កីឡាជាតិ
ង៉​យ ស្រ៊ី​ន រងរបួស​ធ្ងន់ ខណៈ​ភ្នំពេញ​ក្រោ​ន​ឈរលើ​តារាង​បណ្តោះអាសន្ន
30, Jul 2015 , 11:15 am        
រូបភាព
ដោយ: រួបរួម
ង៉​យ ស្រ៊ី​ន នៃ​ក្លិប​ភ្នំពេញ​ក្រោ​ន ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ បន្ទាប់ពី​ខ្សែការពារ​រូបនេះ បាន​រងរបួស​បាក់ដៃ​នា​អំឡុង​នៃ​ការប្រកួត​ជាមួយ​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត​ក្នុង​សប្តាហ៍​ទី៩នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក នៅ​កីឡដ្ឋាន RSN កាលពី​ល្ងាច​ថ្ងៃ​ពុធ។ ក្លិប​ភ្នំពេញ​ក្រោ​ន​មិនទាន់បាន​បញ្ជាក់​ពី​ស្ថានភាព​របស់ ង៉​យ ស្រ៊ី​ន ឡើយ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍។



ករណី​គ្រោះថ្នាក់​របស់ ង៉​យ ស្រ៊ី​ន គឺជា​ករណី​ទី​បី​ហើយ​នៅក្នុង​យុទ្ធនា​ការប្រកួត​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ២០១៥ ពោលគឺ​បន្ទាប់ពី​ខ្សែការពារ James Michealរបស់​ស្វាយរៀង ដែល​បាន​ឆ្អឹង​កជើង​នា​អំឡុង​នៃ​ការប្រកួត​ជាមួយ​បឹងកេត​អង្គរ​នៅ​ស្តា​ត​ចាស់ និង​ខ្សែការពារ សុខ រិទ្ធី របស់​ណាហ្គា​វើ​ល ដែល​បាន​បាក់​ឆ្អឹងកដៃ នា​អំឡុង​នៃ​ការប្រកួត​ជាមួយ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​នៅ​មជ្ឈមណ្ឌល​បាល់ទាត់​បាទី។

នា​ការប្រកួត​កាលពី​ម្សិលមិញ ភ្នំពេញ​ក្រោ​ន បាន​ឡើងទៅ​ឈរលើ​កំពូល​តារាង​បណ្តោះអាសន្ន ក្រោយ​ខ្សែបម្រើ​អាហ្វ្រិក​ខាងត្បូង Shane Booysen ស៊ុត​បាល់​បញ្ចូល​ទី​នាំ​ជ័យជម្នះ ១-០ លើ​ភ្ញៀវ​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត។

អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ឡើងទៅ​កាន់​ចំណាត់ថ្នាក់​លេខ​បី ក្រោយ​ជ័យជម្នះ ៣-០ លើ​វេ​ស្ទើ​ន​ភ្នំពេញ​នៅ​មជ្ឈមណ្ឌល​បាល់ទាត់​ជាតិ​បាទី ដែល​សម្រេចបាន​ដោយ នួន បូរី, Yuske Ishii និង Oseika Samuel។

នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង ក្រុម​ម្ចាស់ផ្ទះ​បានទទួល​ជ័យជម្នះ ២-១ លើ​គិរីវង់​សុខ​សែន​ជ័យ។ Dzarma Bata បាន​ស៊ុត​បាល់​បញ្ចូល​ទី​ទាំង២គ្រាប់​សម្រាប់​ស្វាយរៀង ខណៈ​Suma Mustapha ជា​អ្នករក​គ្រាប់​បាល់​ឲ្យ​គិរីវង់។ ស្វាយរៀង​ឡើងទៅ​កាន់​តំបន់ Top 4 ស្រប​ពេលដែល​គិរីវង់​មិនទាន់មាន​កំណត់ត្រា​ឈ្នះ​ការប្រកួត​ឡើយ៕


Tag:
 MCL2015
© រក្សាសិទ្ធិដោយ thmeythmey.com