ជាតិ
សង្គមជាតិ
អាជ្ញាធរ​អប្សរា​បញ្ជាក់ថា​ខ្លួន​គ្មាន​សមត្ថកិច្ច​ហាមឃាត់​ការពាក់​ឯកសណ្ឋាន​យោធា​ចូល​ប្រាសាទ​ទេ
31, Jul 2015 , 4:59 pm        
រូបភាព
រូបភាព៖ ហ្វេសប៊ុក
រូបភាព៖ ហ្វេសប៊ុក
សៀមរាប៖ បន្ទាប់ពី​មានការ​ស្តីបន្ទោស​ស្ថាប័ន​អាជ្ញាធរ​អប្សរា ថា​បាន​បណ្តែតបណ្តោយ​ឲ្យ​មន្ត្រី​យោធា​វៀតណាម ពាក់​ឯកសណ្ឋាន​ចូល​ប្រាសាទអង្គរវត្ត​រួចមក នៅថ្ងៃនេះ​អាជ្ញាធរ​អប្សរា បាន​ចេញមុខ​បកស្រាយ និង​បាន​ពន្យល់​ពី​សមត្ថកិច្ច​របស់ខ្លួន។ បើតាម​អាជ្ញាធរ​អប្សរា ខ្លួន​មាន​សមត្ថកិច្ច​ត្រឹម​ការហាមឃាត់​ការ​ស្លៀកពាក់​ស៊ិ​ច​ស៊ី​ចូល​ប្រាសាទ​តែប៉ុណ្ណោះ។



ក្នុង​សេចក្តីបំភ្លឺ​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី ៣១ កក្កដា​នេះ អាជ្ញាធរ​អប្សរា​ដែលមាន​តួនាទី​គ្រប់គ្រង និង​អភិរក្ស​រមណីយដ្ឋាន​អង្គរ សម្តែង​ការមិន​ពេញចិត្ត​ចំពោះ​ការចោទប្រកាន់​មកលើ​ស្ថាប័ន​ខ្លួន ថា​បាន​បណ្តោយ​ឲ្យ​យោធា​ម្នាក់ ពាក់​ឯកសណ្ឋាន​យោធា​ឡើង​រូត​បាកាណ នៃ​ប្រាសាទអង្គរវត្ត។ អាជ្ញាធរ​អប្សរា តាម​ការពន្យល់​ពី​ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ លោក ឡុង កុសល បាន​បញ្ជាក់ថា អាជ្ញាធរ​អប្សរា​មាន​សមត្ថកិច្ច​ត្រឹម​ហាមឃាត់​ភ្ញៀវទេសចរ ដែលមាន​សំលៀកបំពាក់​មិន​សមរម្យ ឫ​ស៊ិ​ច​ស៊ី​ចូលក្នុង​ប្រាសាទ​តែប៉ុណ្ណោះ ដោយឡែក​គ្មាន​សម្រាប់​ហាម​ភ្ញៀវទេសចរ ស្លៀកពាក់​ឯកសណ្ឋាន​យោធា​ចូល​នោះទេ។

ថ្មីៗនេះ បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​បង្ហោះ​រូបភាព​បុរស​ម្នា​ក់ពាក់​ឯកសណ្ឋាន​យោធា​ក្នុង​ប្រាសាទខ្មែរ និង​ថា អាជ្ញាធរ​អប្សរា បណ្តោយ​យោធា​ម្នាក់​នោះ ចូល​ដោយ​អនាធិបតេយ្យ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វប្បធម៌​ខ្មែរ។ ករណីនេះ លោក ឡុង កុសល បាន​ថ្កោលទោស និង​ថា​ព័ត៌មាន​ទាំងនោះ​មានបំណង​មិនល្អ​វាយប្រហារ ដល់​ស្ថាប័ន​អាជ្ញាធរ​អប្សរា។ លោក កុសល បានចាត់ទុក​ព័ត៌មាន​ទាំងនោះ ថា​បាន​អត្ថាធិប្បាយ​ក្នុងន័យ​បំពុលសង្គម  និង​ឲ្យ​មហាជន​គិត​មិនល្អ​ដល់​អាជ្ញាធរ​អប្សរា។ ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​អប្សរា ស្នើ​ឲ្យ​ពលរដ្ឋ ត្រូវ​ចេះ​ថ្លឹងថ្លែង​មុននឹង​អត្ថាធិប្បាយ​អ្វីមួយ។

«តាមរយៈ​កិច្ចប្រឹងប្រែង​របស់​ក្រុមការងារ​រៀបចំ​ផែនការ​គ្រប់គ្រង​ទេសចរណ៍​អង្គរ (TMP) នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បង្កើត​ក្រម​ប្រតិបត្តិ​សម្រាប់​ភ្ញៀវទេសចរ​គ្រប់រូប ដែល​ចូលមក​ទស្សនា​រមណីយ​ដ្ឋា​ន​អង្គរ។ ក្រុម​ប្រតិបត្តិ​នេះ​មាន៧ចំណុចសំខាន់ៗគឺ ការ​ស្លៀក​បំពាក់​ខើច​ខ្លី​មិន​សមរម្យ ការប៉ះពាល់​រូបចម្លាក់​ដែលមាន​សញ្ញា​ហាមឃាត់ ការ​អង្គុយ​លើ​បង្កាន់ដៃ​ដែល​ផុយស្រួយ ការថតរូប​បង្ហាញ​អវៈយវៈ​មិន​សមរម្យ ការជក់បារី ការចូល​ទៅកាន់​តំបន់​គ្រោះថ្នាក់​ដែល​ហាមឃាត់ និង​សកម្មភាព​បំផ្លិចបំផ្លាញ​ដល់​ចម្លាក់​ឬ​រចនាសម្ព័ន្ធ​ប្រាសាទ។ ទន្ទឹមនឹងនេះ ការ​បំពង​សំឡេង ឬ​ស្រែកច្រៀង​ឡូឡា​ជាដើម​ក្នុង​តំបន់​ប្រាសាទ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភ្ញៀវទេសចរ​ដទៃ​ក៏​ត្រូវបាន​ហាមឃាត់​ផងដែរ»។ នេះ​ជា​ខ្លឹមសារ​ចុងក្រោយ នៃ​សេចក្តីបំភ្លឺ​របស់​អាជ្ញាធ​រ​អប្សរា៕


© រក្សាសិទ្ធិដោយ thmeythmey.com