ជាតិ
សង្គមជាតិ
ពលរដ្ឋ និង​មន្ត្រី​កាន់តែ​ទុកចិត្ត​គ្នា ក្រោយ​មាន​តារាង​សេវាសាធារណៈ
13, Jul 2015 , 2:55 pm        
រូបភាព
ដោយ:
បាត់ដំបង៖ តារាង​តម្លៃ​សេវា​សារ​ធា​រណៈ​កំពុងតែ​បង្កើន​តម្លាភាព និង​សុចរិត​ភាព​រវាង​មន្ត្រី​ដែលជា​អ្នកបម្រើ​ពលរដ្ឋ និង​ពលរដ្ឋ​ខ្លួនឯង​ផ្ទាល់។ កាលពី​មិនទាន់មាន​តារាង​តម្លៃ​សេវាសាធារណៈ មានការ​អ៊ូរ​រទាំ​ច្រើន​ទាក់ទង​នឹង​ការយក​តម្លៃ​សេវា​ក្រៅផ្លូវការ ម្ដង​ច្រើន​ម្ដង​តិច​តាមតែ​ចិត្ត​របស់​មន្ត្រី​ដែលជា​អ្នកធ្វើការងារ​នៅ​កន្លែង​ផ្ដល់​សេវា។



ពេលនេះ មិន​ដូច​មុន​ទៀតឡើយ។ លោកពូ តាំ​ឡាង ដែលជា​ពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​តា​ម៉ឺន​បាន​រៀបរាប់ថា កាលពី​មិនទាន់មាន​តារាង​តម្លៃ​សេវាសាធារណៈ​នោះ មន្ត្រី​យក​តម្លៃ​លើ​ការធ្វើ​លិខិតស្នាម​នានា​តាមតែ​ចិត្ត​របស់​ពួកគេ។ លោក​បន្តថា ពេលខ្លះ​ត្រូវ​ចំណាយ​ច្រើន ហើយ​ពេលខ្លះ​ក៏​ចំណាយ​តិច។

«តែ​ចាប់ពី​ពេល​មាន​តារាង​សេវាសាធារណៈ​នេះ​មក ខ្ញុំ​មិនចាំបាច់​គិតថា​មាន​លុយ​មិន​គ្រប់​ដូច​មុន​ទៀតឡើយ។ ខ្ញុំ​បានឃើញ​នៅ​តម្លៃ​នៅលើ​តារាង​រួចជាស្រេច។ ហើយ​បើ​ស្មៀន ឬ​មេឃុំ​ទារលុយ​ថែម ក៏​ខ្ញុំ​មិន​ឲ្យ​ដែរ»។ នេះ​ជាការ​តាំងចិត្ត​របស់លោក​ពូ តាំ​ឡាង។

ចំនែកឯ​លោក សុខ ហួត ដែលជា​ពលរដ្ឋ​នៅ​ឃុំ​តែមួយ​ជាមួយ ពូ តាំ​ឡាង ក៏បាន​បញ្ជាក់ដែរថា តាំងពី​មាន​តារាង​សេវាសាធារណៈ​នេះ​មក លោក​ក៏​មិនបាច់​ត្រូវ​ចំណាយ​ថវិកា​គ្រួសារ​ច្រើន​ដូច​មុន​ទៀតឡើយ។ ជាងនេះទៅទៀត លោក​សង្កេតឃើញថា ពលរដ្ឋ និង​មន្ត្រី​ហាក់​បាន​យល់​គ្នាច្រើន​ជាង​មុន។ បានន័យថា ពលរដ្ឋ​ក៏​មិន​អន់​ចិត្តនឹង​មន្ត្រី​ដែល​ទារលុយ​ពួកគាត់​តាមចិត្ត​ដូច​មុន​នោះឡើយ។

លោក សុខ ហួត​បន្តថា៖«មួយវិញទៀត​ធ្វើឱ្យ​យើង​ច្បាស់​ពី​តម្លៃ​នៃ​សេវា​មួយ​របស់​រដ្ឋ​ប្រកបដោយ​តម្លាភាព​បំផុត និង​គ្មានអ្វី​លាក់បាំង​ទៀតឡើយ»។
លោក ដៀង ម៉ាក់​ដែលជា​មេឃុំ​តា​ម៉ឺន​បាន​ប្រាប់​អ្នកសារព័ត៌មានថ្មីៗឱ្យដឹងថា លោក​ក៏​មិន​ខុស​អ្វី​ពី​ពលរដ្ឋ​នោះទេ គឺ​លោក​ការសប្បាយរីករាយ នៅពេល​រដ្ឋាភិបាល​បានចេញ​គោលការណ៍​បិទ​ផ្សាយ​តារាង​តម្លៃ​សេវាសាធារណៈ​យ៉ាង​ដូច្នេះ។ លោក​មេឃុំ​ទទួលស្គាល់​ពី​ភាពល្អក់​កករ​ក្នុង​ចិត្ត​របស់​ពលរដ្ឋ ក្នុង​ពេលមុន។ «ពេលមុន​គឺ​ប្រជាពលរដ្ឋ​ចោទថា​ពួក​ខ្ញុំ​បាន​យកលុយ​ពី​ពួកគាត់​តាមចិត្ត។ តែ​ពេលនេះ​គឺមាន​តារាង​តម្លៃ​ច្បាប់។ ដូច្នេះ​ទាំងសងខាង គឺមាន​តម្លាភាព និង​មិនមាន​អ្វីដែល​ពួកយើង​លាក់បាំង​ពលរដ្ឋ​ទៀត​ដែរ។ ប្រសិន​ជាមាន​អ្នកណា​យកលុយ​ពួកគាត់(ប្រជាពលរដ្ឋ)លើសពី​តារាង​កំណត់​គឺ​មិនបាន​ឡើយ»។ នេះ​ជាការ​ធានា​របស់​មេឃុំ​តា​ម៉ឺន​វ័យ ៦៧ឆ្នាំ៕


© រក្សាសិទ្ធិដោយ thmeythmey.com