អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក​ត្រៀម​ផ្តល់​យន្តហោះ​ចម្បាំង F-33 ឲ្យ​អ៊ីស្រាអែល​លួង​ចិត្ត​រឿង​កិច្ចព្រមព្រៀង​អ៊ីរ៉ង់
21, Jul 2015 , 4:07 pm        
រូបភាព
ខណៈពេលដែល​ប្រធានាធិបតី​អាមេរិក​លោក ​បា រ៉ា​ក់​អូ​បា​ម៉ា ប្រឹងប្រែង​រុញ​កិច្ចព្រមព្រៀង​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ទៅ​សភា​ដើម្បី​ផ្តល់​សច្ចាប័ន រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ស្រាប់តែ​ទៅ​ទស្សនកិច្ច​នៅ​អ៊ីស្រាអែល។ ប្រមុខ​ការពារជាតិ​អាមេរិក បាន​ជួប​ជាមួយ​សម​ភាគី​អ៊ីស្រាអែល​ដោយ​លោក​ព្យាយាម​លួងលោម​អ៊ីស្រាអែល​កុំ​បារម្ភ​ខ្លាំង​ពី​កិច្ចព្រមព្រៀង​អ៊ីរ៉ង់ ហើយ​លោក​ក៏​សន្យាថា​រដ្ឋាភិបាល​អាមេរិក​នឹង​ផ្តល់​អាវុធទំនើបៗបំផុត​និង​គាំទ្រ​អ៊ីស្រាអែល​ឲ្យ​ផុតពី​ការគំរាមកំហែង​នានា​ផង។



លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ



អ៊ីស្រាអែល​និង​សម្ព័ន្ធមិត្ត​អាមេរិក​នៅ​មជ្ឈិមបូព៌ា​មួយចំនួន​ជាពិសេស​អា​រ៉ា​ប៊ី​សា​អូឌីត និង​ហ្សកដានី បាន​ប្រតិកម្ម​និង​បង្ហាញ​ការមិន​ពេញចិត្ត​ចំពោះ​សកម្មភាព​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដែល​ព្យាយាម​បង្កើត​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​ក្រុង​តេ​ហេ​អ៊ីរ៉ង់​កន្លងមក។ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ព្យាយាម​ដ​ង្ហើ​យ​ឲ្យ​សភា​អាមេរិក​ទាត់ចោល​កិច្ចព្រមព្រៀង​អ៊ីរ៉ង់ ខណៈ​លោក អូ​បា​ម៉ា ព្រមាន​ជាមុន​ថា​លោក​នឹង​ប្រើ​អំណាច​ជំទាស់​ក្នុងនាម​ជា​ប្រធានាធិបតី​ដើម្បី​ប្រឆាំង​សមាជិកសភា​ដែលមាន​ចេតនា​រារាំង​កិច្ចព្រមព្រៀង​នេះ។

យ៉ាងណាក៏ដោយ លោក អូ​បា​ម៉ា មិនអាច​ធ្វើ​ឲ្យ​អ៊ីស្រាអែល​ទើសទាល់​ចិត្តខ្លាំង​ឡើយ។ ខណៈដែល​លោក បន្ត​ស្នើ​ឲ្យ​សភា​ផ្តល់​សច្ចាប័ន​កិច្ចព្រមព្រៀង លោក​បាន​បញ្ជូន​ប្រមុខ​ការទូត​របស់លោក​ទៅ​មជ្ឈិមបូព៌ា ពោលគឺ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​បី​ដែលជា​សម្ព័ន្ធមិត្ត​យូរអង្វែង​របស់​អាមេរិក មាន​អ៊ីស្រាអែល អា​រ៉ា​ប៊ី​សា​អូឌីត និង​ហ្សកដានី។ នេះ​បញ្ជាក់​ច្បាស់​ថា អាមេរិក​ព្យាយាម​លួងលោម​ឲ្យ​សម្ព័ន្ធមិត្ត​ខ្លួន​ជាពិសេស​អ៊ីស្រាអែល​ស្ងប់ចិត្ត កុំ​បារម្ភ​រឿង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ទៀត។

រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក Ashton Carter មាន​វត្តមាន​ក្នុង​ទីក្រុង Tel Aviv ប្រទេស​អ៊ីស្រាអែល​កាលពី​ម្សិលមិញ ពោលគឺ​ត្រឹម​មួយ​សប្តាហ៍​ក្រោយ​មហាអំណាច៦ ជាមួយ​អ៊ីរ៉ង់​សម្រេច​កិច្ចព្រមព្រៀង​នេះ។ លោក​បាន​ជួបពិភាក្សា​ជាមួយ​ប្រមុខ​ការពារជាតិ​អ៊ីស្រាអែល​លោក Moshe Ya’alon ដោយ​ផ្តោតលើ​បញ្ហា​សន្តិសុខ​និង​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​រវាង​សម្ព័ន្ធមិត្ត​ទាំងពីរ។

លោក Carter បាន​ប្រាប់​ទៅ​សម​ភាគី​អ៊ីស្រាអែល​ថា សហរដ្ឋអាមេរិក​នៅតែ​ប្តេជ្ញា​ជួយ​ជ្រោមជ្រែង​វិស័យ​ការពារជាតិ​អ៊ីស្រាអែល​និង​បន្ត​ផ្តល់​សព្វាវុធ​ទំនើប បន្ថែម​ដល់​អ៊ីស្រាអែល​ដើម្បី​រក្សា​សន្តិសុខ​របស់ខ្លួន​ឲ្យ​បាន​រឹងមាំ។

អ្វីដែល​សំខាន់​ក្នុង​កិច្ចសន្ទនា ប្រមុខ​ការពារជាតិ​អាមេរិក​បាន​បង្ហើប​ថា សហរដ្ឋអាមេរិក​សន្យា​ថា​នឹង​ផ្តល់​យន្តហោះ​ចម្បាំង​ទំនើប​ចុងក្រោយ​F-33 ឲ្យ​អ៊ីស្រាអែល ហើយ​មានតែ​អ៊ីស្រាអែល​មួយ​ប៉ុណ្ណោះ​ទេ ដែល​ខ្លាច​ជា​រដ្ឋ​ដំបូង និង​ជា​រដ្ឋ​តែមួយ​នៅ​មជ្ឈិមបូព៌ា​ដែលមាន​យន្តហោះ​ប្រភេទ​នេះ​ប្រើប្រាស់។ គេ​អាច​និ​យា​បាន​ថា យន្តហោះ​ប្រដេញ F-33 ជា​ប្រភេទ​យន្តហោះ​ទំនើប​បំផុត​របស់​អាមេរិក ដែល​មិនទាន់មាន​ប្រទេស​ណា​ប្រើប្រាស់​នៅឡើយ​ទេ។ ការផ្តល់​យន្តហោះ​នេះ​នឹង​ជួយ​កងកម្លាំង​ជើង​អាកាស​អ៊ីស្រាអែល​ឲ្យ​មាន​ឥទ្ធិពល​ខ្លាំងក្លា អាច​ការពារ​សន្តិសុខ​របស់ខ្លួន​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ខ្ពស់។ ក្រៅពី​ផ្តល់​សព្វាវុធទំនើបៗ រដ្ឋមន្ត្រី​ការពារជាតិ​ខាងលើ បាន​បន្ថែមទៀតថា ទាំង​ប្រធានាធិបតី​និង​គណរដ្ឋមន្ត្រី​ទាំងមូល ប្តេជ្ញា​ថា​នឹង​ជួយ​បង្កើន​សមត្ថភាព​យោធា​អ៊ីស្រាអែល​ឲ្យ​នៅតែ​ខ្លាំង​និង​មាន​ឥទ្ធិពល​ផុត​គេ​ប្រចាំ​តំបន់​ជា​រៀងរហូត ហើយ​បើ​ចាំបាច់​អាមេរិក​អាច​កៀងគរ​ក​ការគាំទ្រ​ពី​បណ្តា​សម្ព័ន្ធមិត្តផ្សេងៗដើម្បី​ការពារ​សន្តិសុខ​អ៊ីស្រាអែល​ថែមទៀត។

សូមបញ្ជាក់ថា វត្តមាន​របស់​ប្រមុខ​ការពារជាតិ​អាមេរិក​នៅ​មជ្ឈិមបូព៌ា កើតឡើង​ស្រប​ពេលដែល​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​ប្រជាជាតិ​បោះឆ្នោត​ឯក​ច្ឆ័​ន​គាំ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ជាមួយ​មហាអំណាច៦ដែរ៕


Tag:
 លោក ​បា រ៉ា​ក់​អូ​បា​ម៉ា
 អាមេរិក និង​អ៊ីស្រាអែល​
© រក្សាសិទ្ធិដោយ thmeythmey.com