ជាតិ
លោក នី ចរិយា កំពុង​បំភ្លឺ​នៅ​តុលាការ ជុំវិញ​បណ្ដឹង​របស់​មន្ត្រី​តុលាការ​ខេត្តសៀមរាប២រូប
13, Jul 2015 , 10:22 am        
រូបភាព
ដោយ: ថ្មីៗ
លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក បាន​ចូលខ្លួន​ឆ្លើយបំភ្លឺ​នៅ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១៣កក្កដា​នេះ ទាក់ទង​នឹង​បណ្តឹង របស់​មន្ត្រី​តុលាការ​ខេត្តសៀមរាប២រូប ពីបទ​បរិហារកេរ្តិ៍ បរិហាកេរ្តិ៍​ជា​សាធារណៈ និង​ផ្សព្វផ្សាយ​នូវ​ការអត្ថាធិប្បាយ​ដើម្បី​ដាក់​សម្ពាធ​លើ​យុត្តាធិការ។



បណ្ដឹង​ប្រឆាំងនឹង​សកម្មជន​ការពារ​សិទ្ធិមនុស្ស​រូបនេះ បានធ្វើ​ឡើង​ជាង​មួយ​សប្ដាហ៍ ក្រោយ​រូបលោក បាន​ថ្លែង​នៅក្នុង​សន្និសីទកាសែត​មួយ ដោយបាន​រិះគន់​មន្ត្រី​តុលាការ​ទាំងពីរ​រូបនោះ​ថា បាន​ឃុំខ្លួន​ប្រជាពលរដ្ឋ​ពីររូប​ដោយ​ខុសច្បាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ជម្លោះដីធ្លី​មួយ​រវាង​ប្រជាពលរដ្ឋ១៩គ្រួសារ​នៅ​ភូមិ​ជប់​រំដេង ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប និង​សហគមន៍​តាខ្មៅ​អភិវឌ្ឍន៍​កសិកម្ម។

ក្នុង​សំណុំរឿង​ជម្លោះដីធ្លី​ដ៏​ចម្រូងចម្រាស់ និង​ការចាប់ខ្លួន​ប្រជាពលរដ្ឋ​ពីរ​នាក់​ពី​សំណាក់​តុលាការខេត្ត​សៀមរាប​នេះ សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​បាន​ដាក់​បណ្ដឹង​ទៅ​ឧត្ដមក្រុមប្រឹក្សា​អង្គចៅក្រម តុលាការ​កំពូល និង​អគ្គព្រះរាជអាជ្ញា កាលពី​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥ ប្រឆាំងនឹង​មន្ត្រី​តុលាការ​សៀមរាប​ទាំងពីរ​រូបនោះ៕




© រក្សាសិទ្ធិដោយ thmeythmey.com