អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អា​ហ្វ​ហ្កា​នី​ស្ថាន​ប្រកាស​ពី​មរណភាព​របស់​មេដឹកនាំ​ជាន់ខ្ពស់​តា​លី​បង់ mollah Omar
30, Jul 2015 , 11:51 am        
រូបភាព
ដោយ: ថ្មីៗ


នៅ​ល្ងាច ថ្ងៃ​ពុធ​ម្សិលមិញ អាជ្ញាធរ​អា​ហ្វ​ហ្កា​នី​ស្ថាន​បានប្រកាសថា មេ​ជាន់ខ្ពស់​ក្រុម​តា​លី​បង់ ម៉ូ​ឡា អូ​ម៉ា បានទទួល​មរណភាព​ហើយ។ ស្អែក​នេះ ក្រុម​តា​លី​បង់​និង​អាជ្ញាធរ​អា​ហ្វ​ហ្កា​នី​ស្ថាន​ត្រូវ​បន្ត​ការចរចា​សន្តិភាព ជាមួយគ្នា​ជាថ្មី។ ដូច្នេះ មរ​ភាព​របស់​មេដឹកនាំ​តា​លី​បង់​ដ៏​ធំ​នេះ អាច​នឹង​ធ្វើអោយ​ការចរចា​សន្តិភាព​កាន់តែ​ស្មុគស្មាញ។



មេដឹកនាំ តា​លី​បង់​ដ៏​ធំ ម៉ូ​ឡា អូ​ម៉ា គឺជា​អ្នក​ដែល​ធ្លាប់បាន​ជួយ​អោយ​មេ​ភេរវកម្ម​ប្រឆាំង​អាមេរិក អ៊ូ​សា​ម៉ា បិ​ន​ឡា​ដិ​ន ជ្រកកោន​ស្នាក់នៅ។ យោងតាម​ផ្នែក​ចារកិច្ច​អា​ហ្វ​ហ្កា​នី​ស្ថាន ម៉ូ​ឡា អូ​ម៉ា បាន​ស្លាប់​ក្នុង​មន្ទីរពេទ្យ​មួយកន្លែង នៅ​ក្រុង​កា​រ៉ា​ឈី ប្រទេស​ប៉ា​គី​ស្ថាន កាលពី​ខែមេសា ឆ្នាំ២០១៣ ក្នុងស្ថានភាព​ដ៏​អាថ៌កំបាំង។ មន្ត្រី​អា​ហ្វ​ហ្កា​នី​ស្ថាន​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​សារព័ត៌​មានបារាំង AFPថា ម៉ូ​ឡា អូ​ម៉ា​ស្លាប់​ដោយសារ​ជំងឺ។

ក្រុម​តា​លី​បង់ មិនបាន​គូសបញ្ជាក់​ជា​ផ្លូវការ​ថា តើ​ម៉ូ​ឡា អូ​ម៉ា នៅរស់​រឺក៏​ស្លាប់​ទេ។ គេ​ចាំបាន​ថា មេដឹកនាំ​ជាន់ខ្ពស់​រូបនេះ​បាន​រត់គេចខ្លួន​តាំងពី​ឆ្នាំ២០០១ម្ល៉េះ។ ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ សកម្មជន​ប្រយុទ្ធ​តា​លី​បង់​ជាច្រើន​នាក់​បានទាមទារ​ភស្តុតាង​បង្ហាញថា មេដឹកនាំ​របស់ខ្លួន​រូ​ប​នេះ​ពិតជា​នៅរស់​ពិតមែន ហើយ​ពិតជា​ចង់​ចរចា​ជាមួយ​អាជ្ញាធរ​អា​ហ្វ​ហ្កា​នី​ស្ថាន​ពិតមែន។

ពេលនេះ ក្រុម​តា​លី​បង់​កំពុងតែ​បែកបាក់​គ្នា។ សកម្មជន​ប្រយុទ្ធ​មួយចំនួន​បាន​ចុះចូល​ជាមួយ​ក្រុម​ជី​ហាត​រដ្ឋ​អ៊ីស្លាម​ដែល កំពុង​ចង់​វាតទី​អា​ហ្វ​ហ្ក​នី​ស្ថាន។ ដំណឹង​ពី​មរណភាព​ម៉ូ​ឡា អូ​ម៉ា រឹតតែ​បង្ក​ការលំបាក​ដល់​ការចរចា​សន្តិភាព​ជាមួយ​រដ្ឋាភិបាល អា​ហ្វ​ហ្កា​នី​ស្ថាន ដែល​ត្រូវ​បន្តធ្វើ​នៅ​ថ្ងៃ​សុក្រ ៣១កក្កដា​នេះ៕


© រក្សាសិទ្ធិដោយ thmeythmey.com