ជាតិ
សង្គមជាតិ
ក្រុម​សង្គម​ស៊ីវិល​រួមគ្នា​ថ្កោលទោស​លោក សុខ ប៊ុន ដែល​ប្រើ​អំពើហិង្សា​លើ កញ្ញា សា​សា
11, Jul 2015 , 2:20 pm        
រូបភាព

បណ្តាញ​សង្គម​ស៊ីវិល​ធ្វើការ​ផ្នែក​ស្ទួយ​សិទ្ធិ​ស្ដ្រី​នៅ​កម្ពុជា រួមមាន បណ្តាញ​យេនឌ័រ និង​អភិវឌ្ឃន៍, បណ្តាញ​បុរស​កម្ពុជា, កម្មវិធី​តំបន់​អាស៊ីអាគ្នេយ៍, ក្រុមយុវជន​មួយរយ​កោដិ​សំឡេង និង​ក្រុមយុវជន​ផ្សេងទៀត​បាន​ថ្កោលទោស លោក សុខ ប៊ុន ដែល​បាន​ប្រើ​អំពើហិង្សា​លើ កញ្ញា ឯក សុជាតិ ហៅ សា​សា នៅ​កោះ​ពេជ្រ កាលពី​ថ្ងៃទី២ ខែកក្កដា កន្លងទៅ។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​រួម​របស់​ក្រុម​សង្គម​ស៊ីវិល​ធ្វើការ​លើកកម្ពស់​ស្រី្ដ​កម្ពុជា។



ក្រុម​អង្គការ​ធ្វើការ​លើកកម្ពស់​ស្រី្ដ​នៅ​កម្ពុជា បាន​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ចំពោះ​ការប្រើ​អំពើហិង្សា​យ៉ាង​សាហាវព្រៃផ្សៃ របស់លោក សុខ ប៊ុន​លើក​ញ្ញា សា​សា អតីត​ពិធី​ការិនី​ទូរទស្សន៍ CTNដែលជា​ទង្វើ​បំបាក់ស្មារតី​និង​ជាន់ឈ្លី​កិត្តិយស​ស្ដ្រី​ដ៏​ធ្ងន់ធ្ងរ។បើតាម​សេចក្តីថ្លែងការណ៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ កាលពី​ថ្ងៃ​សុក្រ ទី ១០ ខែកក្កដា។ ក្រុម​សង្គម​ស៊ីវិល​ទាំងនោះ​បញ្ជាក់ថា​អំពើហិង្សា របស់លោក សុខ ប៊ុន រួមជាមួយ​ក្រុម​អង្គរក្ស​របស់ខ្លួន ដែល​បាន​ប្រព្រឹត្ត​លើក​ញ្ញា សា​សា គឺជា​ទង្វើ​ដែល​ប្រាសចាក​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាត្រា ៤៥, ក្រមព្រហ្មទណ្ឌ​មាត្រា ២១៧ និង២១៨, អនុសញ្ញា​ស្តីពី​ការលុបបំបាត់​រាល់​ទម្រ​ង់​នៃ​ការរើសអើង​លើ​ស្រី្ដ, និង​ផ្ទុយ​ពី​ផែន​សកម្មភាព​ជាតិ​ស្តីពី​ការទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី។

ក្រុម​សង្គម​ស៊ីវិល ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ស្ថាប័ន​តុលារ ត្រូវ​ចាត់វិធានការ​ជាបន្ទាន់ ដើម្បី​ដោះស្រាយ​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ ហើយ​ដើម្បី​ទប់ស្កាត់ និង​បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី​លើក​ក្រោយ​ទៀត។

សូម​រំឭកថា លោក សុខ ប៊ុន ជា​ឧកញ៉ា និង​ជា​ប្រធាន​ក្រុមហ៊ុន TEHO Developmentព្រមទាំង​ជា​ប្រធាន​សមាគម​អ្នកវាយតម្លៃ​អចលនវត្ថុ​កម្ពុជា​រួមជាមួយ​ក្រុម​អង្គរក្ស​របស់ខ្លួន បាន​ប្រើ​អំពើហិង្សា វាយដំ​ជាន់​ធាក់​យ៉ាងធ្ងន់ធ្ងរ និង​រហូតដល់​ដោះ​សម្លៀកបំពាក់​កញ្ញា សា​សា ក្នុង​ហាង​មួយ ស្ថិតក្នុង​បរិវេណ​កោះ​ពេជ្រ​កាលពី​យប់​ថ្ងៃទី២ ខែកក្កដា កន្លងទៅ។

លោកស្រី​រស់ សុភាព នាយិការ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​កម្ពុជា​បានបង្ហាញ​ពី​ក្តី​ព្រួយបារម្ភ និង​ការហួសចិត្ត​យ៉ាងខ្លាំង ដែល​ឃើញ​បុរស​ដែល​ត្រូវបាន​គេ​ចាត់ទុកថា ជា​អ្នកការពារ​និង​លើកស្ទួយ​ស្ត្រី​បែរជា​ប្រើ​កម្លាំងបាយ​ដ៏​ធ្ងន់ធ្ងរ​និង​ឥត​ពិចារណា​មកលើ​ស្ដ្រី​យ៉ាង​ដូច្នេះ​សោះ។  លោកស្រីសង្កត់ធ្ងន់ៗដូច្នេះ​ថា៖ «ទង្វើ​របស់​បុរស​នោះ​អាច​ធ្វើដូច្នេះបាន​ដោយសារតែ​ភាព​ធូររលង់​នៃ​ការអនុវត្ត​ច្បាប់​និង​បង្ហាញ​ពី​ការធ្លាក់ចុះ​សីលធម៌​សង្គម​ព្រមទាំង​ការបាត់បង់​តម្លៃ​ជា​បុរស​ខ្លួនឯង​ផ្ទាល់។ បញ្ហា​ទាំងអស់​នេះហើយ​ដែល​យើងទាំងអស់គ្នា​គួរតែ​ព្រួយបារម្ភ»។

ទាក់ទង​នឹង​បញ្ហា​នេះ សារព័ត៌មានថ្មីៗមិនអាច​ទាក់ទង​សុំ​ការបកស្រាយ​ពី​លោក សុខ ប៊ុន និង​មេធាវី​របស់លោក បាន​នោះទេ។  ករណី​នេះដែរ កញ្ញា សា​សា ធ្លាប់​អះអាង​ប្រាប់​បណ្តាសារ​ព័ត៌មាន​មួយចំនួន​ថា អំពើហិង្សា​ដែល​លោក សុខ ប៊ុន ធ្វើ​មកលើ​ខ្លួន មិនអាច​មានតែ​សំណង ហើយ​រួចខ្លួន​ដោយ​ឥតមាន​ទោស​នោះទេ។ ហើយ​តារា​រូបនេះ ក៏​ប្រកាស​ប្តឹង​ទារ​សំណង​ជំងឺ​ចិត្ត ១ លាន​ដុល្លារ​ពី​ឧកញ៉ា សុខ ប៊ុន នោះ​ផងដែរ៕




© រក្សាសិទ្ធិដោយ thmeythmey.com