ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន សែន ខ្ចីដៃ​លោក សួន សេរី​រដ្ឋា បំបែក​សំឡេង CNRP ដើម្បី​រក្សា​អំណាច?
10, Jul 2015 , 11:31 pm        
រូបភាព
ដោយ:
នៅ​ទីបំផុត​ទៅ​ព្រះមហាក្សត្រ បានចេញ​ចេញ​ព្រះរាជក្រឹត្យ​លើកលែងទោស​ដល់​លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ​ដែល​តុលាការ​ដាក់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ចំនួន ៧ ឆ្នាំ ពីបទ​ក្បត់ជាតិ។ ការ​រួច​ពី​ទោ​សពៃ​រិ៍​របស់លោក សួន សេរី​រដ្ឋា ពេលនេះ ត្រូវ​អ្នកវិភាគ​នយោបាយ និង​គណបក្សប្រឆាំង​ចាត់ទុកថា គឺជា​យុទ្ធសាស្ត្រ​របស់លោក ហ៊ុន សែន បានរៀបចំ​បំបែក​សំឡេង​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ជោគជ័យ​របស់ខ្លួន។ តែ​មន្ត្រី​រដ្ឋាភិបាល បានប្រកែក​ថា លោកនាយក​រដ្ឋមន្ត្រី មិនមាន​ចេតនា​ប្រើ​លោក សួន សេរី​រដ្ឋា ដើម្បី​បំបែក​ប្រជាប្រិយភាព​បក្ស​សង្គ្រោះ​ជាតិ​ឡើយ។



ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​បាន​ចេញមក​ជម្រះ​ទោសពៃរ៍​របស់លោក សួន សេរី​រដ្ឋា ឲ្យ​រួចផុត​ពីបទ​ល្មើ​ល​ដែល​តុលាការ​ដាក់ទោស​ខ្លួន​ជាប់ពន្ធនាគារ ៧ ឆ្នាំ ពីបទ​ក្បត់ជាតិ​ហើយ នៅ​ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៥ ។ ថ្វីបើ​ថ្ងៃនេះ វា​ជា​ថ្ងៃ​មង្គល​សម្រាប់​លោក សួន សេរី​រដ្ឋា មែន តែ​អ្នកវិភាគ​នយោបាយ លោក កែម ឡី មិន​ញញើត​នឹង​និយាយចំៗថា ការ​រួច​ទោស​របស់លោក​ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ គឺជា​គុណសម្បត្តិ​របស់លោក ហ៊ុន សែន។ លោក កែម ឡី អះអាងថា លោក ហ៊ុន សែន កំពុង​រៀបចំ​ល្ខោន​នយោបាយ​ថ្មី​មួយទៀត ពោលគឺ​ឆ្លៀត​ខ្ចីដៃ​លោក សួន សេរី​រដ្ឋា ដែល​នឹង​ក្លាយជា​មេដឹកនាំ​បក្ស​នាពេលខាងមុខ ដើម្បី​បំបែក​សំឡេង​គណបក្ស​សង្គ្រោះ​ជាតិ។ « ល្ខោន​លោក ហ៊ុន សែន រៀបចំឡើង ឲ្យ​សួន សេរី​រដ្ឋា រួចខ្លួន ហើយ​ឲ្យ​បង្កើត​បក្ស ដើរតួ​ជា​ប្រឆាំង​រដ្ឋាភិបាល ដើម្បី​បំបែក​បក្ស​សង្គ្រោះ​ជាតិ។ លោក ហ៊ុន សែន សប្បាយចិត្ត​ពេល​មាន​បក្សប្រឆាំង​ច្រើន » ។ នេះ​ជាការ​បញ្ជាក់​របស់លោក កែម ឡី។ 
 
ក៏ប៉ុន្តែ​លោក កែម ឡី ដែល​ធ្លាប់​ត្រូវ​លោក ហ៊ុន សែន រិះគន់ថា ជា​អ្នកវិភាគ​ធន់​អន់​ផង​នោះ បានចាត់ទុក​ល្ខោន​នយោបាយ ឬ​យុទ្ធសាស្ត្រ​របស់លោក ហ៊ុន សែន ថា ជា​យុទ្ធសាស្ត្រ​ចាស់ ដើរ​លើដី​ថ្មី ពោលគឺ​យុទ្ធសាស្ត្រ​បុរាណ​ពេក មិន​ជោគជ័យ​ឡើយ។ អ្នកវិភាគ​រូបនេះ បន្តថា យុទ្ធសាស្ត្រ​របស់លោក ហ៊ុន សែន មិនអាច​បំបែក​សំឡេង​គណបក្ស​សង្គ្រោះ​ជាតិ​បានទេ តែ​ផ្ទុយទៅវិញ នឹងធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក ហ៊ុន សែន កាន់​ដើរចូល​ផ្លូវ​បរាជ័យ។ លោក កែម ឡី បញ្ជាក់​យ៉ាងនេះ​ថា៖ « លោក ហ៊ុន សែន រៀប​យុទ្ធសាស្ត្រ​អន់​ណាស់។ គាត់​ស្មានតែ​ឲ្យ សួន សេរី​រដ្ឋា មក​បង្កើត​បក្ស ហើយ​ផ្ចុងផ្តើម​ឲ្យ​មាន​បក្ស​ច្រើន​ដើរតួ​ជា​ប្រឆាំង​រដ្ឋាភិបាល តាម​ក្បួន​គាត់ ដើម្បី​ចំណេញ​សម្រាប់​ជ​CPP ។ តែ​មិន​ដូច​ការវិភាគ​របស់លោក ហ៊ុន សែន ទេ ព្រោះ​កាលណា​ដើរតួ​ជា​បក្សប្រឆាំង​ត្រូវ​រិះគន់​រដ្ឋាភិបាល ហើយ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ធ្វើ​មិនបាន គឺមាន​តែ​ខាត​វិញ» ។
 
ដូច​ចំណុច​មួយចំនួន​ដែល​លោក កែម ឡី បានលើកឡើង​ដែរ លោក អ៊ុំ សំអាន តំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ បានចាត់ទុក​ការលើកលែងទោស​ដល់​លោក សួន សេរី​រដ្ឋា ថា ជាការ​រៀបចំ​របស់លោក ហ៊ុន សែន ដើម្បី​បន្សាប​ប្រជាប្រិយភាព​បក្ស​សង្គ្រោះ​ជាតិ។ តែ​តំណាងរាស្ត្រ​រូបនេះ អះអាងថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ខ្វាយខ្វល់​នឹង​គណបក្ស​ថ្មី​របស់លោក សួន សេរី​រដ្ឋា ដែល​លោក​ថា គ្រាន់តែ​ជា​គ្រាប់​អ៊ុក​របស់លោក ហ៊ុន សែន មិនអាច​ទាក់ទាញ​អ្នកគាំទ្រ​គណបក្ស​របស់លោក​នោះទេ។ 
 
ងាក​មក​ស្តាប់​ការវិភាគ​របស់​បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ​មកពី​រុស្ស៊ី លោក សុខ ទូច វិញ​ម្តង ដែល​អ្នកវិភាគ​រូបនេះ មើលឃើញ​ទិដ្ឋភាព ៣ យ៉ាងសំខាន់ៗចំពោះ​ព្រះរាជក្រឹត្យ​លើកលែងទោស​លោក សួន សេរី​រដ្ឋា។ « ទី ១ វា​ជា​ព្រះរាជសិទ្ធិ​របស់​ព្រះមហាក្សត្រ​ក្នុងការ​លើកលែងទោស​ព​ល​រដ្ឋ​ខ្មែរ​ណា​ក៏បាន។ទី ២ ការលើកលែងទោស លោក សួន សេរី​រដ្ឋា អាចជា​ការ​ដុះ​ដូរ​កម្លាំង​នយោបាយ។ ទី ៣ ការប្រកួតប្រជែង​រប​ស់​បក្សនយោបាយធំៗបច្ចុប្បន្ន»  ។ នេះ​ជាការ​វិភាគ​របស់លោក សុខ ទូច។ អ្នកវិភាគ​រូបនេះ បាន​អត្ថាធិប្បាយ​ចំណុច​ទី ២ និង​ទី ៣ យ៉ាង​ដូច្នេះ​ថា៖« ការ​ដុះ​ដូរ​កម្លាំង​នយោបាយ ដោយសារ​ថា លោក សួន សេរី​រដ្ឋា គាត់​ពូកែ​ធ្វើ​ចលនា​បះ​បោល។ ដូច្នេះ​លោកនាយក​រដ្ឋមន្ត្រី សុខចិត្ត​ឲ្យ​លោក​មេ​ចលនា​នេះ​ចូល​ស្រុក ហើយ​បង្កើត​បក្ស ដើម្បី​ឲ្យ​ឈប់​បះ​បោល។ មួយទៀត វា​អាច​ដែរ​ថា គណបក្ស​ដែល ធំ គាត់​ឆ្លៀត​យក​រឿងនេះ​ដើម្បី​ចំណេញ បំ​បែង​សំឡេង​បក្ស​តូច​ជាង» ។
 
ទោះបីជា​អ្នកវិភាគ បក្សប្រឆាំង ខំ​និយាយថា រឿងនេះ​ថា ជា​យុទ្ធសាស្ត្រ​របស់លោក ហ៊ុន សែន ដើម្បី​បំបែក​សំឡេង​បក្ស​សង្គ្រោះ​ជាតិ​ក្តី ក៏​លោក ផៃ ស៊ី​ផាន នៅតែ​ថ្លែង​ការពារ​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិនដែល​មានគំនិត​យ​ករឿង​លោក សួន សេរី​រដ្ឋា នេះ ដើម្បី​ទៅ​បំបែក​សំឡេង​គណបក្ស​សង្គ្រោះ​ជាតិ​ទេ។ លោក​ថា ទង្វើ​បែបនេះ ជា​ទង្វើ​ថោកទាប ដែល​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​គឺ​លោក ហ៊ុន សែន មិន​ធ្វើជា​ដាច់ខាត។ « បើ​សម្តេចនាយក​រដ្ឋមន្ត្រី គាត់​ធ្វើ​ដូច្នេះ​មែន ម្លេះ​សម​ប្រទេសជាតិ​វិនាស​អស់ហើយ តែ​លោក​មិន​ធ្វើ​នោះទេ។ គណបក្ស​ប្រជាជន​យើង មានអំណាច មាន​អ្នកគាំទ្រ​ខ្លាំង​ហើយ។សម្តេច​ធ្លាប់មាន​ប្រសាសន៍​ហើយ​ថា លោក​មិនដែល​ចាត់ទុក​ខ្មែរ​ណា​ជាស​ត្រូវ​ទេ ទោះ​អ្នកនោះ ធ្លាប់​លួច​ធ្វើឃាត​លោក ក៏​សម្តេច​មិន​ចងគំនុំ​ដែរ។ សម្តេច​តែងតែ​អត់​ទោស​ឲ្យ​ជានិច្ច ដើម្បី​ការរួបរួម​របស់​ជាតិ»។ នេះ​ជា​ចិត្តសប្បុរស​របស់លោក ហ៊ុន សែន ដែល​បរិយាយ​លោក ផៃ ស៊ី​ផាន។
 
សូមបញ្ជាក់ថា កាលពី​ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៥ កន្លងទៅនេះ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ផ្តន្ទា​ស​ទោស​កំបាំងមុខ​ឲ្យ​លោក សួន សេរី​រដ្ឋា ជាប់ពន្ធនាគារ ៧ឆ្នាំ និង​ពិន័យ​ប្រាក់ ២៥លាន​រៀល។ ក្រៅពី​លោក មាន​សមាជិក ៣នាក់​ទៀត​របស់ខ្លួន ត្រូវ​ផ្ដន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​ម្នាក់ ៦ឆ្នាំ។ ក្រោយមក​សាលាឧទ្ធរណ៍ បានចេញ​សា​ដីការ​រក្សា​សេចក្តីសម្រេច​របស់​សាលក្រម​តុលាការ​សាលាដំបូង ហើយ​សាលដីការ​នេះ បាន​ចូល​ជា​ស្ថាពរ​នៅ​ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៥៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com