ជាតិ
សង្គមជាតិ
នគរ​ចម្ប៉ា​រង​ឥទ្ធិពល​សាសនា​ឥស្លាម​តាមរយៈ​ជំនួញ​នឹង​ពួក​អារ៉ាប់
31, Jul 2015 , 3:54 pm        
រូបភាព
លោក Tran KY Phuong អ្នកប្រវត្តិសាស្រ្ត និងសិល្បៈចាម
លោក Tran KY Phuong អ្នកប្រវត្តិសាស្រ្ត និងសិល្បៈចាម
សៀមរាប៖ នៅ​សម័យ​ដើម សាសនា​ព្រហ្មញ្ញ​មាន​ឥទ្ធិពល​ខ្លាំង​មកលើ​ប្រទេស​ក្នុង​តំបន់ ក្នុងនោះ​មាន​ប្រទេស​កម្ពុជា​ជាដើម។ ចម្ប៉ា ដែល​គេ​ស្គាល់​ថា​ជា​ប្រទេសមួយ តែ​បាន​បាត់បង់​ទឹកដី​ទៅវិញ ដោយសារ​វៀតណាម ក៏​គោរព​ប្រតិបត្តិ​សាសនា​ព្រហ្មញ្ញ​យ៉ាង​ខ្ជាប់ខ្ជួន​ដែរ។ យ៉ាងណា បើតាម​ការបញ្ជាក់​ពី​អ្នកប្រវត្តិសាស្ត្រ ចម្ប៉ា បាន​រង​ឥទ្ធិពល​ពីសា​សនា​ឥស្លាម​មួយផ្នែកធំ ដោយសារ​ការធ្វើ​ជំនួញ​ផ្លូវ​ទឹកនឹង​ពួក​អារ៉ាប់។







យោងតាម​កំណត់ត្រា​អ្នកជំនួញ​ចិន និង​អារ៉ាប់ អ្នកជំនួញ​ចាម​មាន​ទំនាក់ទំនង​គ្នា​នឹង​ពួក​អារ៉ាប់ ចាប់ពី​សតវត្ស​ទី៨មក។ ត្រង់​នេះហើយ ដែល​អាច​ឲ្យ​គេ​យល់បាន​ថា សាសនា​ឥស្លាម​បាន​ជ្រៀត​ចូលមក​ប្រទេស​ចម្ប៉ា តាំងពី​ពេលនោះ​មក ហើយ​អ្នកជំនួញ​ជនជាតិ​ចាម​មួយចំនួន បាន​ទទួលយក​សាសនា​ឥស្លាម​ជំនួស​ព្រហ្មញ្ញសាសនា។

តាម​ការបញ្ជាក់​របស់​លោក​សាស្ត្រ​ចា​រ្យ Tran Ky Phuong អ្នកប្រវត្តិសាស្ត្រ និង​សិល្បៈ​ចាម មកពី​ប្រទេស​វៀតណាម ពុំមាន​ភស្តុតាង​ណា​ជាក់លាក់ ដែល​បញ្ជាក់ថា រាជវង្សានុវង្ស​នៃ​នគរ​ចម្ប៉ា បោះបង់​សាសនា​ព្រហ្មញ្ញ​ឡើយ។ លោក​បន្ថែមថា រហូតដល់​ដើម​សតវត្ស​ទី១៩ ដែល​នគរ​ចម្ប៉ា​បាត់បង់​ទឹកដី ពូជ​រាជវង្ស​នៅតែ​បន្ត​គោរព​ប្រតិបត្តិ​សាសនា​ព្រហ្មញ្ញ ហើយ​រហូតមកដល់​ប​ច្ចប្ប​ន្ន​នេះ បើទោះជា​ជនជាតិ​ចាម​មួយចំនួន​គោរព​ប្រតិបត្តិ​សាសនា​ឥស្លាម​ក៏ពិតមែន តែ​ពួកគេ​នៅតែ​រង​សំណល់​ពី​សាសនា​ព្រហ្មញ្ញ​ជា​ដដែល។ មានន័យថា ការគោរព​គឺ​នៅមាន​លាយ​គ្នា រវាង​សាសនា​ព្រហ្មញ្ញ និង​សាសនា​ឥស្លាម។

ក្រោយពី​បាត់បង់​ទឹកដី​ទាំងស្រុង​នៅ​ដើម​សតវត្ស​ទី១៩ ជនជាតិ​ចាម​ត្រូវគេ​ដឹងថា បាន​រត់​ភៀសខ្លួន​ទៅ​រស់នៅ​ប្រទេសផ្សេងៗ ក្នុងនោះ​មាន​កម្ពុជា​ជាដើម។ បច្ចុប្បន្ន មាន​ជនជាតិ​ចាម​ប្រមាណ ១២ម៉ឺន​នាក់​ប៉ុណ្ណោះ ដែល​កំពុង​រស់នៅ​លើទឹក​ដី​កំណើត​របស់ខ្លួន ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​វៀតណាម។ លោក Tran Ky Phuong អះអាងថា ទាំង​ភាសា ទំនៀម​ទំលាប់ ប្រពៃណី​សាសនា មានការ​ផ្លាស់ប្តូរ សម្រាប់​ជនជាតិ​ចាម មិន​ថា​រស់នៅក្នុង និង​ក្រៅប្រទេស​នោះ។

ក្នុង​បទ​បង្ហាញ​ស្តីពី​ប្រ​វ​តិ្ត​សាស្ត្រ​ចាម និង​ទំនាក់ទំនង​រវាង​សិល្បៈ វប្បធម៌ ខ្មែរ-ចាម ដែល​រៀបចំឡើង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា កាលពី​ថ្ងៃទី៣០ កក្កដា​កន្លងទៅ លោក Tran Ky Phuong មិនអាច​បញ្ជាក់​ពី​ទំហំ​ទឹកដី​នគរ​ចម្ប៉ា ដែល​បាន​បាត់បង់​នោះបានទេ។ លោក​ពន្យល់ថា ទឹកដី​នគរ​ចម្ប៉ា គឺជា​ទឹកដី​អំណោយផល​ផ្នែក​ជំនួញ ព្រោះ​ទឹកដី​លាតសន្ធឹង​ទ្រវែង​តាម​បណ្តោយ​ទន្លេ និង​ស្ថិតនៅ​វៀតណាម​កណ្តាល​សព្វថ្ងៃនេះ។ ជនជាតិ​ចាម ភាគច្រើន​គឺជា​អ្នកជំនួញ ដែលមាន​ទំនាក់ទំនង​ល្អជា​មួយ​ចិន ម៉ាឡេស៊ី និង​កម្ពុជា​ជាដើម។

គួរ​បញ្ជាក់ថា ជនជាតិ​ចាម​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​បច្ចុប្បន្ន មាន​ប្រមាណ ៦០ម៉ឺន​នាក់។ អ្នកស្រាវជ្រាវ​វប្បធម៌​ចាម​ខ្លះ​អះអាងថា ពួកគេ​បាន​បែង​ចែកជា​ពីរ​ពួក ទីមួយ​គឺ​ចាម​បុរាណ និង​ចាម​សម័យ។ ចាម​បុរាណ គឺជា​ជនជាតិ​ចាម​មាន​វ័យ​ចំណាស់ ហើយ​ដែល​នៅ​អាច​រក្សា​វប្បធម៌​ប្រពៃណី​ខ្លួន​បាន តែ​ពួកនេះ មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ។ ដោយឡែក​ចាម​សម័យ គឺមាន​ចំនួន​ច្រើន ហើយ​ដែល​ពួកគេ​រង​ឥទ្ធិពល​សាសនា​ខ្លាំង​ពី​ប្រទេស​អារ៉ាប់៕






© រក្សាសិទ្ធិដោយ thmeythmey.com