អន្តរជាតិ
សហរដ្ឋអាមេរិក៖ ប៉ូលិស​មិន​ចាប់ខ្លួន​ស្ត្រី​លួច​អីវ៉ាន់ ថែមទាំង​ចំណាយ​ប្រាក់​ទិញ​របស់​ឲ្យ​ថែមទៀត
14, Jul 2015 , 9:46 am        
រូបភាព
ដោយ: ធីតា
 

ប៉ូលិស​អាមេរិកាំង​ម្នាក់​ត្រូវ​មក​ចាប់ខ្លួន​ស្ត្រី​មេម៉ាយ​អនាថា​មួយរូប​ដែលជា​ម្តាយកូន ៦ នាក់ ពីបទ​លួច។ ប៉ុន្តែ ពេលមកដល់​កន្លែងកើតហេតុ​ប៉ូលិស​រូបនេះ​បែរជា​សម្រេចចិត្ត​មិន​ចាប់ខ្លួន ហើយ​ទិញ​ប្រដាប់ប្រដា​ប្រើប្រាស់​ឲ្យកូនៗរបស់​ស្ត្រី​នោះ​ទៅវិញ។



កាលពីដើម​សប្តាហ៍​មុន ស្ត្រី​ជា​ម្តាយ​អនាថា​នេះ​បាន​ប៉ុនប៉ង​លួច​ខោ​ទឹកនោម កន្សែង​សើម​សម្រាប់​កូនស្រី​ភ្លោះ​ទាំងពីរ​ដែលមាន​អាយុ ២ ឆ្នាំ និង​អីវ៉ាន់ផ្សេងៗទៀត​សម្រាប់កូនៗដែលមាន​តម្លៃ​ជា​ទឹកប្រាក់​សរុប​ប្រមាណ ៣០០ ដុល្លារ។ ប៉ុន្តែ គាត់​ក៏ត្រូវ​ម្ចាស់​ហាង​ចាប់បាន​នៅនឹងកន្លែង ហើយ​គេ​ក៏បាន​ប្តឹង​ប៉ូលិស។ប៉ុន្តែ​នៅពេលដែល​ភ្នាក់ងារ​ប៉ូលិស​ប​មកដល់​កន្លែង​កើតហេតុ គាត់​បានឃើញ​ស្ត្រី​នោះ​កំពុងតែ​យំ​ជាមួយ​កូនស្រី​ទាំង ៦ របស់ខ្លួន។ ជនល្មើស​បាន​រៀបរាប់​ប្រាប់​ប៉ូលិស​ថា គាត់​រស់នៅក្នុង​រថយន្ត​ជាមួយ​កូនស្រី ចាប់តាំងពី​ស្វាមី​របស់គាត់​បាន​លង់​ទឹក​ស្លាប់​កាលពី​ប៉ុន្មាន​ឆ្នាំមុន។ ដោយ​រំជួល​ចិត្តនឹង​រឿង​ដ៏​កំសត់​របស់​ស្ត្រី​នេះ និង​ដោយ​សង្កេតឃើញថា កូនស្រី​បីនាក់​របស់​ស្ត្រី​ដ៏​កំសត់​នេះ​មិនមាន​ស្បែកជើង​ពាក់​ភ្នាក់ងារ​ប៉ូលិស Mark Engravalleមិនបាន​ចាប់ខ្លួន​ស្ត្រី​ជា​ម្តាយ​នេះ​ទេ។ ផ្ទុយទៅវិញ បុរស​រូបនេះ​បាន​ត្រឡប់​ទៅកាន់​ហាង​លក់ទំនិញ​វិញ​ជាមួយ​ក្មេងស្រី ដើម្បី​ទិញ​ប្រដាប់ប្រដា​ប្រើប្រាស់​ចាំបាច់ ដោយ​ទុក​ឲ្យក្មេងៗជា​អ្នក​រើស។

ប៉ូលិស Mark បាន​និយាយថា៖ « ម្ចាស់​ហាង​អាច​ចាត់ទុកថា​គាត់​ជា​ជនល្មើស ប៉ុន្តែ ខ្ញុំ​យល់ឃើញថា គាត់​គ្រាន់តែ​ជា​ម្តាយ​មួយរូប​ដែល​កំពុង​ឆ្លងកាត់​ដំណាក់កាល​ដ៏​លំបាក​មួយ​ក្នុង​ជីវិត​ប៉ុណ្ណោះ » ។ អ្នកស្រី Sarah Robinson បាន​សម្តែង​នូវ​ក្តី​ដឹងគុណ​យ៉ាងខ្លាំង​ចំពោះ​ភ្នាក់ងារ​ប៉ូលិស​ដែល​មិន​ត្រឹមតែ​មិន​ចាប់បញ្ជូន​គាត់​ទៅកាន់​មន្ទីរឃុំឃាំង ហើយ​ថែមទាំង​បាន​ទិញ​របស់របរ​ប្រើប្រាស់​ឲ្យ​កូនស្រី​គាត់​ទៀត។

នៅពេលនេះ ប៉ូលិស​តំបន់​Roeland Park បានទទួល​ជំនួយ​ជា​ទឹកប្រាក់​ចំនួន ៦ ០០០ ដុល្លារ​ដើម្បី​ជួយ​អ្នកស្រី Sarah និងកូនៗរបស់គាត់៕



© រក្សាសិទ្ធិដោយ thmeythmey.com