កីឡាជាតិ
ណាហ្គា និង​បឹងកេត មានប្រៀប​លើ​គូប្រកួត ខណៈ​ទ័ព និង​ថា​យ​ហ្គ័​រ ប្រជែង​គ្នា​រក៣ពិន្ទុ
11, Jul 2015 , 10:43 am        
រូបភាព
ដោយ:
 
ក្រុម​ក្រសួងការពារជាតិ (ទ័ព) ត្រូវ​បើកទ្វារ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ (ស្ដា​ត​ចាស់) របស់ខ្លួន​ទទួល​ស្វាគមន៍​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គ័​រ (Cambodian Tiger) ហើយ​ក្រុម​ណាហ្គា​វើ​ល ជួប​ស៊ីម៉ាក់ និង បឹងកេត​អង្គរ ប៉ះ​គីរីវង់​សុខ​សែន​ជ័យ នៅ​ទីលាន​មជ្ឈមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទី ក្នុង​ប្រកួត​សប្ដាហ៍​ទី៤ រសៀល​ថ្ងៃ​សៅ​រិ៍ ទី ១១ ខែ កក្កដា នេះ​នៃ​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ២០១៥។



ក្រសួងការពារជាតិ ប៉ះ ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គ័​រ (ម៉ោង ៣:៣០ នៅ​ស្ដា​ត​ចាស់)
លោក ទេព ឡុង​រចនា គ្រូបង្វឹក​ក្រុម​ក្រសួងការពារជាតិ មាន ៤ ពិន្ទុ​ក្នុង​ដៃ​ក្រោយ​ប្រកួត ៣ លើក​ក្នុងនោះ​ឈ្នះ​វេ​ស្ទើ​ភ្នំពេញ ២ ទល់ ១ ហើយ​ស្មើ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ១ ទល់ ១ និង ចាញ់​ក្រុម​បឹងកេត​អង្គរ ៣ ទល់ ។ កីឡាករ ឈិន ឈឿន, អ៊ុង តារា និង អ៊ុំ តុលា សុទ្ធ​ធ្លា​ប់រក​គ្រាប់​បាល់ប​ញ្ជូ​ល​ទី​នាំ​ជ័យជម្នះ​ឱ្យ​ក្រុម​នាពេល​កន្លងមក។

ដោយឡែក​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គ័​រ ទើបតែ​មាន៣ ពិន្ទុ​ទេ​ក្រោយ​ប្រកួត​បាន ៣ លើក​ឈ្នះ ១ ចាញ់ ។ ប្រកួត​ដំបូង​ក្រុម​ដែលមាន​ប្រធាន​ក្លិប​ជា​ជនជាតិ​ជប៉ុន​នេះ​បាន​យកឈ្នះ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ២ ទល់ ០ តែ​ចាញ់​ក្រុម​បឹងកេត​អង្គរ ៣ ទល់ ២ និង ចាញ់​ក្រុម​ភ្នំពេញ​ក្រោ​ន ៣ ទល់១ ។ ខ្សែប្រយុទ្ធ សុខ ចាន់​រស្មី, កីឡាករ​ជើងចាស់ ចាន់ ឬ​ទ្ធី, អ្នកចាំទី ហែម ស៊ី​ម៉ៃ, ខ្សែប្រយុទ្ធ សួង វីរៈ សុទ្ធតែជាសំខាន់ៗ របស់​ក្រុម។

ណាហ្គា​វើ​ល ជួប​ស៊ីម៉ាក់ (ម៉ោង ៣:៣០ នាទី​នៅ​បាទី)
ក្រុម​ណាហ្គា​វើ​ល ត្រូវ​ជួប​ជាមួយ​ក្រុម​ចំណូល​ថ្មី​ស៊ីម៉ាក់ នៅវេលា​ម៉ោង ៣:៣០ នាទី​រសៀល​នេះ នៅ​ទីលាន​បាល់ទាត់​មជ្ឍមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទី ក្នុង​ខេត្តតាកែវ។

ណាហ្គា​វើ​ល ក្រោម​ការដឹកនាំ​ដោយ​លោក មាស ចាន់ណា ប្រកួត​បាន ៣ លើក​ឈ្នះ ២ និង ចាញ់ ១ ឈរ​លេខ ៣ កំពូល​តារាង។ កៅអី​ក្រុម​ខ្លាំង​ទាំង ៤ ប្រចាំ​រដូវ​កាល​ជា​គោលដៅ​សំខាន់បំផុត​ពេល​លោក​ឡើង​ធ្វើ​បង្គោល​ប្រចាំ​ក្លិប​ណាហ្គា​វើ​ល។ លោក​បាន​ប្រមូល​ទិញ​កីឡាករល្បីៗមួយចំនួន​ដូចជា គួច សុ​កុម្ភៈ, ឃឹម បុរី និង កីឡាករ​បរទេសមួយ​ចំនួន​មក​ចូលរួម​ក្នុង​ក្រុម ដើម្បី​បង្កើត​កម្រិត​បច្ចេកទេស។

ចំណែក​ក្រុម​ស៊ីម៉ាក់ វិញ​ស្ថិតនៅក្នុង​ក្រសែភ្នែក​របស់​ទស្សនិកជន​នៅឡើយ ក្រោយ​ប្រកួត ៣ លើក​ស្មើ​ទាំង ៣ ហើយ​អាច​រក​គ្រាប់​បាល់ទាត់​ប​ញ្ជូ​ល​ទី​គ្រប់​ការប្រកួត​ទៀតផង។ លោក មាស សំអឿន អតីត​គ្រូបង្វឹក​របស់​ក្លិប​បៀ​ល​ប្រាយ និង ក្លិប​វេ​ស្ទើ​ន បានទទួល​នាទី​ដឹកនាំ​ក្រុម​នេះ​តាំងពី​ជម្រុះ​នៅ​ការប្រកួត​ក្របខណ្ឌ​ក១ ម្ល៉េះ។ ខ្សែប្រយុទ្ធ Janzen Anthony Robert ជនជាតិ​អាមេរិក នៅតែ​កូនសោ​សំខាន់​ក្នុង​ការរក​គ្រាប់​បាល់​បំប៉ោង​សំណាញ់​គូប្រកួត។

គិរីវង់​សុខ​សែន​ជ័យ ជួប បឹងកេត​អង្គរ (ម៉ោង ៣:៣០ នាទី​នៅ​បាទី)

គីរីវង់​សុខ​សែន​ជ័យ បើកឆាក​ដើមរដូវ​កាល​នេះ​មិនសូវ​កាក់កប​ប៉ុន្មាន​នោះទេ ដោយ​ស្មើ​ជាមួយ​ស៊ីម៉ាក់ ១ ទល់ ១ តែ​ចាញ់ វេ​ស្ទើ​ន​ភ្នំពេញ ៦ ទល់ ៤ និង បន្ត​ចាញ់​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ៣ ទល់ ១ ទៀត។ ក្រុម​ដែលមាន​មូលដ្ឋាន​នៅ​ខេត្តតាកែវ នេះ​បាន​ជួប​បញ្ហា​រង្គោះរង្គើខ្លះៗ មុនពេល​លី​ក​ចាប់ផ្ដើម។ កីឡាករ ឯក សុភាព និង ឯម ផាន់​ណា ជាប់​ឈ្មោះ​ក្នុង​បញ្ជី​អ្នក​ទាត់​ប​ញ្ជូ​ល​ទី​បាន​ច្រើនជាងគេ​បណ្ដោះអាសន្ន​គិត​ត្រឹម​សប្ដាហ៍​ទី៣ នេះ ខណៈ​រាមច្បង អ៊ិន វិច្ឆិកា ទទួល​នាទី​ជា​ប្រធាន​ក្រុម​លើ​ទីលាន។
សម្រាប់​បឹងកេត​អង្គរ ជ័យជម្នះ​នៅ​រសៀល​នេះ​ពិតជា​សំខាន់​ណាស់ ដើម្បី​ប្រជែង​កៅអី​កំពូល​តារាង​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ន។ លោក ប្រាក់ សុវណ្ណារ៉ា ប្រើប្រាស់​ធនធាន​កីឡាករ​ក្នុងស្រុក​ដែលមាន​សក្ដានុពល និង កីឡាករ​បរទេស​ដែលមាន​បទពិសោធន៍ ធ្លាប់បាន​ជោគជ័យ​រួចហើយ​ឆ្លងកាត់ ៣ ប្រកួត​កន្លងមក។

តើ​ក្រុម​ណា​អាច​រកបាន ៣ ពិន្ទុ​នៅ​រសៀល​ថ្ងៃ​សៅ​រិ៍ ចុង​សប្ដាហ៍​នេះ?



© រក្សាសិទ្ធិដោយ thmeythmey.com