​ដើម្បី​ការពារ​បូរណភាព​ទឹកដី ទប់ស្កាត់​ការហូរចូល​ជនអន្តោប្រវេសន៍ និង​ទំនិញ​ខុសច្បាប់​នានា​ចូលមក​កម្ពុជា។ ជាមួយគ្នា​នោះ​លោក​ក៏​ជំរុញ​កម្លាំង​ការពារ​ព្រំដែន អនុវត្ត​ការហ្វឹកហាត់​ជាប្រចាំ ជាពិសេស​ការថែបំប៉ន​កងកម្លាំង ។នេះ​បើ​យោងតាម​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី ០៨ ខែ កក្កដា។

សូមបញ្ជាក់ថា ក្នុង​រយៈពេល៦ខែ ដើមឆ្នាំ២០១៥នេះ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ចុះ​ចាត់វិធានការ បណ្តេញ​ជនអន្តោប្រវេសន៍​បរទេស​ខុសច្បាប់​ចំនួន ១២០០នាក់ ក្នុងនោះ​ជនអន្តោប្រវេសន៍​ខុសច្បាប់​វៀតណាម មាន​ប្រមាណ៩៨ភាគរយ ត្រូវបាន​បញ្ជូនទៅ​ស្រុកកំណើត​វិញ។ ឆ្នាំ២០១៤កន្លងមក កម្ពុជា​បាន​បណ្តេញ​ជនបរទេស​អន្តោប្រវេសន៍​ខុសច្បាប់​ចំនួន ១៨០០នាក់ ក្នុងនោះ​ជនជាតិ​វៀតណាម​មាន​ចំនួន​ប្រមាណ ១៥០០នាក់ ត្រូវបាន​បណ្តេញ​ទៅ​ប្រទេស​វៀតណាម​វិញ៕


© រក្សាសិទ្ធិដោយ thmeythmey.com