ជាតិ
សង្គមជាតិ
ទង្វើ​របស់លោក សុខ ប៊ុន ផ្តល់​ភាពអាម៉ាស់​ដល់​បុរស​ដទៃ
12, Jul 2015 , 11:12 am        
រូបភាព
 លោក សុខ ប៊ុន ជា​ឧកញ៉ា និង​ជា​ប្រធាន​ក្រុមហ៊ុន​TEHO Developmentព្រមទាំង​ជា​ប្រធាន​សមាគម​អ្នកវាយតម្លៃ​អចលនវត្ថុ​កម្ពុជា​រួមជាមួយ​ក្រុម​អង្គរក្ស​របស់ខ្លួន បាន​ប្រើ​អំពើហិង្សា​វាយដំ​ជាន់​ធាក់​យ៉ាងធ្ងន់ធ្ងរ និង​រហូតដល់​ដោះ​សម្លៀកបំពាក់​កញ្ញា ឯក សុជាតា ហៅ​សា​សា​អតីត​ពិធី​ការិនី​ទូរទស្សន៍ CTN ក្នុង​ហាង​មួយ ស្ថិតក្នុង​បរិវេណ​កោះ​ពេជ្រ​កាលពី​យប់​ថ្ងៃទី២ ខែកក្កដា​កន្លង​ទៅបាន​ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងធ្ងន់ធ្ងរ​ពី​សំណាក់​ប្រជាពលរដ្ឋ។ មិន​ថា​ស្រី្ត​នោះទេ ដែល​ហួសចិត្ត សូម្បីតែប្រុសៗ ក៏​សម្ងើច​ចិត្ត និង​សម្តែង​អារម្មណ៍​ខ្មាសអៀន​ជំនួស​អំពើ​លោក សុខ ប៊ុន ដែលមាន​ងារ​ដល់​ឧកញ៉ា តែ​បែរជា​មក​ប្រព្រឹត្ត​រឿង​អមនុស្សធម៌​លើ​ស្ត្រី​ដល់​ថ្នាក់​នឹង​សោះ។


លោក ឆាយ គីម​ស័​រ អ្នកសម្របសម្រួល​បណ្តា​ញ​បុរស​កម្ពុជា​ថ្នាក់ជាតិ បាន​ថ្លែងថា អំពើរបស់​​លោក ​សុខ ប៊ុន ​ជា​ទង្វើ​ដ៏​សាហាវព្រៃផ្សៃ​មួយ ដែល​សង្គម​ស្អប់ខ្ពើម​យ៉ាងខ្លាំង ដែល​ក្នុងនាម​ជា​បុរស​មិនគួរ​ធ្វើទៅ​រួច​នោះទេ។ តំណាង​បណ្តាញ​បុរស​កម្ពុជា​រូបនេះ​បានបង្ហាញ​ពី​អារម្មណ៍​ហួសចិត្ត​ដូច្នេះថា៖ «ខ្ញុំ​ហួសចិត្ត កោតតែ​លោក សុខ ប៊ុន អាចធ្វើ​ទៅរួច។ ទោះបីជា​យើង​មិនបាន​ប្រព្រឹត្ត​ក៏ដោយ តែ​យើង​ជា​បុរស យើង​ពិតជា​ខ្មាសអៀន​ខ្លាំងណាស់ ពេលដែល​ឃើញ​បុរស​ដូចគ្នា ទៅប្រើ​អំពើហិង្សា​បែបនេះ​លើ​ស្ត្រី» ។

ចំណែកឯ លោក អ៊ូ រតនៈ តំណាង​យុវជន​នៃ​អង្គ​ក្រៅ​រដ្ឋាភិបាល​មួយ បាន​បញ្ជាក់ថា ទង្វើ​របស់លោក សុខ ប៊ុន​បង្ហាញ​ពី​ភាពឃោរឃៅ​បីយ៉ាង គឺ ១. ការប្រើ​កម្លាំង​វាយដំ​ជាន់​ធាក់ ២. ការ​គម្រាម​ប្រើ​អាវុធ​ខុសច្បាប់ ៣. ការ​ដោះ​សម្លៀកបំពាក់ ដែល​អំពើ​អមនុស្សធម៌​បែបនេះ ធ្វើ​ឲ្យ​ខូច​កិ​ត្ថិ​យស​ស្ដ្រី​ដ៏​ធ្ងន់ធ្ងរ ដែល​មិនអាច​លើកលែងទោស​ឲ្យ​បាន។ តំណាង​យុវជន​រូបនេះ បាន​សម្តែង​ពី​អារម្មណ៍​ខ្លួន​យ៉ាងនេះថា៖ «ថ្វីដ្បិតតែ​ខ្ញុំ​ជា​ប្រុស ហើយ​បើទោះបីជា​ខ្ញុំ​មិនមែនជា​សាច់ញាតិ​របស់​កញ្ញា សា​សា ក៏ដោយ តែ​ខ្ញុំ​ពិតជា​មិនអាច​ទទួលយក​បានទេ ចំពោះ​ទង្វើ​ដ៏​សាហាវឃោរឃៅ​របស់ លោក សុខ ប៊ុន។ វា​មិន​សម ដែល​ខ្លួន​ជា​បុរស ហើយ​មានមុខមាត់ មាន​លុយ និង​មុខងារ​ខ្ពស់​ខ្ពស់ តែ​បែរជា​ហ៊ាន ប្រព្រឹត្ត​អំពើ​អមនុស្សធម៌​យ៉ាងនេះ​សោះ» ។

បន្ថែម​ពីលើនេះ លោក អំ សំអាត ​ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើបអង្កេត​របស់​អង្គការ​លីកាដូ​បាន​មានប្រសាសន៍ថា រូបលោក​ពិតជា​តក់ស្លុត ពេល​ឃើញ​ទិដ្ឋភាព​បែបនេះ។ ម​ន្រី្ដ​ការពារ​សិទ្ធិមនុស្ស​រូបនេះ​ថ្លែង​ពី​ការសោកស្តាយ​យ៉ាងនេះ​ថា៖ «ខ្ញុំ​ពិតជា​រន្ធត់​មែនទែន ដែល​ឃើញ​បុរស​ហ៊ាន​ប្រព្រឹត្ត​អំពើ​គ្មាន​មនុស្សធម៌​ដល់​ថ្នាក់​នឹង ហើយ​ជាពិសេស​ខ្លួន​ជា​ឧកញ៉ា មាន​លុយ មានទ្រព្យ មាន​កិត្តិយស មានចំណេះ​ក្នុងសង្គម​ម្នាក់ តែ​បែរ​ទៅ​វាយ​ទាត់​ធាក់​លើ​ស្ត្រី​ទៅវិញ។ វា​ជា​រឿង​គួរ​ឲ្យ​អាម៉ាស់​មែនទែន ដែល​យើង​ជា​បុរស​ទៅធ្វើ​ចឹ​ង​លើ​ស្ត្រី។

មិន​ខុសពី​អ្នក​ទាំងបី​ប៉ុន្មាន​ទេ លោក ណេ​ន ភា​រិ​ទ្ធ តំណាង​ក្រុមយុវជន​មួយរយ​កោដិ​សំឡេង បានបង្ហាញ​ពី​ខកចិត្ត​ថា រូបលោក​មិនដឹង​ស្មានថា លោក សុខ ប៊ុន អាចធ្វើ​អំពើ​ដូច្នេះ​បាន។ លោក​បន្ថែមថា ក្នុងនាម​យើង​ជា​បុរស ទោះជា​ស្ថិតក្នុង​ស្ថានភាព​បែបណា​ក៏ដោយ ក៏​មិន​ត្រូវយក​កំហឹង​ទល់នឹង​កំហល់​ដែរ ជាពិសេស​ជាមួយ​ស្ត្រី​តែម្តង។ តំណាង​ក្រុមយុវជន​មួយរយ​កោដិ​សំឡេង​រូបនេះ បន្ថែម​បែប​ចំអកបែបនេះ​ថា៖ «មិនគួរណា​មនុស្ស​នេះ ក្លាយជា​អ្នកមាន​កើត។ ខ្ញុំ​ហួសចិត្ត​ ​ពេល​ឃើញ​វីដេអូ​ហ្នឹង! ខ្ញុំ​និយាយ​ដោយ​ត្រង់ ខ្ញុំ​មិន​ចង់ឃើញ​វីដេអូ​ហ្នឹង​ទេ ខ្ញុំ​ទ្រាំ​មើល​ទម្រាំ​ចប់ ខ្ញុំ​តឹងទ្រូង​ណាស់ វា​មិនគួរ មិនគួរណា​គាត់ [លោក សុខ ប៊ុន] ហ៊ាន​ធ្វើ​ដល់​ថ្នាក់​នឹង​កើត។ ទោះបី​ខ្ញុំ​មិនបាន​ធ្វើ​មែន តែ​ខ្ញុំ​ខ្មាស់​គេ​ណាស់ ក្នុងនាម​យើង​ជា​បុរស ហើយ​មាន​ងារ​ដល់​ឧកញ៉ា​ទៀត។ ទង្វើ​របស់គាត់ ធ្វើ​ឲ្យ​ខូច​ឈ្មោះ​ប្រុស​ផ្សេងទៀត ជាពិសេស​ខ្លួនឯង​ជា​ឧកញ៉ា​ផង ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឧកញ៉ា​ដ​ដៃ​ទៀត ដោយសារតែ​អំពើ​ឥត​ពិចារណា​របស់ខ្លួន»។

ក្រៅពី​សម្តែង​ការសោកស្តាយ និង​ភាព​អៀនខ្មាស់​ចំពោះ​ទង្វើ​របស់​បុរស​ដូចគ្នា ដែល​ប្រព្រឹត្ត​លើ​ស្ដ្រី​បែបនេះ បុរស​ទាំង​បួន​នាក់​សុទ្ធតែ​ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ស្ថាប័ន​តុលាការ ពង្រឹង​ចាត់វិធានការ ក្នុងការ​ដោះស្រាយ​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ឲ្យ​បាន​ដាច់ខាត ដើម្បី​ផ្តល់​ភាពកក់ក្តៅ និង​ការជឿទុកចិត្ត​ដល់​ប្រជាពលរដ្ឋ ហើយ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​អំពើ​ព្រៃផ្សៃ​បែបនេះ កើតមាន​លើ​ស្ត្រី​លើក​ក្រោយ​ទៀត៕



© រក្សាសិទ្ធិដោយ thmeythmey.com