ជាតិ
សង្គមជាតិ
លោក ស ខេង៖ ច្បាប់ LANGO មិន​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​របស់​អង្គការក្រៅរដ្ឋាភិបាល​ទេ
13, Jul 2015 , 12:35 pm        
រូបភាព
ដោយ:
ប្រធាន​ក្រុមតំណាងរាស្ដ្រ​បក្ស​កាន់អំណាច លោក ស ខេង បាន​ថ្លែងថា ច្បាប់ LANGO មិន​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​របស់​ក្រុម​សង្គម​ស៊ីវិល​នោះទេ។លោក ស ខេង និយាយ​បែបនេះ នៅក្នុង​សម័យប្រជុំ​ទី ៤ នៃ​រដ្ឋសភា នីតិកាល​ទី៥ ដែល​ប្រព្រឹត្តទៅ​នាពេល​ព្រឹក ថ្ងៃទី១៣ ខែ កក្កដា​នេះ។



រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ផ្តាំ​ដល់​អង្គការ​សង្គម​ស៊ីវិល​ទាំងអស់ ជាពិសេស​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល កុំ​ឲ្យ​ព្រួយ​បារ​ម្មណ៍​ខ្លាំងពេក ពី​ការអនុម័ត​ច្បាប់ LANGOពីព្រោះ​ច្បាប់​នេះ នឹងមិន​រិត​ត្បិត​សិទ្ធិសេរីភាព​របស់​ពួកគេ​នោះទេ។ លោក​បញ្ជាក់ថា ច្បាប់ LANGO មិន​ត្រឹមតែ​សម​ស្របតាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាត្រ៤២នោះទេ តែ​ថែមទាំង​ស្របតាម​ច្បាប់​អន្តរជាតិ​ទៀតផង។ «កុំ​ព្រួយ​បារ​ម្មណ៍ ច្បាប់​នេះ​មិន​ប៉ះពាល់ ឬ​រិត​ត្បិត​សិទ្ធិ​សេរី​អង្គការ​សង្គម​ស៊ីវិល​នោះទេ»។ នេះ​ជាការ​បញ្ជាក់​របស់លោក ស ខេង។

លើសពី​លោក​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​និយាយ​បែប​មិន​យល់ថា ហេតុអ្វី​បាន​បរទេស​មួយចំនួន​ប្រឆាំងនឹង​ច្បាប់​នេះ? «ច្បាប់​នេះ យើង​យក​ចេញពី​ប្រទេស​ដែល​ប្រឆាំង​ច្បាប់​នេះ​ទេ។ ហេតុអ្វី​ប្រទេស​ខ្លួនឯង​មានបាន ឯ​កម្ពុ​ជាមាន​មិនបាន»? នេះ​ជាការ​បន្ថែម​របស់លោក ស ខេង។

រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជា​ណាក​ចក្រ​កម្ពុជា មាត្រា ៤២ វាក្យខណ្ឌ​ទី១ ចែងថា «ពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​បង្កើត​សមាគម និង​គណបក្សនយោបាយ។ សិទ្ធិ​នេះ​ត្រូវ​កំណត់​ក្នុង​ច្បាប់»។

ជាមួយគ្នានេះ លោក សួស យ៉ា​រ៉ា តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា សម្តែង​ការសោកស្តាយ ដែល​តំណាងរាស្ត្រ​បក្សប្រឆាំង​ទាំង៥៥រូប​ពហិការ​មិន​ចូលប្រជុំ​រដ្ឋសភា។ លោក​បញ្ជាក់​យ៉ាងនេះ​ថា៖«តំណាងរាស្ដ្រ​ត្រូវបាន​ប្រជាពលរដ្ឋ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិ​ត្ដ ....។ ប្រសិនបើ​ខុស​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឬ​ច្បាប់​អន្តរជាតិ ចូលរួម​ក្នុង​សភា​លើកឡើង​ហើយ​ដេញដោល​គ្នា​ទៅ» ។


© រក្សាសិទ្ធិដោយ thmeythmey.com