ជាតិ
សង្គមជាតិ
លោក ហ៊ុន សែន រម្លឹក​គុណ​វៀតណាម ចំពេល​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម​ផ្ទុះឡើង
10, Jul 2015 , 5:07 pm        
រូបភាព
លោក ហ៊ុន សែន ឱបគ្នាជាមួយលោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Tan Dung ក្នុងពេលលោកនាយករដ្ឋមន្រ្តីវៀតណាមមកគោរពវិញ្ញាណខន្ធព្រះបរមរតនកោដ្ឋ កាលពីឆ្នាំ ២០១២
លោក ហ៊ុន សែន ឱបគ្នាជាមួយលោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Tan Dung ក្នុងពេលលោកនាយករដ្ឋមន្រ្តីវៀតណាមមកគោរពវិញ្ញាណខន្ធព្រះបរមរតនកោដ្ឋ កាលពីឆ្នាំ ២០១២
ដោយ:
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ថាំ​មាត់​នឹង​និយាយ​សរសើរ​កងទ័ព​វៀតណាមពេញមាត់ៗនោះទេ​ថា កងទ័ព​វៀតណាម បាន​ជួយ​ស្រោចស្រង់​ប្រទេស​កម្ពុជា  ឲ្យ​មានជីវិត​រស់នៅ​រហូត​ដល់ពេល​បច្ចុប្បន្ន។ ពំនោល​សរសើរ​របស់​លោក ហ៊ុន សែន ចំពោះ​មហាមិត្ត​វៀតណាម​នៃ​រដ្ឋាភិបាល​លោក បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ជាមួយ​លោក វ៉ូ វង់​វៀត អនុប្រធាន​សមាគម​មិត្តភាព​កម្ពុជា-វៀតណាម នៅ​វិមាន​សន្តិភាព​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។



«បើ​គ្មាន​កងទ័ព​វៀតណាម​ជួយ​រំដោះ​កម្ពុជា​ទេនោះ កម្ពុជា​ពិតជា​គ្មាន​មុខមាត់​ដូច​បច្ចុប្បន្ននេះ​ទេ។ វា​គឺជា​សច្ចធម៌​ប្រវត្តិសាស្ត្រ​តែម្តង»។ នេះ​ជា​ប្រសាសន៍​របស់លោក ហ៊ុន សែន ប្រាប់​ទៅ​លោក​អនុប្រធាន​សមាគម​មិត្តភាព​កម្ពុជា-វៀតណាម កាលពី​ម្សិលមិញ ដែល​ជំនួយការ​ផ្ទាល់​របស់លោក​នាយករ​ដ្ឋ​មន្ត្រី​គឺ​លោក អ៊ាង សុផល្លែត បាន​ស្រង់​សម្តី​បន្ត​មក​ប្រាប់​អ្នកសារព័ត៌មាន។ បើតាម​សម្តី​លោក​ជំនួយការ​រួប​នេះ ដែល​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP បាន​ចុះផ្សាយ លោក ហ៊ុន សែន បាន​បន្ត​សរសើរ​កង​ទ័ព​វៀតណាម​នៅ​ចំពោះមុខ​មន្ត្រី​វៀតណាម​ទៀតថា បើ​គ្មាន​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ចូលមក​ជួយ​រំដោះប្រទេស និង​ប្រជាជន​កម្ពុជា​ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត នោះទេ ចំនួន​មនុស្ស​ស្លាប់​នៅ​កម្ពុជា គឺ​ពិត​ជាមាន​ចំនួន​កាន់តែច្រើន។

តាមពិតទៅ​ប្រសាសន៍​របស់លោក ហ៊ុន សែន ដែល​សរសើរ​ពី​គុណូបការៈ​កងទ័ព​វៀតណាម ធ្វើ​មកលើ​កម្ពុជា​នោះ វា​មិនមែន​ទើបតែ​ជា​លើកដំបូង ហើយក៏​មិនមែនជា​រឿង​ចម្លែក​នោះដែរ។ ក៏ប៉ុន្តែ​ការ​រម្លឹក​គុណ​របស់​វៀតណាម​ពី​សំណាក់​លោក​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ លេចឡើង​ចំពេល​ដែល​ភាពល្អក់​កករ​រឿង​ព្រំដែន​កម្ពុជា និង​វៀតណាម បាន​ផ្ទុះឡើង​សាជាថ្មី ដែល​ធ្វើ​ឲ្យ​សាធារណៈជន​ចាប់អារម្មណ៍​នឹង​ប្រសាសន៍​លោក​យ៉ាងខ្លាំង៕


© រក្សាសិទ្ធិដោយ thmeythmey.com