ជាតិ
សង្គមជាតិ
គ្រឿងញៀន​ជិត៨០គីឡូក្រាម ត្រូវបាន​អាជ្ញាធរ​បង្ក្រាបបាន​ក្នុង​រយៈពេល៧ខែ
31, Jul 2015 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
នៅក្នុង​រយៈពេល៧ខែ​ឆ្នាំ២០១៥នេះ មន្ទីរ​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៅតាម​រាជធានី-ខេត្ត បង្ក្រាប​គ្រឿងញៀន​បាន១២៨២ករណី ចាប់​គ្រឿងញៀន​បាន​ជិត៨០គីឡូក្រាម និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន២៥២១នាក់។ តូ​លេខ​នេះ ត្រូវបាន​ប្រកាស​នៅក្នុង​ពិធី​ផ្ទេរ​ក្របខ័ណ្ឌ​មន្ត្រី​ការិយាល័យ​កណ្តាល​នគរ​បាល​យុត្តិធម៌​និង​សន្តិសុខ ទៅក្នុង​ក្របខ័ណ្ឌ​មន្ត្រីនគរបាល​នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន។



គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ស្រង់​ប្រសាសន៍​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ថា ចាប់ពីពេលនេះ​ទៅ មន្ត្រីនគរបាល​ប្រឆាំង​គ្រឿងញៀន​ណា​ដែលមាន​សមត្ថភាព និង​ស្នាដៃ​ក្នុងការ​បង្ក្រាប​ចាប់ខ្លួនបាន​ជនល្មើស​គ្រឿងញៀន នឹង​ទទួលបាន​ការលើកទឹកចិត្ត ដំឡើង​ឋានន្តរស័ក្តិ ផ្តល់​ប័ណ្ណសរសើរ និង​ថវិកា​មួយចំនួន​ផងដែរ។ លោក នេ​ត សាវឿន បាន​គូស​បញ្ជាក់ដែរថា អគ្គស្នងការ​នគរបាល​ជាតិ មិន​ចង់ឃើញ​មន្ត្រី​ណា​រួម​ដៃ​ឃុបឃិត​ជាមួយ​ជនល្មើស ហើយ​ត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ការជួញដូរ និង​ចែកចាយ​គ្រឿង​ញៀ​នោះទេ។

អគ្គស្នងការ​នគរបាល​ជាតិ បានដាក់​ចេញ​នូវ​គោលការណ៍​មួយចំនួន ទៅដល់​កងកម្លាំង​នគរបាល​ផងដែរ ដើម្បី​ទប់ស្កាត់​បទល្មើស​នានា​ទាក់ទង​នឹង​គ្រឿងញៀន ដូចជា​បង្កើន​ការទប់ស្កាត់​ការផលិត និង​បង្ក្រាប​ទីតាំង​ផលិត​កែច្នៃ​គ្រឿងញៀន ទប់ស្កាត់​ការជួញដូរ ការ​ចែកចាយ​គ្រឿងញៀន​នៅតាម​ច្រកព្រំដែន ច្រក​ផ្លូវទឹក និង​ផ្លូវអាកាស និង​ទប់ស្កាត់​ការប្រើប្រាស់ និង​បង្ក្រាប​ទីតាំង​ប្រើប្រាស់​គ្រឿងញៀន៕



Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com