ជាតិ
​​​ន​យោ​បាយ​ជាតិ​
មន្ត្រី​ព្រំដែន៖ កិច្ចប្រជុំ​ព្រំដែន​កម្ពុជា-វៀតណាម កម្ពុជា​មិន​ខាតបង់​ទឹកដី!
10, Jul 2015 , 3:07 pm        
រូបភាព
រូបខាងឆ្វេងលោក ឡុង វីសាលោ កណ្ដាលលោក វ៉ា គឹមហុង ខាងស្ដាំលោកស្រី កុយ ពិសី
រូបខាងឆ្វេងលោក ឡុង វីសាលោ កណ្ដាលលោក វ៉ា គឹមហុង ខាងស្ដាំលោកស្រី កុយ ពិសី
អនុប្រធាន​គណៈកម្មាធិកា​រ​ព្រំដែន​កម្ពុជា លោកស្រី កុយ ពិសី អះអាងថា កម្ពុជា​មិនបាន​បាត់បង់​ទឹកដី​ទៅ​ឲ្យ​វៀតណាម តាមរយៈ​សេចក្តីសម្រេច​នៅក្នុង​កិច្ចប្រជុំ​ព្រំដែន​កម្ពុជា-វៀតណាមថ្មីៗនោះទេ ។ ការអះអាង​បែបនេះ ធ្វើឡើង​ក្រោយពី​វៀតណាម​បានបង្ហាញ​លទ្ធផល​នៃ​ការដោះដូរ​ដី​គ្នា តាម​MOU កាលពី​ឆ្នាំ២០១១ ដែលលោក អ៊ុំ សំអាន ​តំណាងរាស្រ្តគណបក្សប្រឆាំងសង្ស័យថា កម្ពុជា​អាច​ខាតបង់​ដី​បន្ថែមទៀត ឲ្យ​វៀតណាម​ក្នុង​កិច្ចប្រជុំ​សម្ងាត់ រយៈពេល៣ថ្ងៃនេះ។ គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា-វៀតណាម បាន​បើកប្រជុំ​ទាក់ទង​រឿង​បោះបង្គោល​ព្រំដែន​ចាប់ពី​ថ្ងៃ ៧ ដល់៩ កក្កដា នាទី​ស្ដីការគណៈរដ្ឋមន្ត្រី ។



លោកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការព្រំដែន ច្រានចោលមន្ទិល​សង្ស័យរបស់លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សប្រឆាំង ដែលថាកម្ពុជា​អាច​បាត់បង់​ទឹកដី​បន្ថែមទៀត​ឲ្យ​វៀតណាម​។ ថ្លែងប្រាប់​សារព័ត៌មានថ្មីៗលោកស្រី កុយ ពិសី បាន​បន្ថែម​ពីលើ​សេចក្ដីប្រកាស​ព័ត៌មាន​រួម​រវាង​ភាគី​ទាំងពីរ​ថា តាមរយៈ​សេចក្តីសម្រេច​ក្នុង​កិច្ចប្រជុំ​នោះ កម្ពុជា​មិនបាន​បាត់បង់​ដី​ឲ្យ​ទៅ​វៀតណាម​ដូច​ការចោទប្រកាន់​ពី​មតិ​មួយចំនួន​នោះទេ។

លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្ដែង​ការមិន​ពេញចិត្ត​ចំពោះ​ការប្រជុំសម្ងាត់ ដោយ​លាក់លៀម​ព័ត៌មាន ខណៈដែល​កម្ពុជា​បង្ហាញ​លទ្ធផល​សម្រេច​មិន​ដល់​មួយ​ទំព័រ រីឯ​ភាគី​វៀតណាម​មាន​លទ្ធផល​ស​ម្រេច២ទំព័រ។ លោក អ៊ុំ សំអាន បានដាក់​ការសង្ស័យថា ការលាក់លៀម​ព័ត៌មាន និង​លទ្ធផល​បង្ហាញ​ខុសគ្នា​នេះ អាចមកពី​ភាគី​កម្ពុជា​ខាត​បង់​ទឹកដី ហើយ​វៀតណាម​ចំណេញ​ទឹកដី​នៅក្នុង​កិច្ចប្រជុំ​នោះ។

អ្នកតំណាងរាស្ត្រ​បក្សប្រឆាំង​រូបនេះ បានបញ្ជាក់​យ៉ាងនេះ​ថា៖ «ខ្ញុំ​មិន​ស្វាគមន៍​ចំពោះ​លទ្ធផល​នៃ​កិច្ចប្រជុំ​នោះទេ។ខ្ញុំ​យល់ថា​យួន​ជា ​អ្នក​ចំណេញ ចំណែក​កម្ពុជា​ជា​អ្នកខាតបង់​ទឹកដី ព្រោះ​ខ្ញុំ​បាន​ឃើញថា​លទ្ធផល​ដែល​លោក វ៉ា គឹមហុង បានប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ដឹង​មានតែ​ប៉ុន្មាន​ចំណុច​ទេ ដែល​និយាយ​ពី​ការ​សហការគ្នា និង​សម្រេចបាន​បន្ដិចបន្ដួច តែ​ចំណុច​មួយចំនួន​ខាត​នោះ​គឺ​លោក វ៉ា គឹមហុង មិនបាន​បង្ហាញ​នៅក្នុង​សេចក្ដីប្រកាស​នោះទេ។ តែ​ខាង​យួន​វិញ​បាន​ផ្សព្វផ្សាយ ហើយ​ហេតុអ្វី​បាន​យួន​ជា​ប្រទេស​កុម្មុយនីស្ដ​ហ៊ាន​ផ្សាយ ដោយសារ​គេ​អាច​ចំណេញ »។

ឆ្លើយតប​នឹង​សំណួរ​ថា តើ​មូល​ហេតុអ្វី​បានជា​ភាគី​វៀតណាម​មាន​លទ្ធផល ២ ទំព័រ បង្ហាញ​ពី​រឿង​ដោះដូរ​ដី​គ្នា​នៅតាម​ព្រំដែន​ក្រោយ​កិច្ចប្រជុំ ខណៈដែល​កម្ពុជា​មានតែ ១ ទំព័រ? អនុប្រធាន​គណៈកម្មាធិកា​រ​ព្រំដែន​កម្ពុជា​លោកស្រី កុយ ពិសី បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖«ខ្ញុំ​មិនទាន់​បានឃើញ​លទ្ធផល​ដែល​ខាង​វៀតណាម​ផ្សព្វផ្សាយ​នោះទេ ដោយ​ខ្ញុំ​គ្រាន់តែ​បានឮ​ពី​អ្នកសារព័ត៌មាន​សួរ​ខ្ញុំ។ តែ​ខ្ញុំ​យល់ថា​លទ្ធផល​វៀតណាម​ផ្សព្វផ្សាយ​នោះ គឺជា​គោលការណ៍​MOU ឆ្នាំ២០១១ កែសម្រួល​ខ្សែ​ព្រំដែន​ដែល​ភាគី​ទាំងពីរ​ព្រមព្រៀង​ដោះដូរ​ដី​គ្នា ស្មើ​ទៅ​ស្មើ​មក វា​មិន​បាត់បង់​ដី​ទេ»។ លោកស្រី​បន្ថែម​យ៉ាងនេះ​ថា៖«ចំណុច​ចំនួន៧នោះ ប្រហែលជា​វៀតណាម​ចង់បង្ហាញ​ពី​តំបន់​ចំនួន៧មិនទាន់​ដោះស្រាយ ដែល​ភាគី​ទាំងពីរ​កំពុង​បន្ដ​ការដោះស្រាយ»។

ក្រោយ​កិច្ចប្រជុំ​រវាង​ភាគី​កម្ពុជា និង​វៀតណាម ចាប់ពី​ថ្ងៃទី៧ ដល់​ថ្ងៃទី៩ ខែកក្កដា កម្ពុជា​បានបង្ហាញ​លទ្ធផល​ទី១ ជា​ភាសា​ខ្មែរ​ថា ភាគី​ទាំងពីរ​ទទួលស្គាល់ថា ការងារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​រវាង​ប្រទេស​ទាំងពីរ មាន​ភាពស្មុគស្មាញ​ច្រើន។ ភាគី​ទាំង​ពីរបាន​បោះបង្គោល​ព្រំដែន​បាន ៨៣ ភាគរយ​ហើយ ហើយនឹង​ខំ​បញ្ចប់​នៅពេល​ខាងមុខ។ ទី២ ភាគី​ទាំងពីរ​ឯកភាព​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​តាម​សេចក្ដីប្រកាស​ព័ត៌មាន រួម ចុះ​ថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៥ ស្ដីពី​ការរក្សា​ស្ថានភាព​បច្ចុប្បន្ន​នៅតាម​បណ្ដោយ​ព្រំដែន និង​ទី៣ ភាគី​ទាំងពីរ​ឯកភាពគ្នា​ឱ្យ​ក្រុមបច្ចេកទេស​ចម្រុះ​ព្រំដែន និង​អាជ្ញាធរ​ពាក់ព័ន្ធ​នៅតាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ទាំងពីរ សហការគ្នា​ដោះស្រាយ​ឲ្យ​មាន​ប្រសិទ្ធភាព រាល់​បាតុភាព​ដែល​កើតមាន​នៅតាម​បណ្ដោយ​ព្រំដែន ដើម្បី​ទប់ស្កាត់ និង​បញ្ចៀស​ការរីក​រាលដាល​ដែលនាំឱ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ល្អ​នៃ ប្រទេស​ទាំងពីរ។

យ៉ាងណាក៏ដោយ​ចំពោះ​លទ្ធផល​ដែល​កម្ពុជា​បង្ហាញ​ខ្លី​ជា​ភាសា​ខ្មែរ​នេះ គឺ​ដោយសារតែ​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ចង់បង្ហាញ​បង្រួម​ឲ្យ​ខ្លី​ងាយ​យល់។ នេះ​ជាការ​អះអាង​របស់លោក​ស្រី កុយ ពិសី អនុប្រធាន​គណៈកម្មាធិកា​រ​ព្រំដែន​កម្ពុជា។


បើតាម​វិទ្យុ​អាស៊ីសេរី​ជា​ភាសា​ខ្មែរ ដែល​បាន​បកប្រែ​លទ្ធផល​ពី​ភាសា​វៀតណាម នៅក្នុង​កិច្ចប្រជុំ ៣ថ្ងៃ ប្រទេស​ទាំង​ពីរបាន​រំឭក​ឡើងវិញ​ពី​កិច្ច​ការកំណត់​ខណ្ឌសីមា បោះបង្គោល​ព្រំដែន​គោក​តាំង​ពីមុន​ឆ្នាំ២០០៦ ដល់ពេល​បច្ចុប្បន្ន ដែលជា​លទ្ធផល​បានកំណត់​ខណ្ឌសីមា​បាន​ប្រហែល ៩២០គីឡូម៉ែត្រ ក្នុង​ប្រវែង​ព្រំដែន​សរុប​ប្រហែល ១.១៣៧គីឡូម៉ែត្រ។ គណៈកម្មការ​កំណត់​ទី​តាំង​បង្គោល​បាន២៦០ ក្នុងចំណោម ៣១៤ ទីតាំង (ស្មើនឹង ៨៤.១%) បោះបង្គោល​បាន ៣០៥/៣៧១ បង្គោល (ស្មើនឹង ៨២.២%) ភាគី​ទាំងពីរ​កំណត់​កម្មសិទ្ធិ​កោះ​បាន ១០។ ក្នុងនោះ មាន​កោះ ៣៩ បានកំណត់​ជា​កម្មសិទ្ធិ​របស់​វៀតណាម និង​កោះ ៦៥ បានកំណត់​ជា​កម្មសិទ្ធិ​របស់​កម្ពុជា និង​ពិនិត្យ ហើយ​សម្រេច​ឲ្យ​ប្រើប្រាស់​សំណុំ​ឯកសារ​បង្គោល​ចំនួន ១៩១ ។

ដោយ​អនុវត្តតាម​កំណត់ត្រា​អនុស្សរណៈ​អំពី​ការដោះស្រាយ​តំបន់​មួយចំនួន ដែល​នៅ​សេសសល់​លើ​ព្រំដែន​គោក​រវាង​រដ្ឋាភិបាល​វៀ​ត​ណា​ម និង​កម្ពុជា ដែល​ហៅ​កាត់​ថា MOU មកដល់ពេលនេះ ភាគី​ទាំង​ពីរបាន​ដោះដូរ និង​សម្រេច​ការដោះដូរ​ទីតាំង​ដី​មួយចំនួន (តាម​អត្រា ១៖១ (១ហិកតារ -១ហិកតារ) នៅ​ខេត្ត​ដែលមាន​ព្រំដែន​ជាប់​គ្នា រួមមាន​ខេត្ត​តៃនិញ (Tây Ninh) ជាប់​នឹង​ខេត្តកំពង់ចាម (ត្បូងឃ្មុំ) តៃនិញ (Tây Ninh) ជាប់​ស្វាយរៀង ដុង​ថាប (Đồng Tháp) ជាប់​ព្រៃវែង អាន​យ៉ាង (An Giang) ជាប់​តាកែវ និង​ខេត្ត​កៀន​យ៉ាង (Kiên Giang) ជាប់​កំពត។

ប្រភពព័ត៌មាន​ដដែល​បន្តថា បច្ចុប្បន្ននេះ មាន​កំណាត់​តំបន់​ព្រំដែន​ចំនួន ៧ ដែល​ភាគី​ទាំងពីរ​មិនទាន់​ឯកភាព​ដំណោះស្រាយ​នៅឡើយ គឺ​កំណាត់​ព្រំដែន​ពី​បង្គោល​លេខ ៣០ ដល់ ៤០ (ខេត្ត​យ៉ា​ឡាយ [Gia Lai] -រតនគិរី)។ ព្រំដែន​ពី​បង្គោល​លេខ ៤០ ដល់ ៤៤ (ខេត្ត​យ៉ា​ឡាយ [Gia Lai] ដាក់​ឡាក់ [Đắk Lắk] -រតនគិរី និង​មណ្ឌលគិរី) កំណាត់​ព្រំដែន​ពី​បង្គោល​លេខ ៥៦ ដល់ ៦០ (ខេត្ត​ដាក់​ណុង [Đắk Nông] -មណ្ឌលគិរី) កំណាត់​ព្រំដែន​ពី​បង្គោល​លេខ ១៣៨ ដល់ ១៤៧ (ខេត្ត​តៃនិញ [Tây Ninh] -ស្វាយរៀង) កំណាត់​ព្រំដែន​ពី​បង្គោល​លេខ ២៤១ ដល់ ២៤៥ ពី​បង្គោល​លេខ ២៤៧ ដល់ ២៥៣ (ខេត្ត​អាន​យ៉ាង [An Giang] -កណ្ដាល) និង​កំណាត់​ព្រំដែន​ពី​បង្គោល​លេខ ២៩៥ ដល់ ៣០២ (ខេត្ត​កៀន​យ៉ាង [Kiên Giang] -កំពត) ជាដើម៕









© រក្សាសិទ្ធិដោយ thmeythmey.com