ជាតិ
សង្គមជាតិ
រដ្ឋ​ចំណាយ​ថវិកាជាង៣លាន​ដុល្លារ​អាមេរិក រៀបចំ​ការប្រឡង​បាក់​ឌុប​ឆ្នាំ២០១៥
24, Aug 2015 , 10:50 am        
រូបភាព
ដោយ: ថ្មីៗ
ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា​ក្នុង​ឆ្នាំ២០១៥នេះ  បានចាប់ផ្តើមពី​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ នេះតទៅ ។ សម្រាប់ការចំណាយ​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា ចំណាយ​ថវិកា​ជាង៣លាន​ដុល្លារ​អាមេរិក។ នេះ​បើតាម​ប្រសាសន៍​របស់លោក រស់ សា​លីន។



អ្នកនាំពាក្យ​ក្រសួង​អប់រំ លោក រស់ សា​លីន បាន​ឲ្យ​ដឹងថា ឆ្នាំ២០១៥នេះ ក្រសួង​ប្រើប្រាស់​កញ្ចប់​ថវិកា​ជាង៣លាន​ដុល្លារ​អាមេរិក ដើម្បី​រៀបចំ​ដំណើការ​ប្រឡង​បាក់​ឌុប។ ហើយ​ថវិកា​នេះ ​​ចំណាយ​បេសកកម្ម​មន្ត្រី​អប់រំ និង​សម្ភារ​នានា ដែល​បម្រើ​ឲ្យ​ការប្រឡង​បាក់​ឌុប។

ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា​ក្នុង​ឆ្នាំ២០១៥នេះ ទាំង​ថ្នាក់​វិទ្យាសាស្ដ្រ និង​ថ្នាក់​វិទ្យាសាស្ដ្រ​សង្គម មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន ៨៨,៤៨៨នាក់ និង​មាន​មណ្ឌល​ប្រឡង១៤៩មណ្ឌល ចែកជា ៣,៥៧៦បន្ទប់ នៅ​រាជធានី​ខេត្ដ​ទាំង ២៥។ បេក្ខជន​ធ្លាក់​បាក់​ឌុប​ឆ្នាំមុន​ជាង១ម៉ឺន​នាក់ ក៏​នឹងចូលរួម​ប្រឡង​ក្នុង​ឆ្នាំ ២០១៥ម្តងទៀត​ដែរ។ 

ក្រសួង​នៅតែ​រក្សា​វិធានការ​រឹតបន្តឹង​ការប្រឡង​ដូច​បទបញ្ញត្តិ​ឆ្នាំមុន​ដដែល ដើម្បី​ពង្រឹង​គុណភាព​វិស័យ​អប់រំ។ បេក្ខជន​មិនត្រូវ​អនុញ្ញាត​ឲ្យ​លាក់ទុក ឬ​យក​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ចូលក្នុង​មណ្ឌល ឬ​បន្ទប់​ប្រឡង​ឡើយ។ ក្នុងករណី​ដែល​ក្រសួង​រកឃើញ​បេក្ខជនលាក់ទុក​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច ត្រូវបាន​កំណត់​ឲ្យ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ​តែម្តង។

គួរបញ្ជាក់​ផងដែរ​ថា សម័យ​ប្រឡង​ឆ្នាំ២០១៥នេះ ក្រសួង​ពុំមាន​គោលការណ៍​រៀបចំការប្រឡង​លើក​ទី២ ដូច​ឆ្នាំមុន​ទៀតឡើយ៕



© រក្សាសិទ្ធិដោយ thmeythmey.com