ជាតិ
សង្គមជាតិ
ក្រសួង​ស្នើ​ឲ្យ​ពលរដ្ឋ​ប្រយ័ត្ន​ចំពោះ​ជំងឺគ្រុនឈាម ដែល​អាច​ផ្ទុះ​រាតត្បាត​នៅ​ចន្លោះ​ឆ្នាំ២០១៥-២០១៧
01, Aug 2015 , 10:03 am        
រូបភាព
ដោយ: ថ្មីៗ
ក្នុង​រយៈពេល៦ខែ​ដើមឆ្នាំ២០១៥នេះ ជំងឺគ្រុនឈាម​បានកើត​ឡើង​ចំនួន២,៦៨៨ករណី កើនឡើង​ចំនួ​ន១,៤៤៣ករណី បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០១៤ ដែលមាន​ចំនួន១,២៤៥ករណី។ តួលេខ​នេះ ត្រូវបាន​បង្ហាញ​នៅក្នុង​របាយការណ៍​ជំងឺគ្រុនឈាមរបស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ប៉ារ៉ាស៊ីត​សាស្ត្រ-បាណក​សាស្ត្រ។



បើតាម​របាយការណ៍​ដ​ដែល ក្នុងចំណោមករណីគ្រុនឈាមទាំង​២,៦​៨​៨​ក​រ​ណី​ ​ករណី​ស្លាប់​មានតែ១០ករណី​ប៉ុណ្ណោះ ​ស្មើនឹង០.៤ភាគរយ និង​ទាប​ជាង​អត្រា​ស្លាប់​នៅ​ឆ្នាំ២០១៤ ដែលមាន០.៧ភាគរយ ក្នុងចំណោម១,២៤៥ករណី។ ខេត្ត​ក្រុង​ចំនួន៨ ដែល​រកឃើញ​មាន​ករណី​ជំងឺគ្រុនឈាម​ច្រើនជាងគេ រួមមាន​ខេត្តកំពង់ចាម សៀមរាប កំពង់ធំ កណ្តាល ក្រុងភ្នំពេញ បន្ទាយមានជ័យ ព្រៃវែង និង​ខេត្តកំពង់ស្ពឺ ហើយ៧១ភាគរយ​នៃ​ករណី​ជំងឺគ្រុនឈាម ត្រូវបាន​រកឃើញ​នៅលើ​កុមារ​អាយុ​ចន្លោះ​ពី៥ដល់១៤ឆ្នាំ។

តាម​ការវិភាគ​ទិន្នន័យ​របស់​អង្គការ​សុខភាព​ពិភពលោក ជំងឺគ្រុនឈាម​ក្នុង​សកលលោក បាន​កើនឡើង៣០ដង​ក្នុង​រយៈពេល៥០ឆ្នាំ​ចុង​ក្រោយនេះ ក្នុងនោះ​ប្រជាជន​ប្រមាណ២,៥០០លាន​នាក់ ប្រឈមមុខ​នឹង​ការឆ្លង​ជំងឺ ក្នុងចំណោម​ប្រទេស​ជាង១០០ប្រទេស។

បើទោះបីជា​ជំងឺគ្រុនឈាម​ឆ្នាំនេះ មានការ​កើនឡើង​ជាងឆ្នាំមុនៗ ប៉ុន្តែ​ថយចុះ​ករណី អ្នកស្លាប់​ក្តី មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ប៉ារ៉ាស៊ីត​សាស្ត្រ-បាណក​សាស្ត្រ នៅតែ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន ព្រោះថា​កន្លងមក​ករណី​ជំងឺគ្រុនឈាម​នៅ​កម្ពុជា តែងមាន​ការផ្ទុះ​ជាង​រៀងរាល់៣ទៅ៥ឆ្នាំ​ដូចជា​នៅ​ឆ្នាំ២៩៩៨(ករណី​ឈឺ១៦,២១៦ និង​ស្លាប់៤៧៥) ឆ្នាំ២០០៧(ករណី​ឈឺ៣៩,៤៦០ និង​ស្លាប់៤០៤នាក់) និង​នៅ​ឆ្នាំ២០១២(ករណី​ឈឺ៤០,៩០៩ និង​ស្លាប់១៨៩នាក់) មានន័យថា​ការផ្ទុះ​រាតត្បាត​ម្តងទៀត​អាច​នឹង​កើត​មាននៅ​ចន្លោះ​ឆ្នាំ២០១៥ និង២០១៧ ៕




© រក្សាសិទ្ធិដោយ thmeythmey.com