ជាតិ
សង្គមជាតិ
ព្រះមហាក្សត្រ​បាន​យាង​ដឹកនាំ​ព្រះរាជ​ពិធី​ដាំ​កូនឈើ៣ម៉ឺន​ដើម​នៅ​កំពង់ធំ
09, Jul 2015 , 5:23 pm        
រូបភាព
ដោយ:

កំពង់ធំ៖ ព្រះមហាក្សត្រ​បាន​យាង​ជា​ព្រះរាជាធិបតី នា​ព្រឹក​ថ្ងៃទី០៩កក្កដា​នេះ ក្នុង​ព្រះ​រាជពិធី​រុក្ខទិវា​នៅ​ភូមិ​ថ្មសំលៀង ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្តកំពង់ធំ។ មនុស្ស​ជាង៥ម៉ឺន​នាក់​បាន​ចូលរួម​ក្នុង​ព្រះរាជ​ពិធី​នោះ​ដាំ​ដើមឈើ​នោះ។នៅក្នុង​ព្រះរាជ​ពិធី​នោះ កូនឈើ៣ម៉ឺន​ដើម ដែល​រួមមាន ក្រញូង កកោះ និង​ធ្នង់ ត្រូវបាន​គេ​ដាំ​លើ​ផ្ទៃដី​សរុប១០ហិច​តា។



នាឱកាស​ប្រារព្ធ​ព្រះ​រាជពិធី​រុក្ខទិវា​នោះ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនីបាន​មាន​ព្រះរាជបន្ទូល​ថា «បើ​បងប្អូន​ជនរួមជាតិ​ដាំ​ដើមឈើ​ឱ្យបាន​ម្នាក់​មួយ​ដើម​ក្នុង​មួយឆ្នាំ យើង​នឹងមាន​កូនឈើ​ថ្មី​ចំនួន​ច្រើន​លាន​ដើម ដែល​អាច​ដុះ​លូតលាស់​និង​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ទៅ​ថ្ងៃ​អនាគត»។

លោក អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ បាន​សំដែង​ការអបអរសាទរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការអំពាវនាវ​របស់​អង្គ​ព្រះមហាក្សត្រ​ទៅដល់​ប្រជារាស្ត្រ​អំពី​ការដាំ​ដើមឈើ។ លោក​អភិបាលខេត្ត​បាន​ថ្លែង​បន្ថែមថា តាមរយៈ​គោលនយោបាយឈ្នះៗរបស់​រដ្ឋាភិបាល សេដ្ឋកិច្ច និង​ការប្រកបមុខរបរ​រ​បស់​ប្រជាពលរដ្ឋ​មានការ​អភិវឌ្ឍ​ទៅមុខ។ បើតាម​ការបញ្ជា​ក់រប​ស់លោក​អភិបាលខេត្ត​ដដែល ផ្ទៃដី​ធ្វើស្រែ​សរុប ២៥៧ ៦១៣ ហិច​តា​ក្នុង​ខេត្តកំពង់ធំ បានផ្តល់​ទិន្នផល​សរុប​ជា​មធ្យម៦៥ម៉ឺន​តោន​ក្នុងមួយឆ្នាំៗ ។ រីឯ​វិស័យ​ព្រៃឈើ​វិញ ខេត្តកំពង់ធំ គ្រប់​ដណ្តប់​លើ​ផ្ទៃដី​សរុប ៦៤០ ២០៩ហិច​តារដែល​ស្មើនឹង៥១,៥%នៃ​ផ្ទៃដី​សរុប។

លោក​អភិបាលខេត្ត​រូបនេះ​ក៏បាន​ថ្លែងបន្តថា ខេត្តកំពង់ធំ​មានភ័ព្វ​សំណាង​ដែល​បានទទួលព្រះរាជ​អំណោយ​តាមរយៈ​កិច្ចការ​សង្គមកិច្ច​ដែលជា​ការប្រទាន​ផ្ទាល់​របស់​ព្រះករុណា​នូវផ្ទះ​ចំនួន១៨ខ្នង​ជូន​ដល់​ប្រជារាស្ត្រ​ក្រីក្រ​របស់​ព្រះអង្គ​នៅ​ឃុំ​បារាយណ៍ ឃុំ​ជ្រលង ព្រមទាំង​ផ្លូវលំ​មួយ​ខ្សែ​ប្រវែង៨,៥គីឡូម៉ែត្រ នៅ​ឃុំ​ចើ​ង​ដើ​ង។ ពិសេស​ជាងនេះទៅទៀត ខេត្តកំពង់ធំ​ទទួលបាន​កិត្តិយស​ពី​ការយាង​ចុះសួរសុខទុក្ខ​ដល់​ប្រជាជន​ក្រីក្រ​ចំនួន០៨លើក​រួចមក​ហើយពី​ព្រះមហាក្សត្រ។
   
   
   

   

   


© រក្សាសិទ្ធិដោយ thmeythmey.com