ជាតិ
ស្ត្រី​ខ្មែរ​រងគ្រោះ២រូប​ទៀត ត្រូវបាន​ជួយសង្គ្រោះ​ពី​ប្រទេស​ម៉ាឡេស៊ី
30, Jul 2015 , 10:11 am        
រូបភាព
ដោយ: ថ្មីៗ
ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​ជួយសង្គ្រោះ​ស្ត្រី​ខ្មែរ​រងគ្រោះ២រូប​ទៀត  ដែល​ត្រូវបាន​មេខ្យល់​នាំយកទៅ​បម្រើការ​តាម​ផ្ទះ​នៅ​ម៉ាឡេស៊ី ឲ្យ​ត្រឡប់មក​កម្ពុជា​វិញ។ ពួកគេ​នឹង​មកដល់​កម្ពុជា​នៅ​ម៉ោង ៣និង៥៥ នាទី​រសៀល​ថ្ងៃទី៣១ខែកក្កដា​ស្អែក​នេះ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។ នេះ​ជាការ​បញ្ជាក់​របស់ លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា។



បើតាម​អ្នកនាំពាក្យ​ដដែល ស្ត្រី​រងគ្រោះ​ទាំង២នាក់​នោះ មានឈ្មោះ អ៊ុយ មុំ មាន​ស្រុកកំណើត​នៅ​ភូមិ ត្រពាំង​ព្រេច ឃុំ​ត្រពាំង​ក្រសាំង ស្រុក​បាទី ខេត្តតាកែវ និង​ឈ្មោះ សុខ សំអុល នៅ​ភូមិ​មេសរ​ប្រច័ណ្ឌ ឃុំ​មេសរ​ប្រច​ណ្ឌ័ ស្រុក​ពារាំង ខេត្តព្រៃវែង។

លោក ជុំ សុន្ទរី ក៏បាន​គូស​បញ្ជាក់ដែរថា បច្ចុប្បន្ន​ក្រសួង​ហើយ​និង​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​នៅ​ម៉ាឡេស៊ី បាន និង​កំពុង​មមាញឹក​ក្នុង​ការខិតខំ​ជួយសង្គ្រោះ​ស្ត្រី​ខ្មែរ ដែល​ចាញ់បោក​មេខ្យល់​យកទៅ​បម្រើ​ការងារ​នៅ​ប្រទេស​ម៉ាឡេស៊ី ឲ្យ​វិលត្រឡប់​មកកាន់​មាតុប្រទេស​វិញ​ជា​បន្តបន្ទាប់។

ក្រសួង​ក៏​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ ជាពិសេស​ស្ត្រី​ខ្មែរ​ដែលជា​ជន​ងាយ​រងគ្រោះ ត្រូវមាន​ការប្រុងប្រយ័ត្ន ចំពោះ​ការ​ឆបោក ការសន្យា​ភូតកុហក និង​ការបញ្ចុះ​បញ្ចូល​ពី​សំណាក់​មេខ្យល់ ដែលមាន​គំនិត​ទុច្ចរិត ក្នុង​ការនាំ​បងប្អូន​ទៅធ្វើ​ការ​ដោយ​ខុសច្បាប់​នៅក្រៅ​ប្រទេស៕


Tag:
 ស្ត្រី​ខ្មែរ​រងគ្រោះ
© រក្សាសិទ្ធិដោយ thmeythmey.com