ជាតិ
លោក​ហ៊ុន សែន ទៅ​សម្ពោធ ស្ពាន​តាខ្មៅ នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​ក្រោយ
30, Jul 2015 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
លោក នាយករដ្ឋមន្ត្រី​ហ៊ុន សែន នឹង​អញ្ជើញ​ជា​អធិបតីភាព បើកសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពាន​មិត្តភាព​កម្ពុជា-ចិន​តាខ្មៅ ដែល​ឆ្លងកាត់​ទន្លេបាសាក់ និង​ផ្លូវ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ២ទៅ​ផ្លូវជាតិ​លេខ១ ប្រវែង១១.៩៥គីឡូម៉ែត្រ នៅ​ថ្ងៃទី៣ ខែសីហា​ដើម​សប្តាហ៍​ក្រោយ។



ដើម្បី​ត្រៀម​រៀបចំ​ពិធី​សម្ពោធ និង​ធ្វើ​ការលាង​សម្អាត​ផ្លូវ ស្ពាន​ព្រមទាំង​លាប​គំនូស​ចរាចរណ៍​ថ្មី​ឡើងវិញ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​ផ្អាក​ការធ្វើ​ចរាចរណ៍​ឆ្លងកាត់​ផ្លូវ​មួយចំនួន​នៅ​ម្តុំ​ស្ពាន​នេះ ចាប់ពី​ម៉ោង៦ព្រឹក​ថ្ងៃទី ២ខែសីហា រហូតដល់​ម៉ោង១១ និង៣០នាទី​ថ្ងៃទី៣ខែសីហា។

បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចាប់ពី​ម៉ោង៦ព្រឹក​ថ្ងៃទី ២ខែសីហា ដល់​ម៉ោង១១ និង៣០នាទី​ថ្ងៃទី៣ខែសីហា ហាម​មិន​ឲ្យ​រថយន្ត​ធុន​ធ្ងន់​គ្រប់​ប្រភេទ​ធ្វើ​ចរាចរណ៍​លើផ្លូវ​ជាតិ​លេខ២៣(១១៥)ត្រង់ចំណុច​ផ្លូវបំបែក​ពី​ផ្លូវជាតិ​លេខ២ ត្រង់​PK-១៤ ភ្ជាប់​នឹង​ផ្លូវជាតិ​លេខ១ ត្រង់​PK-១២ និង​ស្ពាន​មិត្តភាព​កម្ពុជា-ចិន​តាខ្មៅ។
ចំពោះ​រថយន្ត​ធុន​តូច ឬ​រថយន្ត​ទេសចរណ៍​មិន​អនុញាត​ឲ្យ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់ ចាប់ពី​ម៉ោង៣ទៀបភ្លឺ រហូតដល់​ម៉ោង១១ និង៣០នាទី​ថ្ងៃទី៣ខែសីហា។ នេះ​បើតាម​សេចក្តីជូនដំណឹង​ដដែល៕




Tag:
 ស្ពាន​តាខ្មៅ
 លោក​ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com