កីឡាជាតិ
ជាតិ
AFF U16៖ កម្ពុជា ជួប អូស្ត្រាលី ហើយ​ហ្វីលីពីន ជួប សិង្ហ​បុរី នៅ​ល្ងាច​នេះ
30, Jul 2015 , 11:54 am        
រូបភាព
ដោយ: ថ្មីៗ
ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ក្រោម​អាយុ ១៦ ឆ្នាំ​របស់​ម្ចាស់ផ្ទះ​កម្ពុជា ត្រូវ​ជួប​ក្រុម​ខ្លាំង​ក្នុង​ទ្វីបអាស៊ី អូស្ត្រាលី ហើយ​ក្រុម​ហ្វីលីពីន ត្រូវ​ប្រកួត​ជាមួយ​សិង្ហ​បុរី នៅ​ល្ងាច​ថ្ងៃ ៣០ ខែ កក្កដា នេះ​នៅ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​ប្រកួត​ជម្រុះ​ពូ​ល B លើក​ទី២ នៃ​ពានរង្វាន់​បាល់ទាត់​តំបន់​អាស៊ាន AFF BIDC U16 Championship 2015 ដែល​រៀបចំ​នៅ​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា។ ប្រកួត​ទាំង២ គូ​នៅថ្ងៃនេះ​ក៏មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្ដិ៍​ទូរទស្សន៍​ក្នុងស្រុក BTV ផងដែរ។


ប្រកួត​ដំបូង​ចាប់ផ្ដើម​ពី​ម៉ោង ៣:៣០ នាទី​តទៅ ដោយ​ក្រុម​ហ្វីលីពីន ប្រកួត​ជាមួយ​សិង្ហ​បុរី ដើម្បី​ប្រជែង​រក ៣ ពិន្ទុ រៀងៗខ្លួន ខណៈ​ប្រកួត​ដំបូង​ក្រុម​ទាំង​បរាជ័យ​ដូចគ្នា។ សិង្ហ​បុរី បាន​ប្រកួត​ចាញ់​មី​យ៉ាន់​ម៉ា ដោយ​លទ្ធផល ៣ ទល់ ១ កាលពី​ថ្ងៃ​បើកឆាក ហើយ​ហ្វីលីពីន បាន​ប្រកួត​ចាញ់ ម្ចាស់ផ្ទះ​កម្ពុជា ១ ទល់ ០ កាលពី​ថ្ងៃ​បើកឆាក។

ចំណែក​ក្រុម​កម្ពុជា ត្រូវ​ជួប​ក្រុម​ជើង​ខ្លាំង​ប្រចាំ​ទ្វីបអាស៊ី គឺ​ក្រុម​អូស្ត្រាលី នៅវេលា​ម៉ោង ៦:៣០ នាទី​ល្ងាច។ លោកគ្រូ​បង្វឹក​ជនជាតិ​ជប៉ុន Iki Yusuke របស់​ក្រុម U16 កម្ពុជា ទទួលស្គាល់ថា​ក្រុម​អូស្ត្រាលី ជា​ជើង​ខ្លាំង ហើយ​លោក​នៅ​មិនទាន់​បានឃើញ​ពី​ទម្រង់​លេង​របស់​ក្រុម​មួយ​នេះ​នៅឡើយ​ទេ។ លោកគ្រូ​បង្វឹក​រូបនេះ​សន្យាថា​នឹង​ប្រឹងប្រែង​ដឹកនាំ​ក្រុម​បន្ថែម​ដើម្បី​រក​ជ័យជម្នះ​ជា​លើក​ទី២ ប្រចាំ​ពូ​ល B នេះ។

សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍ បានផ្ដល់​សិទ្ធិ​ឱ្យ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ការប្រកួត​កីឡាបាល់ទាត់​ក្រោម​អាយុ១៦ឆ្នាំ​ប្រចាំ​តំបន់​នេះ ចាប់ពី​ថ្ងៃទី ២៧ ខែ កក្កដា ដល់ ៩ ខែ សីហា ឆ្នាំ ២០១៥ ខាងមុខ ដោយមាន​ក្រុម​ចូលរួម​ចំនួន ១១ ចែកជា ២ ពូ​ល។ ចំពោះ​ពូ​ល A មាន ម៉ាឡេស៊ី, វៀតណាម, ឡាវ, ទី​ម័​រ​ខាងកើត, ប្រ៊ុយណេ និង ថៃ ហើយ​ពូ​ល B មាន អូស្ត្រាលី, សិង្ហ​បុរី, ហ្វីលីពីន, មី​យ៉ាន់​ម៉ា និង​ម្ចាស់ផ្ទះ​កម្ពុជា ប្រកួត​ជម្រុះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ និង កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ (ស្ដា​ត​ចាស់)។

ប្រកួត​នេះ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ដាក់លក់​សំបុត្រ​ចូល​ទស្សនាការ​ប្រកួត​ក្នុង​ពានរង្វាន់​នេះ នៅខាងមុខ​ច្រកចូល​ពហុ កីឡដ្ឋាន​ជាតិ​ក្នុងតម្លៃ ៥០០០ រៀល និង ១០០០០ រៀល។ សម្រាប់​ពត៌មាន​បន្ថែម​អាចទាក់ទង​ទៅកាន់​លេខ: ០៧១ ៤៨ ៦៩ ៤៧៥ ឬ ០១៥ ៤៤ ៧៦ ៨០ ៕

ចំពោះ​លទ្ធផល​ប្រកួត​នៅក្នុង​ពូ​ល A ម្សិលមិញ​មាន៖

- ឡាវ ៣-២ ទី​ម័​រ​ខាងកើត
- ប្រ៊ុយណេ ១-៦ វៀតណាម
- ម៉ាឡេស៊ី ១-៣ ថៃ

តើ​កម្ពុជា ឬ អូស្ត្រាលី អាច​រកបាន ៣ ពិន្ទុ​នៅ​ល្ងាច​នេះ?



Tag:
 កីឡា​ជាតិ
 AFF U16
© រក្សាសិទ្ធិដោយ thmeythmey.com