ជាតិ
សង្គមជាតិ
រដ្ឋាភិបាលអនុញ្ញាតឲ្យស្ត្រីឥស្លាមទទូរក្រមាពេលថតរូបធ្វើអត្តសញ្ញាណប័ណ្ណ រូបភាព៖ ហ្វេសប៊ុក
× នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃសុក្រនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសផ្តល់សិទ្ធិដល់ស្ត្រីខ្មែរឥស្លាមនៅកម្ពុជា មានសិទ្ធិអាចទទូរក្រមានៅពេលថតរូបធ្វើអត្តសញ្ញាណប័ណ្ណហើយ។ ក្នុងនោះ បុរសក៏ដូចគ្នា ពួកគេអាចពាក់កាតឹប តាមប្រពៃណីរបស់សាសនា ក្នុងការថតរូបធ្វើអត្តសញ្ញាណប័ណ្ណ ឫលិខិតឆ្លងដែនជាដើម។
យោងតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី និងយោងតាមចំណារពីប្រមុខរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឲ្យស្ត្រីឥស្លាមទាំងអស់មានសិទ្ធិអាចទទូរក្រមា ហើយបុរសអាចពាក់កាតឹបបាន នៅពេលពួកគេថតរូបធ្វើអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ឫថតរូបសម្រាប់ឯកសាររដ្ឋបាលផ្សេងៗ ។ ការសម្រេចនេះ ធ្វើឡើងក្រោយពីមានសំណើរពីថ្នាក់ដឹកនាំខ្មែរឥស្លាម ដែលមានគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ក៏ដូចជាអង្គការមូលនិធិអភិវឌ្ឍន៍មូស្លឹមកម្ពុជា។
ក្នុងសេចក្តីជូនដំណឹងលេខ ៧០៤ដែលធ្វើឡើងនៅថ្ងៃទី ២៩ មិថុនា ទីស្តីការគណៈរដ្ឋមន្ត្រី បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អនុវត្ត និងចាត់ចែងតាមការគួរចំពោះសេចក្តីសម្រេចនេះ។
ក្នុងលិខិតដាច់ដោយឡែកលេខ ៧០៣មួយទៀត រដ្ឋាភិបាលកម្ពុជាក៏បានសម្រេចបញ្ចូលគ្រូបង្រៀនខ្មែរឥស្លាមចំនួនប្រមាណ ១៥០០នាក់ទូទាំងប្រទេស ទៅក្នុងក្របខណ្ឌគ្រូបង្រៀននៃក្រសួងអប់រំ យុវជន និងកីឡាផងដែរ។ សេចក្តីសម្រេចដែលធ្វើឡើងនៅថ្ងៃទី ២៩ មិថុនា ឆ្នាំ២០១៥ដែរនោះ បានយោងតាមចំណារពីប្រមុខរដ្ឋាភិបាលដែលចុះថ្ងៃទី ២៧ មិថុនា ស្តីពីការយល់ព្រមតាមការស្នើសុំគោលការណ៍ខាងដើម។
ទីស្តីការគណៈរដ្ឋមន្ត្រី ស្នើឲ្យក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមុខងារសាធារណៈ សហការអនុវត្តសេចក្តីសម្រេចនេះចាប់ពីខែ សីហា ឆ្នាំ២០១៥ តទៅ។
គួររម្លឹកថា កាលពីពេលថ្មីៗនេះ គណបក្សសង្គ្រោះជាតិក៏ធ្លាប់បានដាក់គោលនយោបាយទាំងពីរនេះទៅក្នុងគោលនយោបាយទាំង៧របស់ខ្លួនផងដែរ សម្រាប់សហគមន៍ខ្មែរឥស្លាម។ លោក សម រង្ស៊ី បានអះអាងនៅចំពោះមុខខ្មែរឥស្លាមជាង១០០នាក់ ដែលបានទៅចូលរួមក្នុងពិធីអាហារស្រាយបួសនៅគេហដ្ឋានរបស់លោក ថានឹងផ្តល់ម៉ោងផ្សាយយ៉ាងហោចណាស់មួយថ្ងៃ១ម៉ោងដល់ខ្មែរឥស្លាមនៅពេលទូរទស្សន៍ព្រះអាទិត្យដំណើរការ ការរៀបចំកន្លែងថ្វាយបង្គំនៅទីសាធារណៈ ការផ្តល់ប្រាក់ខែដល់គ្រូបង្រៀនខ្មែរឥស្លាម ឫតួន និងការផ្តល់សិទ្ធិដល់ស្ត្រីឥស្លាម អាចទទូរក្រមាពេលធ្វើអត្តសញ្ញាណប័ណ្ណនេះជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com