កីឡាជាតិ
ជាតិ
ភ្នំពេញក្រោន, បឹងកេត, បៀលប្រាយ និង ស៊ីម៉ាក់ មិនទាន់ស្គាល់រសជាតិចាញ់
10, Jul 2015 , 11:25 am        
រូបភាព
ដោយ:
កម្មវិធីប្រកួតបាល់ទាត់មិត្តហ្វូនខេមបូឌានលីក ២០១៥ (MCL 2015) ធ្វើដំណើរបាន ៣ ប្រកួតហើយ ប៉ុន្ដែមានក្រុមចំនួន ៤ គឺ ភ្នំពេញក្រោន, បឹងកេតអង្គរ, បៀលប្រាយយូណាយធិត និង ក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេ។



សម្រាប់ក្រុមជើងឯកឆ្នាំចាស់ភ្នំពេញក្រោន ប្រកួតបាន ៣ លើកមាន ៧ ពិន្ទុឈរលើកំពូលតារាងបណ្ដោះអាសន្ន ក្រោយស្មើគ្នាជាមួយបឹងកេតអង្គរ ០ ទល់ ០ តែឈ្នះណាហ្គាវើល ៤ ទល់ ២ និង បន្តឈ្នះក្រុមខេមបូឌានថៃហ្គឺរ ៣ ទល់ ១។ កីឡាករ Bisan George រកគ្រាប់បាល់បាន ៤ គ្រាប់ម្នាក់ឯង ខណៈមិត្តរួមក្រុម Shane Booysen រកបាន ២ គ្រាប់ និង កីឡាករខ្មែរអិស្លាម សារី ម៉ាត់ណូរ៉ូទីន រកបាន ១ គ្រាប់។

ងាកទៅមើលក្រុមជើងឯករងឆ្នាំចាស់ បឹងកេតអង្គរ វិញម្ដង មាន ៧ ពិន្ទុស្មើគ្នាជាមួយភ្នំពេញក្រោន ដែរ តែចាញ់គ្រាប់បាល់ទាត់បញ្ជូលទី២ គ្នា។ បឹងកេត ប្រកួតស្មើភ្នំពេញក្រោន ០ ទល់ ០ តែប្រកួតឈ្នះក្រុមខេមបូឌានថៃហ្គ័រ ៣ ទល់ ២ និង ឈ្នះក្រុមម្ចាស់ផ្ទះក្រសួងការពារជាតិ ៣ ទល់០។ ៦ គ្រាប់របស់បឹងកេត រកបានដោយកីឡាករ ចាន់ វឌ្ឍនាកា និង Samuel Gbenga ហើយ ឃូន ឡាបូរ៉ាវី និង Yemi Joseph រកបានម្នាក់ ១ គ្រាប់ផងដែរ។

ចំណែកក្រុមបៀលប្រាយ មិនទាន់ជួបពាក្យថាបរាជ័យនៅឡើយដែរ ដោយប្រកួត ៣ លើឈ្នះ អាស៊ីអឺរ៉ុប ៧ ទល់ ២ ហើយស្មើគ្នាជាមួយក្រុមចំណូលថ្មីស៊ីម៉ាក់ ១ ទល់ ១ និង បន្តស្មើក្រុមម្ចាស់ផ្ទះវេស្ទើន ២ ទល់ ២ ។ បៀលប្រាយ ជាក្រុមរកគ្រាប់បាល់បញ្ជូលទីគូប្រកួតបានច្រើនជាងគេក្នុងសប្ដាហ៍ទី៣ នេះដោយទាត់បាន ១០ គ្រាប់ ហើយក្នុងគ្រាប់ទាំងអស់នេះរកបានដោយកីឡាករ Adeyanju Rasheed Omokafe ចំនួន ៤ គ្រាប់ម្នាក់ឯង។

សម្រាប់ក្រុមស៊ីម៉ាក់ វិញ ជាក្រុមទើបតែបង្ហាញមុខដំបូងបង្អស់ក្នុងពានរង្វាន់លីកកំពូលកម្ពុជា នេះ ប៉ុន្ដែទោះជាក្រុមថ្មីយ៉ាងណាក៏ដោយតែ ស៊ីម៉ាក់ ប្រកួត ៣ លើកស្មើជាមួយសិស្សច្បងទាំង ៣ លើកមានដូចជា ស្មើជាមួយ គីរីវង់សុខសែនជ័យ ១ ទល់ ១ ហើយស្មើជាមួយក្រុមបៀលប្រាយ ១ ទល់ ១ ទៀត និង បន្តស្មើជាមួយជើងខ្លាំងខេត្តស្វាយរៀង នៅកីឡដ្ឋានខេត្តមួយនេះដោយលទ្ធផល ៣ ទល់ ៣ ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ ៥ គ្រាប់របស់ស៊ីម៉ាក់ រកបានដោយតែកីឡាករជនជាតិអាមេរិក Janzen Anthony Robert ម្នាក់ឯងប៉ុណ្ណោះ។

សម្រាប់កម្មវិធីប្រកួតបន្ទាប់នៅចុងសប្ដាហ៍នេះមាន ភ្នំពេញក្រោន ត្រូវប៉ះជាមួយអាស៊ីអឺរ៉ុប ហើយក្រុមបឹងកេតអង្គរ ត្រូវជួប គីរីវង់សុខសែនជ័យ ក្រុមស៊ីម៉ាក់ ប៉ះក្រុមណាហ្គាវើល និង ក្រុមបៀលប្រាយ ប្រកួតជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ។

តើ៤ ក្រុមនេះមានក្រុមណាអាចរក្សាពាក្យថាមិនចាញ់សោះ នៅប្រកួតប្រចាំសប្ដាហ៍ទី៤?


© រក្សាសិទ្ធិដោយ thmeythmey.com