ជាតិ
កម្ពុជាកំពុងរងឥទ្ធិពលខ្យល់មូលសុងនិរតី និងប្រព័ន្ធសម្ពាធទាបចាប់ពីថ្ងៃនេះទៅ
× តំបន់ខ្ពង់រាបខាងជើង និងខ្ពង់រាបភាគឦសាន តំបន់ទំនាបកណ្តាល និងតំបន់មាត់សមុទ្រ កំពុងរងឥទ្ធិពលខ្យល់មូសុងនិរតី និងឥទ្ធិពលប្រព័ន្ធសម្ពាធទាប (ITCZ) រយៈពេល៧ថ្ងៃ គឺចាប់ពីថ្ងៃទី៩-១៥ ខែកក្តដា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី៩ កក្តដានេះ។
ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា កម្ពុជាកំពុងទទួលរងឥទិ្ធពលខ្យល់មូសុងនិរតី និងឥទ្ធិពលប្រព័ន្ធសម្ពាធទាប (ITCZ) ចាប់ពីថ្ងៃទី៩-១៥ កក្តដា នៅបីតំបន់ៗផ្សេងគ្នា។ ទី១ តំបន់ខ្ពង់រាបខាងជើង និងខ្ពង់រាបភាគឦសាន មាននៅខេត្តឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគីរី មណ្ឌលគីរី មានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន។ ទី២ តំបន់ទំនាបកណ្តាល មាននៅខេត្តសៀមរាប កំពង់ធំ កំពង់ចាម ព្រៃវែង មានភ្លៀងពីមធ្យមទៅបង្គួរ។ និងទី៣ តំបន់មាត់សមុទ្រ មាននៅខេត្តកោះកុង កែប កំពត និងខេត្តព្រះសីហនុ មានភ្លៀងពីមធ្យមទៅច្រើន។ ចំណែកលើផ្ទៃសមុទ្រមានខ្យល់បក់បោក និងរលកខ្លាំង។ រលកសមុទ្រអាចមានកម្អស់ពី ១ទៅ២ម៉ែត្រ៕
ប៉ុន្តែឥទ្ធិពលនេះកំពុងអូសបន្លាយកាត់លើភាគខាងត្បូងប្រទេសឡាវ និងលើអាងទន្លេមេគង្គក្នុងប្រទេសថៃ និងប្រទេសឡាវ។ ទន្ទឹមនឹងនេះ នៅក្នុងសមុទ្រចិនខាងត្បូង និងមហាសមុទ្រប៉ាស៊ីហ្វិក ក៏មានកើតឡើងនូវព្យុះចំនួន៣ បន្តបន្ទាប់គ្នាផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com