ជាតិ
សង្គមជាតិ
ក្មេងឃ្វាលគោ​ពីរ​នាក់​ជីក​បាន​រូបចម្លាក់​នាគ​និង​ចម្លាក់​ឥសី​នៅ​ត្រពាំង​ល្បើក
11, Jul 2015 , 9:05 am        
រូបភាព
សៀមរាប៖ ក្មេងឃ្វាលគោ​ពីរ​នាក់​បងប្អូន​នៅ​ភូមិ​ត្រពាំង​អំពិល ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្ត​សៀ​បមរាប បាន​ជីក​ឃើញ​រូបចម្លាក់​ក្បាល​នាគ​បុរាណ នៅ​មាត់​ត្រពាំង​ល្បើក កាលពី​ព្រឹក​ថ្ងៃទី៦ ខែកក្កដា កន្លងទៅនេះ។ រូបចម្លាក់​នាគ​នេះ ត្រូវបាន​អ្នកស្រុក​អះអាងថា​ជា​ស្តេច​ភុជង្គនាគ ដែល​ផុស​ឡើង​នាំ​សិរី​ដល់​ភូមិ​ស្រុក​របស់គាត់។ បច្ចុប្បន្ន​រូបនេះ​ត្រូវបាន​តម្កល់ទុក​ជាទីគោរព​បូជា​របស់​អ្នកមាន​ជំនឿ នៅក្នុង​វត្ត​ដំណាក់ ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ក្រុមការងារ​នៃ​នាយកដ្ឋាន​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បាន​ទៅដល់​ទីតាំង​ផ្ទាល់។



យុវជន ហឿន ហឿ​យ ដែលជា​អ្នក​ជីក​ឃើញ​រូប​នាគ​នេះ​មុនគេ បាន​រៀបរាប់​ប្រាប់​ក្រុមការងារ​ឲ្យ​ដឹងថា មុន​ពេលដែល​ខ្លួន​ជីក​ឃើញ​ក្បាល​នាគ​នេះ រូបគេ​បាន​ដើរ​ឃ្វាលគោ​នៅតាម​មាត់​ត្រពាំង ក៏​ស្រាប់តែ​សំឡេង​ពស់​ខាំ​កង្កែប។ ដោយ​ឮ​កង្កែប​ស្រែក​យូរពេក រូបគេ​បាន​ទៅតាម​សំឡេង​នោះ ស្រាប់តែ​ពស់​ព្រលែង​កង្កែប​ហើយ​វាររ​ត់ទៅ​ចូល​រន្ធ​ដ៏​តូច​មួយ។ ពេល​នោះគេ​ក៏បាន​យក​ឈើ​ទៅ​ជីក​កកាយ​រន្ធ​នោះបាន​បន្តិច ក៏​ស្រាប់តែ​ឃើញ​រូប​ក្បាល​នាគ​ដ៏​ធំ​នេះ​ឡើង។

ដោយ​ភ័យខ្លាច គេ​ក៏រ​ត់ទៅ​ហៅ​ប្អូនប្រុស​ឲ្យ​មកជួយ​មើល និង​ជីក​លើកយក​ក្បាល​នាគ​នោះ​ឡើងមក។ យុវជន ហឿន ហឿ​យ បន្តថា ដោយ​មិនដឹងថា រូបនេះ​មាន​សារៈសំខាន់​យ៉ាងណា​ពួកគេ​ក៏​សែង​រូបនេះ​ទៅ​ទុកចោល​នៅ​ខ្ទម​អ្នកតា​ក្បែរ​នោះ។ ក្រោយពី​ដឹង​ដំណឹង​នេះ ចាស់ទុំ​ក៏បាន​ទៅ​ពិត​ដំណើររឿង​ដល់​ចៅអធិការ​វត្ត ទើប​លោកគ្រូ​ចៅអធិការ​សម្រេច​នាំ​ពុទ្ធបរិស័ទ​ដង្ហែ​មក​តម្កល់​ក្នុង​វត្ត ទុក​សម្រាប់​អ្នកមាន​ជំនឿ​គោរពបូជា។

ដោយ​រៀបរាប់​ពី​ប្រវត្តិ​របស់​រូបចម្លាក់​ថ្ម​ទាំង៣នេះ យុវជន ហឿន ហឿ​យ បញ្ជាក់ថា រូប​នាគ​តូច​រើស​បាន​ដោយ​មារ​របស់គាត់​កាលពី​ប្រហែល១០ឆ្នាំមុន ហើយ​រូប​តា​ឥសី​រើស​បាន​ដោយ​បងប្រុស​របស់គាត់​កាលពី៦ឆ្នាំមុន។ ចំណែក​រូប​នាគ​ធំ គឺ​គាត់​ទើបតែ​រើស​បាន​ប៉ុន្មាន​ថ្ងៃមុន​នេះ។ សព្វថ្ងៃ​រូប​ទាំងនេះ ត្រូវ​ដង្ហែ​មក​តម្កល់ទុក​ក្នុង​វត្ត​ទាំងអស់ រង់ចាំ​ថ្ងៃ​ធ្វើបុណ្យ និង​ប្រទក្សិណ​ក្នុងពេល​ខាងមុខនេះ។

លោកយាយ​ម្នាក់ ដែល​កំពុងតែ​អង្គុយ​រៀបចំ​ទៀនធូប​សម្រាប់​អ្នក​ចូលទៅ​គោរពបូជា បាន​រៀបរាប់​ដោយ​ជំនឿ​មាំទាំ​ថា លោកយាយ​រីករាយ​ខ្លាំងណាស់ ដែល​បាន​ព្រះអង្គ(ភុជង្គនាគ)ផុស​មក​នៅពេលនេះ ព្រោះ​ភុជង្គនាគ​នឹង​នាំនូវ​សិរី​សួស្តី​ដល់​ភូមិ​ស្រុ​របស់គាត់។ ដូច្នេះហើយ ទើប​គាត់​នាំ​បងប្អូន​មក​គោរពបូជា​សុំ​សេចក្តីសុខ​ពី​វត្ថុ​បុរាណ​ដ៏​សក្តិ​សិទ្ធិ​នេះ។ លោកយាយ​បន្តថា តាំងពី​លោកយាយ​ធំ​ដឹងក្តី​មក ធ្លាប់​រុត​ជញ្ជាត់​ក្នុង​បឹង​នេះ​ច្រើនលើកច្រើនសារ​ណាស់ តែ​មិនដែល​ប្រទះ ទើបតែ​ពេលនេះ​ព្រះអង្គ​បង្ហាញខ្លួន។

គួររម្លឹកថា ក្នុង​តំបន់​អង្គរ ក៏ដូចជា​ខេត្តសៀមរាប​ទាំងមូល ជា​តំបន់​ដែល​សម្បូរ​ទៅដោយ​ប្រាសាទ ទីទួល​បុរាណ និង​ចម្លាក់​បុរាណ​ដែល​បាន​កប់​បាត់​ក្នុង​ដី ដោយ​ភាពចំណាស់​នៃ​អាយុកាល។ ចម្លាក់​ទាំងនោះ​តែង​ត្រូវបាន​ប្រទះ​ជា​ញឹកញាប់​ដោយ​ប្រជាពលរដ្ឋ តាមរយៈ​ការធ្វើ​ស្រែចម្ការ​ជាដើម។ ម្យ៉ាងវិញទៀត ជំនឿ និង​ការគោរព​បូជា​របស់​ពួកគាត់ ពិតជា​បង្ហាញ​នូវ​ការ​ភាព​ស្រឡាញ់ ថែរក្សា ដែលជា​ការចូលរួមចំណែក​ដ៏​សំខាន់​សម្រាប់​កិច្ចការ​អភិរក្ស​នូវ​បេតិកភណ្ឌ​របស់​ដូនតា​ដ៏​មានតម្លៃ​ទាំងនេះ៕


© រក្សាសិទ្ធិដោយ thmeythmey.com