ជាតិ
សង្គមជាតិ
តុលាការ​យុត្តិធម៌​អន្តរជាតិ​មិន​អាចជា​កន្លែង​ដោះស្រាយ​វិវាទ​ព្រំដែន​កម្ពុជា​វៀតណាម?
09, Jul 2015 , 8:39 pm        
រូបភាព
វិវាទ​ព្រំដែន​កម្ពុជា​វៀតណាម​កើតមាន​យូរ​មកហើយ ប៉ុន្តែ​វិវាទ​នេះ​បាន​ក្លាយជា​ប្រធានបទ​ក្តៅ​ជាថ្មី និង​រសើប​សម្រាប់​រដ្ឋា​ភិ​បាល​កម្ពុជា​បច្ចុប្បន្ន​ក្រោយ​វៀតណាម​រំលោភ​ចូល​ទឹកដី​កម្ពុជា​ទៀត។ ប្រជាជន​កម្ពុជា​ទារ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ប្រើប្រាស់​ផ្លូវច្បាប់​និង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ។ យ៉ាងណា​ក៏ដោយចុះ ការ​រុញ​សំណុំរឿង​ឡើង​តុលាការអន្តរជាតិ​មិនមែនជា​ដំណោះស្រាយ​ឡើយ ព្រោះ​លក្ខន្តិក​តុលាការ​តម្រូវ​ឲ្យ​មានការ​យល់ព្រម​ពី​ភាគី​ទាំងសងខាង​ជាមុន ទើប​តុលាការ​មាន​យុត្តាធិការ​ពេញលេញ​ក្នុងការ​ដោះស្រាយ​ជម្លោះ។ មានសង្ឃឹម​តិច​ណាស់ ដែលថា​វៀតណាម​ព្រមតាម​កម្ពុជាដោយ​ដឹក​ដៃគ្នា​​ឡើង​តុលាការអន្តរជាតិ​​ដើម្បី​ដោះស្រាយ​វិវាទ​រួមគ្នា​។

សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ





ក្រោយ​រកឃើញ​ស្រះ​ដែល​ជីក​ដោយ​វៀតណាម​ក្នុង​ដែនដី​កម្ពុជា ប្រជាជន​កម្ពុជា​ភាគច្រើន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចាត់វិធានការ​ដើម្បី​បញ្ឈប់​សកម្មភាព​រំលោភ​បូរណភាព​ដែនដី​កម្ពុជា​ពី​សំណាក់​វៀតណាម និង​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់រហ័ស។ រដ្ឋាភិបាល​កម្ពុជា​មិនទាន់មាន​ចំណាត់ការ​អ្វី​ធំ​ឡើយ ក្រៅពី​បញ្ជូន​កំណត់​ទូត​របស់​ក្រសួងការបរទេស​កម្ពុ​ជា​ទៅកាន់​ក្រុង​ហាណូយ។ ក្រៅពីនេះ​គណបក្សប្រឆាំង និង​គណកម្មាធិការ​ព្រំដែន​កម្ពុជា​កំពុងតែ​តទល់​គ្នា​រឿង​ផែនទី​គោល​ដើម្បី​ដោះស្រាយ​ជាមួយ​វៀតណាម​រឿង​ព្រំដែន​ផង។  ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​បាន​សរសេរ​សំបុត្រ​ផ្ញើរ​ទៅ​ប្រមុខ​អង្គការសហប្រជាជាតិ​លោក បាន គី​មូ​ន ស្នើសុំ​ខ្ចី​ផែនទី​កម្ពុជា​ដែល​តម្កល់ទុក​នៅ​ទីនោះ​តាំងពី​ឆ្នាំ ១៩៦៤ មក​ត្រួតពិនិត្យ​មើលថា​តើ​វា​ដូចគ្នា​ជាមួយ​ផែនទី​រដ្ឋាភិបាល​ប្រើប្រាស់​ឬទេ។ ការធ្វើ​នេះ​គឺ​ដើម្បី​ជម្រះ​មន្ទិលសង្ស័យ​ឲ្យ​អស់។

យ៉ាងណាក៏ដោយ វា​ជា​រឿង​សាមញ្ញ ដែល​ការដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​រដ្ឋ​ជិតខាង​មិនមែនជា​រឿង​ងាយស្រួល ទោះជា​ដោះស្រាយ​ដោយ​វិធីសាស្ត្រ​ណាក៏ដោយ​ក្តី។ ជាក់ស្តែង​រដ្ឋ​អឺរ៉ុប​មួយចំនួន​ចំណាយពេល​រហូតដល់ ៥០០ឆ្នាំ​ទម្រាំ​កំណត់ព្រំដែន​ខណ្ឌ​សី​ម៉ា​បាន​ជោគជ័យ ចុះ​ទម្រាំ​កំណត់​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​វៀតណាម។ កន្លងមក​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បានស្នើ​ឲ្យ​មានការ​ដោះស្រាយ​ដោយ​ប្រើ​ប្រព័ន្ធ​យុត្តាធិការ​អន្តរជាតិ ដោយ​បញ្ជូន​សំណុំរឿង​ព្រំដែន​កម្ពុជា​វៀតណាម​ទៅកាន់​តុលាការអន្តរជាតិ​ទីក្រុង​ឡាអេ ប្រទេស​ហូ​ឡង់ ដើម្បី​ដោះស្រាយ។

ប្រជាជន​កម្ពុជា​មួយចំនួន បានបង្ហាញ​ការគាំទ្រ​ចំពោះ​ចំណាត់ការ​នេះ ដោយ​រំពឹងថា តុលាការអន្តរជាតិ​ប្រចាំ​ក្រុងឡាអេ ដែល​ធ្លាប់​កាត់ក្តី​ឲ្យ​ខ្មែរ​ឈ្នះ​ថៃ​លើ​សំណុំរឿង​ប្រាសាទព្រះវិហារ​ឆ្នាំ ១៩៦២ នោះ​អាច​នឹងមាន​ទឹកមាត់ប្រៃ កាត់ក្តី​ដោយមាន​សុភ​វិនិច្ឆ័យ​ខ្ពស់ អាច​ដោះស្រាយ​ស្រាយ​បញ្ហា​ប្រឈម​របស់​កម្ពុជា​បាន។ បើសិន​ស្តាប់​មួយស្របក់ ហាក់ដូចជា​ទំនង​ដែរ ជុំវិញ​យោបល់​ជំរុញ​ភាគី​ជម្លោះព្រំដែន​ឡើង​តុលាការអន្តរជាតិ​ដើម្បី​តតាំង​គ្នា​និង​ជម្រះ​រាល់​បញ្ហា​ប្រឈម។ ប៉ុន្តែ បើ​គិត​មួយសន្ទុះ​ធំ វា​មិនមែន​ស្រួល​ដូច​ការគិត​របស់​យើង​រាល់គ្នា​ឡើយ។

បើជាធម្មតា​រាល់​រដ្ឋ​សមាជិក​អង្គការសហប្រជាជាតិ​នឹង​ក្លាយជា​សមាជិក​នៃ​តុលាការ​យុត្តិធម៌​អន្តរជាតិ​នេះ​ដោយ​ស្វ័យប្រវត្តិ ហើយ​វា​ជាការ​ពិត​ដែល​វៀតណាម និង​កម្ពុជា​សុទ្ធតែជា​ភាគី​នៃ​តុលាការ​នេះ។ ទោះជា​តុលាការ​នេះ​ជា​តុលាការអន្តរជាតិ​ធ្លាប់​កាត់ក្តី​ច្រើន​លើ​បញ្ហា​វិវាទ​ព្រំដែន​មកហើយ​ក្តី វា​នៅមាន​បញ្ហាធំៗមួយចំនួន​ពាក់ព័ន្ធ​នីតិវិធីតុលាការ ដែល​មិនអាច​ឲ្យ​កម្ពុជា​រំពឹង​យក​រឿង​វិវាទ​ព្រំដែន​ជាមួយ​វៀតណាម​ទៅ​តតាំង​គ្នា​នៅ​តុលាការ​បានឡើយ។  នេះ​ដោយសារតែ​នីតិវិធី​ដែលមាន​ចែង​ក្នុង​លក្ខន្តិក​តុលាការ កំណត់​ពី​យុត្តាធិការ​របស់​តុលាការ​លើ​សំណុំរឿង​ជម្លោះ។ ភាគី​ទាំងអស់​មាន​ជម្រើស​ពេញលេញ​ថា គួរ​ទទួល​យុត្តាធិការ​តុលាការ​ដែរ​ឬ​អត់។ បើ​យោងតាម​មាត្រា ៣៦ នៃ​លក្ខន្តិកៈ​តុលាការ តុលាការ​មាន​យុត្តាធិការ​ដរាបណា​ភាគី​មានលទ្ធភាព​បំពេញ​លក្ខខណ្ឌ​ខាងក្រោម​នេះ។

១.ករណី​ជម្លោះ​កើតមានឡើង
ករណី​ទីមួយ ភាគី​វិវាទ​អាច​ផ្តល់​យុត្តាធិការ​ដល់​តុលាការ​ដោយ​បង្កើត​កិច្ចព្រមព្រៀង​មួយ។ យោងតាម​មាត្រា៣៦ កថាខណ្ឌ ១  តុលាការ​យុត្តិធម៌​អន្តរជាតិ​អាចមាន​យុត្តាធិការ​លើ​សំណុំរឿង គ្រប់​ករណី​ដែល​រដ្ឋ​ភាគី​ជម្លោះ​ទាំងអស់​ព្រមព្រៀង ឬ​ឯកភាពគ្នា បញ្ជូន​សំណុំរឿង​នោះ​ទៅ​តុលាការ។ ជាធម្មតា​ភាគី​តែង​ផ្តល់ដំណឹង​ដល់​តុលាការ​ដោយ​បង្កើត​កិច្ចព្រមព្រៀង​មួយ ដែល​យើង​ហៅថា កិច្ចព្រមព្រៀង​ពិសេស (compromis) ឬក៏ យុត្តាធិការ​ស្ម័គ្រចិត្ត (voluntary jurisdiction) ។ កិច្ចព្រមព្រៀង​របស់​គូភាគី ចាំបាច់​ត្រូវមាន​កំណត់​ពី​អង្គហេតុ​នៃ​ជម្លោះ រួមជាមួយ​សម្អាង​និង​ការទាមទារ​របស់​ភាគី​ផង។ ករណី​ទី២ ភាគី​វិវាទ​អាច​ផ្តល់​យុត្តាធិការ​ដល់​តុលាការ​ដោយ​ទទួលយក​សេចក្តីណែនាំ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជា​តិ ដែល​ស្នើ​ឲ្យ​ភាគី​បញ្ជូន​សំណុំរឿង​ទៅ​តុលាការអន្តរជាតិ​អនុលោម​តាម​មាត្រា៣៣ និង៣៦នៃ​ធម្មនុញ្ញ​អង្គកា​សហប្រជាជាតិ។ ប៉ុន្តែ​កម្រ​មាន​រដ្ឋ​ធ្វើ តាម​ការផ្តល់​អនុសាសន៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​ណាស់។

២.ករណី​តុលាការ​មាន​យុត្តាធិការ​ជា​កំហិត
 ដោយឡែក​ករណី​មួយទៀត​គឺ មិនចាំបាច់​កិច្ចព្រមព្រៀង​របស់​គូភាគី​ជាមុន​ឡើយ។ តុលាការ​មាន​យុត្តាធិការ​លើ​រឿងក្តី​ជា​ស្វ័យប្រវត្តិ ដោយសារ​តែមាន​សន្ធិសញ្ញា​ឬ​អនុ​ញ្ញា​ដែល​ភាគី​ជម្លោះ​ជា​ភាគី​ដែរនោះ បាន​កំណត់ថា រាល់​វិវាទ​ដែល​កើតឡើង​ត្រូវ​យកទៅ​ដោះស្រាយ​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ។ ជាធម្មតា ខណៈ​ភាគី​ចងក្រង​សន្ធិសញ្ញា​ឬ​អនុ​ញ្ញា គេ​អាច​រៀបចំ​កំណត់​ស្ថាប័ន​ដែល​ទទួលបន្ទុក​ដោះស្រាយ​វិវាទ ករណី​ដែល​វិវាទ​កើតឡើង ប៉ុន្តែ​មិនមែន​រាល់​លិ​ខិ​បទដ្ឋាន​អន្តរជាតិ​ទាំងអស់​សុទ្ធតែ​មានចែង​ជាមុន​បែបនេះ​ទេ។  យោងតាម​កថាខណ្ឌ១  នៃ​មាត្រា៣៦ នៃ​លក្ខ​ន្តិ​តុលាការ​យុត្តិធម៌​អន្តរជាតិ តុលាការ​អាចមាន​យុត្តាធិការ​លើ​រឿងក្តី​ទាំងអស់ ផ្តល់​ជាពិសេស​ដោយ​លិខិតបទដ្ឋាន​អន្តរជាតិ​ដូចជា​សន្ធិសញ្ញា ឬ​អនុសញ្ញា​នានា​ជាដើម​ដែល​កំពុង​ស្ថិតនៅ​ជា​ធរមាន។ ក្នុងស្ថានភាព​នេះ សំណុំរឿង​អាច​ត្រូវ​រដ្ឋ​ភាគី​បញ្ជូន​ទៅកាន់​តុលាការ​ដោយ​ប្រើប្រាស់​លិខិត​ជា​លាយលក្ខណ៍អក្សរ ដោយមាន​ភ្ជាប់​ជាមួយ​អង្គហេតុ កម្មវត្ថុ​ភាគី និង​បញ្ជាក់​ផង​តើ​មាត្រា ឬ​វាក្យខណ្ឌ​ណាមួយ​នៃ​សន្ធិសញ្ញា​ឬ​អនុ​ញ្ញា ដែល​ចែងថា​តុលាការ​មាន​យុ​ត្តិ​ធិ​ការទទួល​សំណុំរឿង​វិវាទ។

បើសិន ករណី​លិខិតបទដ្ឋាន​អន្តរជាតិ​ដូចជា​សន្ធិសញ្ញា និង​អនុសញ្ញា​នេះ​ត្រូវបង្កើត​មុន​តុលាការ​យុត្តិធម៌​អន្តរជាតិ តែ​ស្ថិតនៅ​ជា​ធរមាន ហើយ​មាន​ចែងថា ករណី​មានរឿង​វិវាទ​កើតឡើង ភាគី​ត្រូវបញ្ជូន​សំណុំរឿង​ស្ថាប័ន​យុត្តិធម៌​ដែល​បង្កើតឡើង​អង្គការ​សម្ព័ន្ធ​ប្រជាជាតិ ឬ​តុលាការ​យុត្តិធម៌​អចិន្ត្រៃយ៍​អន្តរជាតិ នោះ​រឿងក្តី​ត្រូវ​បង្វែ​ត្រលប់​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​វិញ។ បញ្ហា​នេះ​មានចែង​ក្នុង​មាត្រា ៣៧នៃ​លក្ខន្តិកៈ​តុលាការ​យុត្តិធម៌​អន្តរជាតិ  ហើយ​ការកំណត់​បែបនេះ​ដោយសារតែ​តុលាការ​យុត្តិធម៌​អចិន្ត្រៃយ៍​អន្តរជាតិ​និង​សម្ព័ន្ធ​ប្រជាជាតិ​លែងមានទៀតហើយ។  ចំណែក​ចំណុច​មួយទៀត​គឺ ភាគី​ជម្លោះ​ចេញ​សេចក្តីប្រកាស​ឯក​តា​ភាគី ទទួលស្គាល់​យុត្តាធិការ​របស់​តុលាការ (Compulsory ipso facto) យោងតាម​កថាខណ្ឌ២ នៃ​មាត្រា៣៦ ។ ប៉ុន្តែ ករណីនេះ រដ្ឋ​មួយ​ដែល​ប្រកាស​ទទួលស្គាល់​យុត្តាធិការ​តុលាការ ត្រូវ​នាំ​ភាគី​មួយទៀត​ដែល​ទទួលស្គាល់​កាតព្វកិច្ច​ដូចគ្នា ដោយ​ទទួលស្គាល់​យុត្តាធិការ​តុលាការ​ជា​លក្ខណ​ឯកតោភាគី​ដូចគ្នា។ ដែល​នេះ​មានន័យថា ទោះ​រដ្ឋ​មួយ​នេះ​ប្រកាស​ទទួលស្គាល់​យុត្តាធិការ​ក៏ពិតមែន តែបើ​ភាគី​ម្ខាង​ទៀត​មិនបាន​បំពេញ​ដូចគ្នា​ទេ តុលាការ​ក៏​គ្មាន​យុត្តាធិការ​ដែរ។

ផ្អែក​តាម​នីតិវិធី​ខាងលើ រឿងក្តី​ព្រំដែន​កម្ពុជា​និង​វៀតណាម គ្រប់គ្នា​មានសង្ឃឹម​ខ្ពស់ ដោយ​កម្ពុ​ជាមាន​ភស្តុតាង​និង​ឯកសារ​ពាក់ព័ន្ធ​គ្រប់គ្រាន់ ដែល​អាច​ប្រើប្រាស់​បាន​សម្រាប់​ទប់ទល់​ភាគី​វៀតណាម នៅតែ​ពិបាក​បញ្ជូនទៅ​ដោះស្រាយ​នៅ​តុលាការ។ ភាគី​វៀតណាម​អាចមាន​ផ្លូវ​សម្រាប់​ដើរ​ដោយ​មិន​ទៅ​តុលាការ​ជាមួយ​កម្ពុជា។ វា​ជា​ក្រិត​ក្រម​ធម្មជាតិ ដែល​គ្មាន​មេដឹកនាំ​រដ្ឋ​ណាមួយ​ចង់​បាត់​ដី​ឡើយ ទោះជា​ដី​បានមក​ដោយ​លួច​គេ វាយ​ដណ្តើម ឬក៏​មាន​យូរហើយ​ក៏ដោយ៕


© រក្សាសិទ្ធិដោយ thmeythmey.com