ជាតិ
សង្គមជាតិ
សំណាប​ និងសម្ទូង​ជាង ៧ពាន់​ហិកតា​ស្វិត​ស្រពោន ដោយសារ​គ្រោះរាំងស្ងួត​នៅ​ខេត្តកំពង់ស្ពឺ​
30, Jul 2015 , 10:10 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ សម្ទូង សំណាប និង​ស្រូវពង្រោះ​ជាង ៧ពាន់​ហិកតារបស់​កសិករ​ក្នុង​ខេត្តកំពង់ស្ពឺ នឹង​ស្វិត​ស្រពោន ហើយ​ឈានទៅរក​ការខូចខាត​ទាំងស្រុង ប្រសិនបើ​ភ្លៀង​មិន​ធ្លាក់ក្នុងរយៈពេល​មួយ​សប្តាហ៍​ទៀត ស្របពេល​ស្រូវ​ជាង ៦០ហិកតាបាន​ងាប់​ខូចខាត​ទាំងស្រុង ដោយសារ​គ្រោះរាំងស្ងួតក្នុង​ខេត្តកំពង់ស្ពឺ។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ទី​ភ្នា​ក់សារព័ត៌មាន​រដ្ឋ (AKP) ដែល​ស្រង់​សំដី​​ប្រធាន​មន្ទីរ​កសិកម្មខេត្តកំពង់ស្ពឺ។



ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ស្ពឺ លោក សយ បញ្ញា បាន​និយាយថា ស្ថានភាព​គ្រោះរាំងស្ងួត បាននិង​កំពុង​ធ្វើឱ្យ​សម្ទូង សំណាប និង​ស្រូវពង្រោះ​ជាង ៧ពាន់​ហិកតា កំពុង​ឈានទៅរក​ការខូចខាត​ទាំងស្រុង។ ​បញ្ហា​ចំពោះមុខ​នេះ ក្នុងនាម​ជា​អាជ្ញាធរ​មូលដ្ឋាន លោក​មាន​សុទិដ្ឋិនិយម​ថា នឹង​អាចជួយ​ស​ង្គ្រោ​ម​ដំណាំ​ស្រូវក្នុង​ដីស្រែ​របស់​កសិករ ដោយ​លោក​អះអាងថា មន្ទីរ​កសិកម្ម​ខេត្ត​បាន​សហការជាមួយ​មន្ត្រី​កសិកម្ម​មូលដ្ឋាន ដើម្បី​ផ្តល់​ប្រឹក្សា​ដល់​កសិករ​ពី​ការត្រៀម​ទប់ទល់​ជាមុន ព្រមទាំង​ការពន្យារពេល​ដាំ​ដុះ​ដំណាំ​កសិកម្ម​នៅពេលនេះ ដើម្បី​កុំឱ្យ​ខ្ជះខ្ជាយ​គ្រាប់ពូជ និង​សម្ភារៈដាំ​ដុះ។

ចំពោះ​ដំណាំ​ស្រូវ​ដែល​រង​ការ​ខូ​ត​ខាត​នោះ មន្ទីរ​កសិកម្ម​នឹង​ប្រគល់​គ្រាប់ពូជ​ដល់​កសិករ ដើម្បី​ពួកគេ​អាច​ស្តារ​ការផលិត​ឡើងវិញ។ ជាង​នេះ មន្ត្រី​ជំនាញ​មន្ទី​កសិកម្ម សហការ​ជាមួយ​មន្ទីរ​ធនធានទឹក បាន​ចុះ​តាមដាន​ពិនិត្យ​ពី​ស្ថានភាព​គ្រោះ​រាំង ស្ងួត ពិនិត្យ​រក​កន្លែង​ប្រភពទឹក ដើម្បី​បូម​សង្គ្រោះ​ស្រូវ​របស់​កសិករ។ បន្ថែម​លើ​នេះ លោក​បាន​អំពាវនាវ​អាជ្ញាធរ​ស្រុក ឃុំ ត្រូវតែ​បង្វែរ ថវិកា​វិនិយោគ​ឱ្យទៅជា​ការវិនិយោគ​ផ្នែក ប្រព័ន្ធធារាសាស្ត្រ និង​ប្រើប្រាស់​ទឹក​ប្រកបដោយ​ប្រសិទ្ធភាព​ដែរ។

បើ​យោង​ប្រភព​ផ្សាយ​ដដែល ដោយឡែក​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ស្ពឺ លោក អៀ ពិសិដ្ឋ បាន​និយាយ​ពី​ស្ថានភាព​ទឹកភ្លៀង​ទូទៅ​ក្នុង​ខេត្តកំពង់ស្ពឺ​ក្នុងឆ្នាំនេះ​ថា ចាប់ពី​ដើមរដូវ​វស្សា រហូតដល់​ចុងខែ​កក្កដា ទើបតែ​ទទួលបាន​ទឹកភ្លៀង​ចំនួន៣០៧ មី​ល្លី​ម៉ែត្រ​ប៉ុណ្ណោះ។ ហេតុនេះ ធ្វើឱ្យ​ការងារ​បង្កបង្កើនផល​ស្រូវវស្សា​មាន​ភាពយឺតយ៉ាវ​ខ្លាំង៕

ប្រភព៖ AKP


© រក្សាសិទ្ធិដោយ thmeythmey.com