ជាតិ
លោក កែម ឡី នឹង​មិនមាន​តំណែង​អ្វី​ទាំងអស់​ក្នុង​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន
30, Jul 2015 , 2:13 pm        
រូបភាព
អ្នកស្រាវជ្រាវ​សង្គម និង​តាមដាន​ស្ថានការណ៍​នយោបាយ លោក កែម ឡី បាន​អះអាងថា រូបលោក​នឹងមិន​មាន​តួនាទី និង​មុខតំណែង​អ្វី​ទាំងអស់​ក្នុង​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​រួប​លោក និង​សមាជិក​ស្ថាបនិក​បណ្តាញ​ខ្មែរ​ដើម្បី​ខ្មែរ​មួយចំនួនទៀត គ្រោង​នឹង​បង្កើត​នៅពេល​ខាងមុខ។ អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​រូបនេះ​បញ្ជាក់ថា នៅពេលដែល​គណបក្ស​ថ្មី​នេះ​ត្រូវ​បានរៀបចំ និង​ចុះបញ្ជី​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​រួចរាល់ រូបលោក​នឹង​ដើរ​ចេញពី​បក្ស មក​ធ្វើជា​អ្នកស្រាវជ្រាវ​សង្គម​ដដែល។



សមាជិក​ស្ថាបនិក​បក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន លោក កែម ឡី បាន​បដិសេធ​ចំពោះ​ការយល់ច្រឡំ​ពី​សំណាក់​ប្រជាពលរដ្ឋ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​ដែលថា​រូបលោក​នឹង​ធ្វើជា​អ្នកនយោបាយ និង​មាន​តួនាទី​ជា​ប្រធាន ឬ​អនុប្រធាន ក្នុង​បក្ស​ថ្មី​ដែល​រូបលោក និង​សមាជិក​ស្ថាបនិក​មួយចំនួនទៀត​គ្រោង​នឹង​បង្កើត។ លោក​បញ្ជាក់ថា លោក​នឹង​មិនមាន​តួនាទី​អ្វី​ទាំងអស់​ក្នុង​បក្ស​ថ្មី​នេះ ដោយ​ហោចទៅ​សូម្បីតែ​សមាជិក​ធម្មតា ក៏​លោក​មិន​ធ្វើ​ដែរ។ ប៉ុន្តែ​ថា ការចួលរួម​ក្នុង​សកម្មភាព​នយោបាយ​នោះ លោក​មិន​បោះបង់​នោះទេ។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «ខ្ញុំ​មិនមាន​តួនាទី​អ្វី​ក្នុង​បក្ស​នោះទេ ការបង្កើត​បក្ស​នេះ គឺ​ខ្ញុំ​គ្រាន់តែ​ចង់​បង្រៀន និង​បណ្តុះបណ្តាល ប្រជាពលរដ្ឋ ជាពិសេស​យុវជន ឲ្យ​មានកា​យល់ដឹង​ពី​នយោបាយ ចេះ​រៀបចំ បង្កើត​បក្ស​ធ្វើ​នយោបាយ​ដោយ​ខ្លួនឯង​ក្នុងសង្គម​ប្រជាធិបតេយ្យ។ ខ្មែរ​យើង​យល់ថា ទាល់តែ​កូនអ្នកមាន​លុយ មានអំណាច ឬ​ជាប់​សាច់ឈាម​សែ​ស្តេច កូន​អ្នកធំ ទើប​អាចធ្វើ​នយោបាយ​បាន។ អ៊ីចឹង​យើង​ចង់​លុបបំបាត់​គំនិត​នេះ​ចេញ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ចេះ​ធ្វើ​នយោបាយ​ដោយ​ខ្លួនឯង»។

នៅមាន​ផ្នត់គំនិត​មួយទៀត​ដែល​លោក​ចង់​លុបបំបាត់​ដែរ ឬ​ចង់​កែប្រែ​ដែរ។ លោក​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​យល់ថា ឲ្យ​តែ​អ្នកណា​ជា​អ្នក​ផ្តួច​ផ្តើមគំនិត អ្នក​ទាំងនោះ​ច្រើនតែ​ធ្វើជា​អ្នកដឹកនាំ ឬ​ជា​ប្រធាន​ក្នុង​ស្ថាប័ន​នោះ ដូចជា លោក សួន សេរី​រដ្ឋា លោក​ម៉ម សូណង់ដូ ទ្រង់​នរោត្តម រណឫទ្ធិ ជាដើម។ ផ្ទុយទៅវិញ លោក កែម ឡី ដែល​អ្នក​ផ្តួចផ្តើម​ឲ្យ​មាន​បណ្តាញ​ខ្មែរ​ដើម្បី​ខ្មែរ នឹង​រហូត​ឈានដល់​គ្រោង​បង្កើត​បក្សនយោបាយ តែ​រូបលោក​បែរជា​បដិសេធ​មិន​ចូលរួម​ធ្វើ​នយោបាយ និង​មិន​ធ្វើជា​ប្រធាន ឬ​អនុប្រធាន​បក្ស​នោះទេ។

រហូតមកដល់​ពេលនេះ លោក កែម ឡី មិនទាន់​បញ្ជាក់បាន​ថា តើ​អ្នកណា​នឹង​ធ្វើជា​ប្រធាន ហើយ​អ្នកណា​ធ្វើជា​អនុប្រធាន​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នេះ នោះទេ។

សូម​រំឭកថា កាលពី​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ សមាជិក​ស្ថាបនិក​នៃ​បណ្តាញ​សង្គម​ខ្មែរ​ដើម្បី​ខ្មែរ​មួយរូប គឺ លោក សាម អ៊ី​ន បាន​ប្រាប់​សារព័ត៌មានថ្មីៗ ថា គណៈកម្មការ​បណ្តោះអាសន្ន​ដែល​ចេញពី​បណ្តាញ​សង្គម​ខ្មែរ​ដើម្បី​ខ្មែរ នឹងដាក់​លិខិត​ស្នើសុំ​បង្កើត​គណបក្ស «ប្រជាធិបតេយ្យ​មូលដ្ឋាន» ទៅ​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥ ដើម​សប្តាហ៍​ក្រោយនេះ៕


Tag:
 លោក កែម ឡី
© រក្សាសិទ្ធិដោយ thmeythmey.com