ជាតិ
សង្គមជាតិ
ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ច្រើន​រូប​បង្ហាញ​វត្តមាន​ក្នុង​ពិធី​ស្រាយ​បួស​ជាមួយ​សាសនិក​ឥស្លាម
13, Jul 2015 , 11:06 am        
រូបភាព
បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​បន្តបន្ទាប់​បាន​ចូលរួម​ក្នុង​ពិធី​អាហារ​ស្រាយ​បួស​ជាមួយ​សាសនិក​ឥស្លាម​ទាំង​នៅ​កោះ​ពេជ្រ និង​នៅ​វិហារ​ឥស្លាម​បឹងកក់​រួចមក ឃើញថា ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​មួយចំនួន ក៏បាន​បង្ហាញ​វត្តមាន​របស់ខ្លួន​ក្នុង​ពិធី​នេះដែរ។ ជាក់ស្តែង​មាន​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​លោក គីម រិទ្ធី អភិបាលរង​ខេត្តកណ្តាល​ជាដើម ដែល​ពួកលោក​បាន​ទៅ​ចូលរួម​តាម​ការអញ្ជើញ​របស់​ស​មា​គម និង​អង្គការ​ឥស្លាម​មួយចំនួន។



នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ លោក សាយ សំ​អាល់ ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ពិធី​អាហារ​ស្រាយ​បួស ដែល​រៀបចំឡើង​ដោយ​សមាគម​គ្រូពេទ្យ​ឥស្លាម​កម្ពុជា។ ពិធី​នេះ​ធ្វើឡើង​នៅ​បុរី​ពិភពថ្មី ដែលមាន​ទីតាំងនៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។ ក្រៅពី​លោក សាយ សំ​អាល់ ដែល​គេ​ឃើញ​អង្គុយ​លើ​តុ​អាហារ​ស្រាយ​បួស​ហើយ​នោះ នៅក្បែរនោះ​ក៏​ឃើញ​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡង់ ឌី​ម៉​ង់ ផងដែរ។  អ្នក​ទាំងពីរ បង្ហាញ​ពី​ភាពស្និទ្ធស្នាល​នឹង​ថ្នាក់ដឹកនាំ​ខ្មែរឥស្លាម​មួយចំនួនទៀត មាន​លោក សុះ មុះ​សិន រដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​សាសនា និង​ជា​ប្រធាន​សមាគម​គ្រូពេទ្យ​ឥស្លាម​កម្ពុជា។


ដោយឡែក​អភិបាលរង​ខេត្តកណ្តាល លោក គីម រិទ្ធី នោះ​វិញ រូបភាព​ចូលរួម​ពិសារ​អាហារ​ស្រាយ​បួស​ជាមួយ​សាសនិក​ឥស្លាម​ជាច្រើន​សន្លឹក បាន​បង្ហោះ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក ដែលមាន​ឈ្មោះថា គីម រិទ្ធី (Kim Rithy) ។ អមដោយ​រូបភាព​នឹង​ថ្នាក់ដឹកនាំ​សមាគម និង​អង្គការ​ឥស្លាម លោក គីម រិទ្ធី បាន​កោតសរសើរ​ចំពោះ​សមាគម និង​អង្គការ​ទាំងនោះ ដែល​តែងតែ​សហការ​យ៉ាងសកម្ម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​អភិវឌ្ឍ​ន៍ស​ហគ​មន៍​ឥស្លាម ក៏ដូចជា​សង្គម​កម្ពុជា​ទាំងមូល។ អភិបាលរង​ខេត្តកណ្តាល បាន​ចូលរួម​ពិសារ​អាហារ​ស្រាយ​បួស​នៅ​សណ្ឋាគារ Le Grand Palace តាម​ការអញ្ជើញ​របស់​អង្គការ​ក្រុមប្រឹក្សា​ឥស្លាម​អភិវឌ្ឍន៍​កម្ពុជា ក៏ដូចជា​សមាគមយុវជន​ឥស្លាម​កម្ពុជា។


គួររម្លឹកថា ក្រៅពី​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​រដ្ឋាភិបាល ដែល​បាន​ចូលរួម​ក្នុង​ពិធី​អាហារ​ស្រាយ​បួស​ជាមួយ​សាសនិក​ឥស្លាម​ហើយ គេ​ក៏​ឃើញ​វត្តមាន​ក្រុមយុវជន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា ជា​បន្តបន្ទាប់​ក៏បាន​ចូលរួម​ក្នុង​ពិធី​នេះដែរ។ ការចូលរួម​ទាំងនេះ វា​បានបង្ហាញ​ពី​ការស្រលាញ់​រាប់អាន សាមគ្គីភាព​រវាង​ប្រជាជន​និង​ប្រជាជន បើទោះជា​ការប្រតិបត្តិ​សាសនា​ខុសគ្នា​យ៉ាងណាក្តី៕




© រក្សាសិទ្ធិដោយ thmeythmey.com