ជាតិ
សង្គមជាតិ
បុរស​ទះកំផ្លៀង​សិស្សស្រី ជា​ប្រធាន​សមាគម​សិទ្ធិមនុស្ស​មួយ
10, Jul 2015 , 4:08 pm        
រូបភាព
ដោយ:
សាលាដំបូង​រាជធានី​ភ្នំពេញ​បានបង្ហាញ​អត្តសញ្ញាណ​របស់​បុរស​ដែល​ទះកំផ្លៀង​សិស្សស្រី យ៉ាង​ពេញទំហឹង​នៅ​សាលា​វិទ្យាល័យ​ជា ស៊ីម បឹង​កេងកង កាលពី​ថ្ងៃទី១ ខែកក្កដា​កន្លងទៅ។ តុលាការបញ្ជាក់ថា បុរសនោះ មាន​តួនាទី​ជា​ប្រធាន​សមាគមសិទ្ធិមនុស្ស ដើម្បី​អភិវឌ្ឍន៍ និង​ថែរក្សា​កុមារកំព្រា ស្ត្រី​ក្រីក្រ​មួយ ដែលមានទីតាំងស្ថិតក្នុង​ខណ្ឌចំការមន។ 



ចៅក្រម​ស៊ើបសួរនៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​​ លោក ហេង សុខ​ណា បាន​បញ្ជាក់ថា ​ជន​ត្រូវចោទ​ឈ្មោះ ទេព ឃួន ហៅ ពៅ អាយុ ៤៩ឆ្នាំ ពុំមែន​ជា​មន្ត្រី​ក្របខ័ណ្ឌ ឬ​ជាម​ន្ត្រី​ជាប់កិច្ចសន្យា​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​នោះទេ។ ​តាមរយៈ​លិខិត​ជូនដំណឹង​ទៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃទី៨ ខែកក្កដា ចៅក្រមស៊ើបសួរ បញ្ជាក់ថា ជនជាប់ចោទ មានមុខ​ងារ ​និង​តួនាទី​ជា​ប្រធាន​សមាគម​សិទ្ធិមនុស្ស ដើម្បី​អភិវឌ្ឍន៍ និង​ថែរក្សា​កុមារកំព្រា ស្ត្រី​ក្រីក្រ ហៅ​កាត់​ថា (សមាគម កូ.ភី.អេ) ដែលមាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ទន្លេបាសាក់ ​ខណ្ឌចំការមន ដែលជា​ផ្ទះ​របស់គេ​ផ្ទាល់។

ចៅក្រម​ស៊ើបសួរ​ក៏បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​ជន​ត្រូវ​ចោទអះអាង​ខ្លួន​ថា ជា​មន្ត្រី​ជាប់កិច្ចសន្យា​ម្នាក់ នៅ​ទី​ស្តី​គណៈរដ្ឋមន្ត្រី​។ លោកចៅក្រមសរសេរថា៖«មូល​ហេតុដែល​ជន​ជាប់ ចោទ​អះអាង​ប្រាប់​សមត្ថកិច្ច​ថា​ខ្លួន​ជាម​ន្ត្រី​ធ្វើការ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​នោះ ព្រោះតែ​គេមានបំណង​គំរាម​ដល់​អ្នក​នៅ​កន្លែងកើតហេតុ និង​ជនរងគ្រោះ​កុំ​ឲ្យ​ហ៊ាន​រករឿង​ខ្លួន ប៉ុណ្ណោះ»។ ហើយថា ជន​ត្រូវ​ចោទ​ ក៏បានទទួល​ស្គាល់​កំហុស​ទាំងស្រុង និង​សំណូមពរ​ឲ្យ​តុលាការ​កែប្រែ​ពីតួនាទី និង​មុខរបរ​របស់ខ្លួន​ដែល​ត្រឹមត្រូវ​ពិតប្រាកដ​វិញ។

ជនជាប់ចោទឈ្មោះ ទេព ឃួន ត្រូវ​ស្ថិតក្រោម​ការពិនិត្យ​ពីបទ​ហិង្សា​ដោយ​ចេតនា តាម​មាត្រា ២១៧ នៃ​ក្រមព្រហ្មទណ្ឌ។ មាត្រា ២១៧ ចែងថា អំពើហិង្សា​ប្រព្រឹត្ត​ដោយ​ចេតនា លើ​អ្នកដទៃ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ១ឆ្នាំ ទៅ ៣ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២លាន​រៀល ទៅ ៦លាន​រៀល។

គួររម្លឹកថា ទិដ្ឋភាព​ដ៏​គួរ​ឲ្យ​តក់ស្លុត និង​ហួសចិត្ត​មួយ ដែល​បុរស​ម្នាក់​ទះកំផ្លៀង​សិស្សស្រី​យ៉ាង​ពេញទំហឹង​នៅ​សាលា​វិទ្យាល័យ​ជា ស៊ីម បឹង​កេងកង ត្រូវបាន​បង្ហោះ​តាមរយៈ​ក្លី​ប​វីដេអូ​មាន​រយៈពេល១៤ វិនាទី កាលពី​ថ្ងៃទី១ កក្កដា។ មុននឹង​ប្រើ​អំពើហិង្សា​បុរស​នោះបាន​ដើរ​តម្រង់​មក​សិស្សស្រី​នោះ​ដោយ បន្លឺសម្លេង​បែប​កំហឹង​ថា ហេតុ​អី​បាន​វាយ​គ្នា..ហា៎! មួយ​រំពេច​បុរស​នោះ​ក៏​ប្រើ​ដៃ​ខាងស្តាំ​ទះកំផ្លៀង​សិស្សស្រី​នោះ​តែម្តង។ ក្រោយពី​ទះកំផ្លៀង​សិស្សស្រី​នោះ​ហើយ បុរស​នោះបាន​អះអាងថា ខ្លួន​បាន​សុំ​ការអនុញ្ញាត​ពី​នាយក​សាលា​រួចហើយ។ ការ​និយាយថា ខ្លួន​សុំ​ការអនុញ្ញាត​ពី​នាយក​សាលា បុរស​នោះ​ចង់​មានន័យថា ខ្លួន​អាច​ទះកំផ្លៀង​សិស្សស្រី​នោះបាន ដោយសារតែ​នាយក​សាលា​អនុញ្ញាត៕

សម្រាប់​ព័ត៌មាន​ពាក់ព័ន្ធ សូម​ចូលទៅ​កាន់៖ http://www.thmeythmey.com


© រក្សាសិទ្ធិដោយ thmeythmey.com