ជាតិ
សង្គមជាតិ
ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​បាវិត៖ តុលាការ​មិនទាន់​ដោះស្រាយ​សំណង​រដ្ឋប្បវេណី​​នៅឡើយ​​
09, Jul 2015 , 6:41 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ នៅ​ថ្ងៃទី៩ កក្កដា​នេះ ភាគី​គ្រួសារ​ជនរងគ្រោះ​ប្រមាណ២០នាក់ ក្នុង​គ្រោះថ្នាក់ចរាចរ​ណ៏​នៅ​ខេត្តស្វាយរៀង បាន​តវ៉ា​នៅមុខ​តុលាការខេត្ត ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ព​ន្លឿ​ននីតិវិធី​ក្នុង​សំណុំ​រឿងនេះ ពិសេស​គឺទាមទារ​សំណង​រដ្ឋប្បវេណី។ រយៈពេល​ជាង ២ខែ​ហើយ ដែល​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ ដែល​បាន​បណ្តាល​ឲ្យ​កម្មករកម្មការិនី​នៅ​ក្រុង​បាវិត​ជាង ២០នាក់​បាន​បាត់​ជីវិត​នោះ នៅ​មិនទាន់​ដោះស្រាយរួច។



គ្រួសារ​ភាគី​ជនរងគ្រោះ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់នោះ បានចេញ​មុខ​តវ៉ាទាមទារ​សំណង​រដ្ឋប្បវេណី ហើយពួកគេអះអាងថា ​តុលាការខេត្ត​ស្វាយរៀង​ពុំបាន​ផ្តល់​​ព័ត៌មានជាក់លាក់ពី​ដំណោះស្រាយ​ក្នុង​សំណុំ​រឿងនេះទេ។​

តំណាង​ភាគី​រងគ្រោះ​ក្នុង​ឃុំ​ពោធិ៍​រាជ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង លោក មាស សីហា ចាត់ទុក​នីតិវិធី​រប​ស់​តុលាការខេត្ត​ស្វាយរៀង​ថា មាន​លក្ខណៈ​យឺតយ៉ាវ ដែល​ពួកគេ​មិនអាចទទួលយកបាន។ លោក​ប្រាប់ថា មកទល់ពេលនេះ តុលាការ​មិនបាន​ផ្តល់​ដំណឹង​ពី​ការដោះស្រាយ​សំណង​ទេ បើទោះបីជា ភាគី​គ្រួសារ​ជនរងគ្រោះ​ទាំងអស់ បានដាក់​ពាក្យបណ្តឹង​រួច​ក៏ដោយ។ «យើង​បានដាក់​ពាក្យបណ្តឹង​ជាង​ពីរ​​ខែ​ហើយ​ តែ​​យើង​មិន​ទាន់​​ទទួល​ដំណោះស្រាយ ​ពី​ខាង​តុលាការ​ទេ​ ហើយ​ពួកគេ​តែង​សន្យាថា ដោះស្រាយ​ថ្ងៃនេះ​ ថ្ងៃនោះ តែ​លទ្ធផល​ស្ងាត់ តែម្តង»។ នេះ​ជាការ​បញ្ជាក់​របស់លោក មាស សីហា។​

លោក​បន្ថែមថា ប្រសិនបើ​តុលាការ​មិន​ព​ន្លឿ​ន​នីតិវិធី​ដោះស្រាយ​ទេនោះ ពួកគេ​នឹង​បន្តទាមទារ​នៅ​សបា្តហ៍​ក្រោយ​ទៀត​ដែរ។​ ​បើតាម​លោក មាស សីហា ភាគី​​គ្រួសារ​​អ្នករងរបួស​ក្នុងករណីនេះ បាន​ប្តឹង​ទាមទារ​សំណង​រដ្ឋប្បវេណី​មួយនាក់​ៗ ១ម៉ឺន​​ដុល្លារ​​អាមេរិក រីឯ​ភាគី​​គ្រួសារ​អ្នក​​បាត់បង់​ជីវិត​​ទាមទារ ២​ម៉ឺន​ដុល្លារ​អាមេរិក​​ក្នុង​​មួយនាក់ៗ ​​ភាគី​​​ក្រុមហ៊ុន​រថយន្ត​ក្រុង។

គួររម្លឹកថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សោក​សង្វេគ​រវាង​រថយន្ត​ក្រុង​របស់​ក្រុមហ៊ុន​ឯកជន​ជាមួយនឹង​រថយន្ត​ទួល​រី​ស ១៥កៅអី​ដែល​ដឹក​កម្មករ​កម្មការិនី​រោងចក្រ​នេះ បានកើត​ឡើង កាលពី​ព្រឹក​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១។ អ្នកបើកបរ​ជនជាតិ​វៀតណាម លោក Le vanghing អាយុ ៤៣ ឆ្នាំ​បាន​បើកបរ​រថយន្ដក្រុង​ពី​ទីក្រុង​ហូជីមិញ​មក​រាជធានី​ភ្នំពេញ ព្យាយាម​បើក​វ៉ា​រថយន្ត​មួយគ្រឿង​ក្នុង​ល្បឿន​លឿន រួច​ក៏​ជ្រុល​ទៅបុក​រថយន្ត​ដឹក​កម្មករ​រោងចក្រ។ ចំណោម​កម្មក​ទាំងអស់​ចំនួន ៣៨នាក់ យ៉ាងហោចណាស់​កម្មករ១៦នាក់​បាន​ស្លាប់ភ្លាមៗ និង​ជាង ២០នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់​ស្រាល​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ មួយ​ដែល​មិនដែល​ធ្លាប់​មាននៅ​ក្នុងស្រុក​ស្វាយទៀប ខេត្តស្វាយរៀង។

តុលាការខេត្ត​ស្វាយរៀង​បាន​ចោទ​លោក Le vanghing ពីបទ​បើកបរ​ដោយ​ធ្វេសប្រហែស បទ​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ​ដោយ​ចេតនា តាមច្បាប់​ចរាច​ណ៍​ផ្លូវគោក​ប្រទេស​កម្ពុជា។ ដោយឡែក បុរស​ពីរ​ផ្សេងទៀត ត្រូវ​ចោទ​ពីបទ​មានគំនិត​លុបបំបាត់​ភស្តុតាង ដោយ​ពួកគេ​បាន​ព្យាយាម​ទៅ​ដោះ​ស្លាក​លេខ និង​សម្ភារៈ​មួយចំនួនទៀត​ក្នុង​រថយន្តក្រុង​នោះ ក្រោយពី​បង្ក​គ្រោះថ្នាក់៕


© រក្សាសិទ្ធិដោយ thmeythmey.com