ជាតិ
សង្គមជាតិ
លោក នេ​ត សាវឿន ព្រមាន​ដកតំណែង​នគរបាល ដែល​អសកម្ម​នៅ​មូលដ្ឋាន
10, Jul 2015 , 9:55 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិបាន​ព្រមាន​ដកតំណែងមេ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល និង​មន្ត្រី​ប៉ុស្តិ៍នគរបាល​នៅតាម​មូលដ្ឋាន​ណា ដែល​មិន​កែប្រែ​ឥរិយាបថ ដែល​ធ្វើ​ឲ្យ​ប្រជាជន​បាត់​ជំនឿ​លើ​កិច្ចការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន។ នេះ​បើតាម​ការផ្សាយ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ។



នា​សិក្ខាសាលា​ស្តីពី​ការពង្រឹង​របៀបរបប​គ្រប់គ្រង​ភារកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាលនៅ​រសៀល​ទី៩ ខែ​កក្ត​ដា​នេះ លោក នេ​ត សាវឿន បាន​ព្រមាន​ឲ្យ​កងកម្លាំង​នគរបាល​ទាំងអស់​​ផ្លាស់ប្តូរ​ឥរិយាបទ និង​ចរិត​ក្នុងការ​បំពេញតួនាទី ពិសេសគឺ លោកថ្លែងផ្តោត​លើ​ការបំពេញតួនាទីរបស់នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​នៅតាម​មូលដ្ឋាន។​

ក្នុងនាម​ជា​មេ​នគរបាលជាតិ លោក នេ​ត សាវឿន បានចាត់ទុក​កងកម្លាំង​នគរបាល ជា​អ្នកបម្រើ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​នៅតាម​មូលដ្ឋាន ពិសេស​គឺជា​អ្នកចេះ​ជួប​ប្រាស្រ័យ ទាក់ទង​ល្អជា​មួយ​ប្រជាជន ដើម្បី​ឲ្យ​ប្រជាជនមាន​ជំនឿ​ទុកចិត្ត​មកលើ​ការបំពេញ​តួនាទី ភារកិច្ច​របស់​នគរ​បាល​ជាតិ។

បើតាម​ការផ្សាយ​របស់​ប៉ូលីស បច្ចុប្បន្ននេះ កម្ពុ​ជាមាន​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចំនួន ១៦៣៣ប៉ុស្តិ៍ និង​មាន​មន្ត្រីនគរបាល​បម្រើការ​ងារ​ជិត ១៥០០០នាក់ ស្រី ៤៣៩នាក់៕



© រក្សាសិទ្ធិដោយ thmeythmey.com