ជាតិ
តើ​គុណភាព​ព័ត៌​មាននៅ​កម្ពុជា​កំពុង​ធ្លាក់ចុះ​ឬ ?
30, Jul 2015 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
 

សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា គឺជា​ប្រធានបទ​ពិភាក្សា​ដ៏​ចម្រូងចម្រាស​មួយ​ដែល​ត្រូវបាន​ជជែក​ជា​រៀងរាល់ឆ្នាំ។ ប៉ុន្តែ​ប្រធានបទ​សំខាន់​មួយទៀត ដែល​ទាក់ទង​នឹង​ការវិវត្ត​ផ្នែក​គុណភាព​នៃ​ព័ត៌មាន​កម្ពុជា មិនត្រូវ​បាន​គេ​និយាយ​ដល់​ឡើយ។ មតិ​មួយចំនួន​បាន​វាយតម្លៃ​អំពី​ការធ្លាក់ចុះ​នៃ​គុណភាព​ព័ត៌មាន​នៅ​កម្ពុជា។



ទំនើបកម្ម​នៃ​ប្រព័ន្ធ​ព័ត៌មានវិទ្យា បានអនុញ្ញាត​ឲ្យ​មានការ​ចែករំលែក​ព័ត៌មាន​លឿន​រហ័ស​ក៏ពិតមែន។ ប៉ុន្តែ​ការណ៍​នេះ​មិន​បានធ្វើ​ឲ្យ​លោក អ៊ូ រិទ្ធី ស្ថាបនិក Politikoffee ពេញចិត្ត​ទាំងស្រុង​នោះឡើយ។ លោក អ៊ូ រិទ្ធី សំដែង​ការសោកស្តាយ​ទៅវិញ នៅពេលដែល​ការប្រណាំង​ប្រជែង​នៃ​ល្បឿន​ផ្តល់ព័ត៌មាន បានធ្វើ​ឲ្យ​បាត់បង់​ខ្លឹមសារ​នៃ​ព័ត៌មាន​ទៅវិញ​នោះ។ លោក រិទ្ធី ពន្យល់​យ៉ាង​ដូច្នេះ​ថា៖«ជាពិសេស​សារព័ត៌មាន​អន​ឡាញ (Online News)។ កាសែត​ប្រញាប់​តែ​ប្រាប់​ព្រឹត្តិការណ៍​ពេក ដូច្នេះ​វា​បាត់បង់​ភាព​លម្អិត។ នេះ​ជាការ​ព្រួយបារម្ភ​របស់​ខ្ញុំ។ កាសែត​មួយចំនួន​ក៏​មិន​ដែលមាន​អត្ថបទ​វែង ស៊ីជម្រៅ ឬ​អត្ថបទ​ស៊ើបអង្កេត​គួរ​ឲ្យ​ចាប់អារម្មណ៍​ឡើយ»។ បើតាម​ការកត់សម្គាល់​របស់​ស្ថាបនិក Politikoffee រូបនេះ សារព័ត៌មាន​សព្វថ្ងៃ​កំពុងមាន​និន្នាការ​ផ្តោត​តែ​លើ​ហេតុការណ៍​ដែល​កើតឡើង ដែល​សង្គម​ហ្វេ​ស​ប៊ុ​ក​ក៏​អាច​ផ្តល់​បាន​ដូចគ្នា។

ការធ្លាក់ចុះ ឬ​ការដើរថយក្រោយ​មួយទៀត ដែល​លោក ហេង ភក្តី ដែលជា​ស្ថាបនិក​នៃ​វិទ្យាស្ថាន Enrich បាន​មើលឃើញ​នោះ គឺ​ការបោក​បញ្ឆោត​អ្នកអាន។ លោក ហេង ភក្តី កំពុងនិយាយ​អំពី​ក្រុម​អ្នកសារព័ត៌មាន​ដែល​មិន​គោរព​វិជ្ជាជីវៈ​មួយចំនួន ដែល​គិតតែ​ធ្វើ​ចំណងជើង​ភូតកុហក​អ្នកអាន​ដោយ​គ្រាន់តែ​ចង់​ទាក់ទាញ​ចំណាប់អារម្មណ៍​ពួកគេ​តែប៉ុណ្ណោះ។

ព័ត៌មាន​ស្តីពី​តារា​សិល្បៈ ក៏​ជា​រឿង​ដ៏​គួរ​ចាប់អារម្មណ៍​ខ្លាំង​ដែរ​នៅក្នុង​សង្គម​បច្ចុប្បន្ន។ ហេតុ​ដូច្នេះហើយ ដើម្បី​គ្រាន់តែ​ធ្វើ​ឲ្យ​អត្ថបទ​របស់ខ្លួន​ត្រូវបាន​ចាប់អារម្មណ៍​នោះ តារា​សំដែង​កញ្ញា ខៅ អា​លី​យ៉ា កត់សម្គាល់​អ្នកកាសែត​មួយចំនួន​សរសេរ​អត្ថបទ​តាមចិត្ត ឬ​តាម​អារម្មណ៍​របស់​ពួកគេ​ដោយ​មិនបាន​ទាក់ទង​តារា ឬ​សិល្បៈករ សិល្បការិនី​ផ្ទាល់​ទេ។ មូលហេតុ​មួយ​ដែល​អ្នកកាសែត​អង្គុយ​សរសេរ​ដោយ​ចិត្ត​ខ្លួនឯង​ដោយ​គ្មាន​ការបញ្ជាក់​ពី​សិល្បៈករ ឬ​សិល្បៈការិនី​នោះ គឺ«ការទាក់ទង​មិនបាន»។

កញ្ញា អា​លី​យ៉ា បន្តថា៖ «ជាធម្មតា​បើ​អ្នកជា​អ្នកអាន​ព័ត៌មាន​អ្នក​អាច​យល់ថា​អ្នកកាសែត​នោះ​សរសេរ​តាម​អ្វីដែល​គាត់​បាន​សម្ភាសន៍​ជាមួយ​តារា។ តែ​បទពិសោធន៍​ដែល​ខ្ញុំ​ធ្លាប់​ជួប​គឺ​គាត់​សរសេរ​តាម​អារម្មណ៍​របស់គាត់​ប៉ុណ្ណោះ»។

បើ​និយាយ​អំពី​ការយល់ឃើញ​របស់​អ្នកស្រី ទេព វ​ន្នី សកម្មជន​តវ៉ា​ដីធ្លី​នៅ​តំបន់​បឹងកក់​វិញ កម្ពុជា​ពិតជា​មាន​អ្នកកាសែត​វិជ្ជាជីវៈ និង​ផ្សាយ​ព័ត៌មាន​ពិត។ បើតាម​ការពន្យល់​រប​ស់​អ្នកស្រី វ​ន្នី បើទោះជា​រដ្ឋាភិបាល​មាន​ឥទ្ធិពល​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​យ៉ាងច្រើន​យ៉ាង​ក៏ដោយ អង្គភាព​ព័ត៌មាន​ព័ត៌មាន​ឯករាជ្យ​មួយចំនួន​នៅតែ​បាន​ផ្សាយ​អំពី​សកម្មភាព​នៃ​ការតវ៉ា​របស់​ក្រុម​អ្នកស្រី។ ដូច្នេះ​សម្រាប់​អ្នកស្រី ស្ថានភាព​សារព័ត៌មាន​របស់​កម្ពុ​ជាមាន​លក្ខណៈ​ប្រសើរឡើង។

អ្នកស្រី វ​ណ្ណី បញ្ជាក់ថា៖ «អ្នកកាសែត​ឯករាជ្យ បាន​និយាយ​ការពិត មិន​ខ្លាច​ការគៀបសង្កត់​ពី​ខាង​រដ្ឋាភិបាល​ដូច​ពីមុន​ទេ។ ហើយ​ពួកគាត់​បាន​ចូលរួម​ជួយផ្តល់​សំឡេង​ដល់​ជនរងគ្រោះ​ដូចជា​អ្នក​ដែល​ត្រូវបាន​រំលោភ​យក​ដីធ្លី ករណី​ប្រាក់ខែ​កម្មករ​រោងចក្រ ឬក៏​រាយការណ៍​ពី​អំពើរ​ពុករលួយផ្សេងៗហើយ​សំខាន់បំផុត​គឺពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស»។

ក្រុមអ្នកកាសែត​អាជីព​ពិតជា​មាន ប៉ុន្តែ​ក្រុម​នេះ​មាន​ចំនួន​តិចតួច ហើយក៏​មិនបាន​កើនឡើង​ច្រើន​ឡើយ ខណៈ​ក្រុមហ៊ុន​ព័ត៌មាន​ថ្មី បាន​បន្ត​កើតមាន​ឥត​ដាច់។ ខ្វះ​អ្នកកាសែត​ជំនាន់​ថ្មី​ដែល​ត្រូវ​បណ្តុះបណ្តាល​ច្បាស់លាស់ បន្ទាប់មក​អង្គភាព​ព័ត៌មាន​មួយ​ដែល​ផ្តោត​ខ្លាំង​តែ​ទៅលើ​ការរកចំនូល​ដោយ​មិន​ខ្វល់​ពី​ការអនុវត្ត​គោលការណ៍​ក្រមសីលធម៌ សកម្មភាព​ទាំងពីរ​នេះ​ពិតជា​កំពុង​ធ្វើ​ឲ្យ​គុណភាព​ព័ត៌មាន និង​អំណាច​ព័ត៌មាន​នៅ​កម្ពុជា​ធ្លាក់​តម្លៃ៕

ដោយ សេង ធី



© រក្សាសិទ្ធិដោយ thmeythmey.com