ជាតិ
សង្គមជាតិ
ក្រសួងទេសចរណ៍​គ្រោង​រៀបចំ​កន្លែង​ជិត២០នៅ​អន្លង់វែង​ជា​គោលដៅ​ទេសចរណ៍​ប្រវត្តិសាស្ត្រ
11, Jul 2015 , 10:21 am        
រូបភាព
រមណីយដ្ឋានផ្ទះតាម៉ុក នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
រមណីយដ្ឋានផ្ទះតាម៉ុក នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
កាលពីពេលថ្មីៗនេះ កិច្ចប្រជុំ​មួយ​ត្រូវបាន​ធ្វើឡើង​នៅ​ទីរួមស្រុក​អន្លង់វែង ដើម្បី​ពិភាក្សា​លើ​គម្រោង​ដាក់​ទីតាំង​ជិត២០ នៅ​ស្រុក​អន្លង់វែង​ទៅជា​គោលដៅ​ទេសចរណ៍​ប្រវត្តិសាស្ត្រ។ ទីតាំង​ទាំងនោះ មានផ្ទះ​តា​ម៉ុក​ជាដើម ដែល​ក្រសួងទេសចរណ៍​គ្រោង​នឹង​រៀបចំ​ឲ្យ​ទៅជា​កន្លែង​ទេសចរណ៍​មួយ​ដ៏​ទាក់ទាញ នៅ​ថ្ងៃ​ខាងមុខ។



រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បាន​ឲ្យ​ដឹងថា យ៉ាងហោចណាស់​មាន​កន្លែង​ពី ១៨ ទៅ១៩ ដែល​គ្រោង​នឹង​រៀបចំ​ទៅជា​គោលដៅ​ទេសចរណ៍​ប្រវត្តិសាស្ត្រ​នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ។ លោក​រដ្ឋមន្ត្រី​បន្ថែមថា កន្លែង​ទាំងនោះ​មានដូចជា កន្លែង​ដុត​ខ្មោច ប៉ុល ពត កន្លែង​កាត់ទោស ប៉ុល ពត ផ្ទះ​តា​ម៉ុក កន្លែង​កែច្នៃ​គ្រាប់កាំភ្លើង ផ្ទះ ប៉ុល ពត និង​កន្លែង​ដុត​ខ្មោច​របស់ ស៊ុន សេន ជាដើម។

បើតាម​លោក ថោង ខុន ទីតាំង​ទាំងនោះ​មាន​ចំងាយ​ឆ្ងាយ​ពីគ្នា ដែល​ក្នុងនោះ​ត្រូវការ​អភិវឌ្ឍ និង​រៀបចំ​ផ្លូវថ្នល់​ឲ្យ​បានល្អ​ជាមុន។ លោក​បន្តថា ស្រុក​អន្លង់វែង​ដែល​សម្បូរ​ដោយ​ទីតាំង​ប្រវត្តិសាស្ត្រ​ជាច្រើន ហើយ​វា​ក៏​ស្ថិតនៅ​ទីតាំង​អំណោយផល ដែល​ភ្ញៀវទេសចរ​ឆ្លងកាត់​ផងដែរ ជាពិសេស​គឺ​ទេសចរ​ថៃ។ ត្រង់ចំណុច​នេះ លោក ថោង ខុន ពន្យល់ថា ដោយសារ​ស្រុក​អន្លង់វែង​នៅ​ជិត​ព្រំដែន​ខ្មែរ-ថៃ ហើយ​ច្រក​អានសេះ​គ្រោង​នឹង​បើកឆាប់ៗនេះ លោក​រំពឹងថា នឹងមាន​ទេសចរ​ថៃ​ចូលមក​រិត​តែ​ច្រើន​ថែមទៀត។

គម្រោង​ខាងលើនេះ គឺ​ក្រសួងទេសចរណ៍ សហការ​និង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​របស់លោក ឆាំង យុ។ លោក ថោង ខុន បញ្ជាក់ថា រាល់​ទីតាំង​ខាងលើ គឺ​សុទ្ធសឹង​មាន​ឯកសារ ដែល​បាន​រៀបរាប់​យ៉ាង​លម្អិត។ សព្វថ្ងៃ​កន្លែង​ទាំងនោះ ត្រូវបាន​បោះបង្គោល​ថែរក្សា ដើម្បី​ការពារ​កុំ​ឲ្យ​មាន​អ្នក​ទៅ​ប៉ះពាល់ ឫ​រំលោភ​យក​ជាដើម ក្នុង​គោលបំណង​ទុក​កន្លែង​ទាំងនោះ​ជា​គោលដៅ​ទេសចរណ៍​ប្រវត្តិសាស្ត្រ ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​បានដឹង និង​ស្គាល់។

យ៉ាងណា គេ​មិនទាន់​ដឹងថា តើ​គម្រោង​នេះ​អាច​នឹង​ដំណើរ​បាន​នៅពេលណា​នោះទេ ខណៈដែល​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​បាន​អំពាវនាវ​ឲ្យ​មាន​ការជួយជ្រោមជ្រែង​ពី​ដៃគូរផ្សេងៗ ដើម្បី​រៀបចំ​តំបន់​ទាំងនោះ៕




© រក្សាសិទ្ធិដោយ thmeythmey.com